ជាតិ
តើ​«​វត្តភ្នំ​» និង​«​ភ្នំពេញ​»​មាន​ប្រវត្តិ​មកពីណា និង​មាន​ទំនាក់ទំនង​គ្នា​ដូចម្តេច​?
05, May 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​ត្រូវបាន​សាងសង់​ឡើងជា​លើកដំបូង​នៅក្នុង​ឆ្នាំ​១៤៣៤ ក្នុង​រជ្ជកាល​ព្រះបាទ​ពញាយ៉ាត​។ ភ្នំពេញ​គឺជា​ឈ្មោះ​ដូនចាស់​ម្នាក់​ឈ្មោះ​ពេញ​។ ដូនពេញ​ដែលជា​មនុស្ស​គួរ​ឲ្យ​គោរព​ស្រឡាញ់​ពី​អ្នកផង​ទាំងពួង និង​ប្រកបដោយ​សន្តាន​ចិត្ត​សប្បុរសធម៌​បានមក​តាំងទី​លំនៅ​ត្រង់​ម្តុំ​មាត់ទន្លេ​«​ចតុមុខ​»​ដែល​ជាទី​ប្រសព្វ​នៃ​ទន្លេមេគង្គ​លើ​,​មេគង្គ​ក្រោម​, ទន្លេសាប និង​ទន្លេបាសាក់​។
 
 
​ថ្ងៃមួយ​ក្នុង គ​.​ស ១៣៧២ ភ្លៀង​បាន​បង្អុរ​ចុះ​មួយ​មេ​យ៉ាង​ធំ​ធ្វើ​ឲ្យ​ទឹកទន្លេ​ជន់​លិច​ល្ហល្ហាច​។ ពេលនោះ​ដូនពេញ​ដែល​បាន​ចុះទៅ​កំពង់ទឹក​ស្រាប់តែ​ឃើញ​ដើម​គគីរ​ដ៏​ធំ​មួយ​ដើម​ត្រូវបាន​ទឹកទន្លេ​កួច​អណ្តែត​វិលវល់​នៅក្បែរ​ច្រាំង​។ ឃើញ​ដូច្នេះ ដូនពេញ​ក៏​ហៅ​អ្នកជិតខាង​ឲ្យ​មកជួយ​ទាញយក​ដើម​គគីរ​នោះមក​លើគោក​។ ពេល​ស្រង់ដើម​គគីរ​ចេញពី​ក្នុង​ទឹកបាន​ហើយ ដូនពេញ​ក៏​ប្រទះឃើញ​ព្រះពុទ្ធ​រូប​៤​ព្រះអង្គ​តូចៗ​ធ្វើ​ពី​សំរឹទ្ធិ និង​ទេវរូប​មួយអង្គ​ទៀត​ធ្វើ​ពី​ថ្ម ស្ថិតនៅក្នុង​ប្រហោង​ឈើ​គគីរ​នោះ​។​
 
​ដូនពេញ​មាន​សេចក្តីត្រេកអរ​ឥតឧបមា ហើយក៏​បាន​ចាត់​ការសង់​ខ្ទម​តូច​មួយ​សម្រាប់​តម្កល់​វត្ថុ​ជាទី​សក្ការៈ​ទាំងនោះ​ទុកជា​បណ្ដោះអាសន្ន​។ ក្រោយមក ដូនពេញ​ក៏​អំពាវនាវ​ឲ្យ​អ្នកជិតខាង​ជួយ​លើកដី​ពូន​ជា​កូនភ្នំ​មួយ ហើយ​បន្តិច​ម្តងៗ កូនភ្នំ​នោះ​ក៏បាន​ក្លាយទៅជា​ភ្នំ​ដ៏​ធំ​មួយ​។ ដូនពេញ​ក៏​ចាត់​ឲ្យ​គេ​សង់​ព្រះវិហារ​មួយ​ដើម្បី​តម្កល់​ព្រះ​ពុទ្ធរូប​សំរឹទ្ធិ​ទាំង​៤​អង្គ​។ ចំណែកឯ​ព្រះ​ពុទ្ធរូប​មួយអង្គ​ទៀត​ដែល​ធ្វើ​ពី​ថ្ម​ក៏ត្រូវ​បាន​គេ​ដង្ហែ​យកទៅ​តម្កល់​ក្នុង​អាសនៈ​មួយ​នៅឯ​ជើងភ្នំ​ប៉ែក​ខាងកើត​នៃ​ព្រះវិហារ​។​
 
​បន្ទាប់ពី​សាងសង់​ព្រះវិហារ​រួចហើយ ដូនពេញ​ក៏បាន​និមន្ត​ព្រះសង្ឃ​ឲ្យ​មក​គង់​នៅលើ​ជើងភ្នំ​នោះដែរ​។ គឺ​ចាប់តាំងពី​ពេលនោះ​ហើយ​ដែល​ទីតាំង​នោះ​ត្រូវបាន​គេ​ហៅ​ឈ្មោះថា​«​វត្តភ្នំ​ដូនពេញ​» ហើយ​ដែល​ក្រោយមក​ត្រូវគេ​ហៅ​កាត់​ថា "​វត្តភ្នំ​” រហូតមកដល់​សព្វថ្ងៃ​។ ឈ្មោះ​លោកយាយ​ពេញ​ដែលជា​អ្នក​សាងសង់​ទីក្រុង​នេះ​ក៏​ត្រូវគេ​យកទៅ​ប្រើ​ជា​ឈ្មោះ​ទីក្រុង​«​ភ្នំពេញ​»​ជា​រៀង​រហូតមក​។​
 
​ចំណែកឯ​ចេតិយ​នៅលើ​កំពូល​វត្តភ្នំ​ក៏ត្រូវ​គេ​ប្រើ​សម្រាប់​តម្កល់​អដ្ឋិធាតុ​របស់​ព្រះបាទ​ពញាយ៉ាត និង​គ្រួសារ​ព្រះរាជ​វង្ស​។​
 
​មុននឹង​ជ្រើស​រើសយក​ទីនេះ​ជា​រាជធានី ព្រះបាទ​ពញាយ៉ាត​បាន​សាងសង់​ព្រះរាជវាំង​លើកដំបូង​នៅត្រង់​ទន្លេចតុមុខ គឺ​នៅត្រង់​ព្រះរាជវាំង​សព្វថ្ងៃនេះ​តែម្តង​។ ប៉ុន្តែ នៅ​ឆ្នាំ​១៤៩៧ រាជធានី​ត្រូវបាន​រើ​ទៅ​តាំងនៅ​ក្រុង​អង្គរ​វិញ​។ ឆ្លងកាត់​ប្រវត្តិសាស្ត្រ​បត់បែន​នៃ​ប្រទេសជាតិ រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​។ រហូតដល់​ក្នុងអំឡុង​នៃ​រជ្ជកាល​ព្រះបាទ​នរោត្តម  ពោលគឺ​នៅក្នុង​ឆ្នាំ​១៨៦៥ ព្រះរាជវាំង​ថ្មី​មួយ​ត្រូវបាន​សាងសង់ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ចាប់តាំងពី​ពេលនោះ​មក ភ្នំពេញ​ក៏បាន​ក្លាយជា​រាជធានី​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រៀង​រហូតមក​។​
 
​កាលពី​ដំបូង​ឡើយ ភ្នំពេញ​គ្រាន់តែ​ជា​ភូមិ​អ្នកនេសាទ​តូច​មួយ​ដ៏​ស្ងៀមស្ងាត់​ដែល​ប្រជុំ​ដោយ​ផ្ទះ​សង់​ពី​ស្បូវ ពី​ឬ​ស្សី ឬក៏​ពី​ឈើ ខ្ពស់​ផុតពី​ដី​។ រយៈកាល​ក្រោយមក ទីក្រុង​នេះ​ក៏បាន​ស្គាល់​អភិវឌ្ឍនភាព​ជាប​ន្ត​បន្ទាប់​។ នៅ​ចុង​សតវត្សរ៍​ទី​១៩ អាណាព្យាបាល​បារាំង​បានធ្វើ​កិច្ចការ​ជាច្រើន​ដូចជា​ការជីក​ទំនប់ ធ្វើ​រុក្ខវិថី និង​សាងសង់​ស្ពាន​តូចៗ ដែល​ធ្វើ​ឲ្យ​ភ្នំពេញ​ក្លាយជា​ទីក្រុង​ដ៏​ស្រស់ស្អាត​ដាច់​គេ​នៅក្នុង​តំបន់​។ សង្កាត់​មួយ​ត្រូវបាន​សាងសង់ឡើង​នៅ​ប៉ែក​ខាងជើង​ទីក្រុង​ដោយ​យក​លំនាំ​តាម​ស្ថាបត្យកម្ម​អាណានិគម​ន៍​បារាំង​។ ផ្ទះ​ត្រូវបាន​សាងសង់​ជា​ជួរ​ដែលមាន​ផ្លូវ​ខ្វាត់ខ្វែង​អមដោយ​រុក្ខជាតិ​សងខាង​ផ្លូវ​។ គឺ​ក្នុងសម័យ​កាលនោះ​ហើយ​ដែល​ទីក្រុង​ភ្នំពេញ​បានក្លាយ​ជា​«​ទីក្រុង​គុជ​នៅ​អាស៊ី​»​។​
 
​នៅ​ដើម​សតវត្សរ៍​ទី​២០ ភ្នំពេញ​ក៏​កាន់តែ​រីកធំឡើង​ជា​លំដាប់ ដោយ​បន្តិច​ម្តងៗ ប្រឡាយ និង​ស្ពាន​ទាំងឡាយ​ត្រូវបាន​ជំនួស​ដោយ​សួនច្បារ​វិញ​។ នៅ​ឆ្នាំ​១៩៣៥ ការដ្ឋាន​សំណង់​ផ្សារ​ថ្មី​ក៏ត្រូវ​បានចាប់ផ្តើម​ឡើង​។ សំណង់​ស្ថាបត្យកម្ម​បេតុង​ដ៏​មហិមា​និង​ប្រកបដោយ​មហិច្ឆតា ហើយ​ដែល​ត្រូវបាន​សារព័ត៌មាន​អន្តរជាតិ​កោតស្ញប់ស្ញែង​ចំពោះ​ភាពទំនើប​របស់​វា​នោះ គឺជា​ជំហាន​ថ្មី​ដ៏​សំខាន់​មួយទៀត​នៃ​ដំណើរការ​អភិវឌ្ឍន៍រ​បស់​រាជធានី​ភ្នំពេញ​។​
 
​ក្រោយ​ការទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​សម្តេច នរោត្តម សីហនុ ព្រះប្រធាន​សង្គមរាស្ត្រនិយម យុវ​ស្ថាបត្យករ​ខ្មែរ​ក៏បាន​បង្កើត​ស្នាដៃ​ស្ថាបត្យកម្ម​ឯក​ជាច្រើន​ដោយ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ស្ថាបត្យកម្ម​បែប​ថ្មី​ដែល​សម្រប​តាម​និន្នាការ​ពិភពលោក ជាមួយនឹង​ស្ថាបត្យកម្ម​ខ្មែរ​សុទ្ធសាធ​។ សំណង់​ស្ថាបត្យកម្ម​ចម្រុះ​ទាំងនេះហើយ​ដែល​ផ្តល់​ឲ្យ​ទីក្រុង​ភ្នំពេញ​នូវ​រូប​ភាពជា​ទីក្រុង​ដ៏​ទំនើប​មួយ​។ សំណង់​អាកាសយានដ្ឋាន​ខ្នាត​អន្តរជាតិ និង​ការតភ្ជាប់​ភ្នំពេញ​ទៅ​ទីក្រុង​ព្រះសីហនុ​តាមរយៈ​ផ្លូវ​រថភ្លើង បានធ្វើ​ឲ្យ​ភ្នំពេញ​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​មួយ​។​
 
​ប៉ុន្តែ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​នៅ​ថ្ងៃទី​១៧​មេសា​ឆ្នាំ​១៩៧៥ ភ្នំពេញ​ក៏បាន​ធ្លាក់​ក្នុង​សុ​បិ​ន្ត​ដ៏​អាក្រក់​បំផុត​។ ប្រជាពលរដ្ឋ​ត្រូវបាន​គេ​បណ្តេញ​ចេញពីផ្ទះ​សម្បែង​ដោយ​បង្ខំ ហើយ​រយៈពេល​តែ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ប៉ុណ្ណោះ ទីក្រុង​ភ្នំពេញ​បានក្លាយ​ជាទី​ក្រុង​ខ្មោច​។ ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ទាំងឡាយ​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាង​ខ្ទេចខ្ទាំ​គួរ​ឲ្យ​សង្វេគ​។​
 
​ថ្ងៃ​៧​មករា​១៩៧៩ ភ្នំពេញ​ត្រូវបាន​រំដោះ​ចេញពី​ស្ថានភាព​គួរ​ឲ្យ​ភ័យខ្លាច​នេះ​។ ភ្នំពេញ​ក៏បាន​ចាប់ផ្តើម​មានជីវិត​រស់​រវើក​ឡើងវិញ​។ ដោយ​ការប្តេជ្ញា​ថា​នឹងមិន​អនុញ្ញាត​ឲ្យ​ទីក្រុង​នេះ​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​សារជាថ្មី​ម្តងទៀត​នោះ អាជ្ញាធរ និង​ប្រជាពលរដ្ឋ បាន​ផ្តើម​ស្តារ និង​កសាង​ប្រទេស​ឡើងវិញ​យ៉ាងសកម្ម​។ ក៏ប៉ុន្តែ កាលណោះ ពួកគេ​បាន​ប្រឈមមុខ​នឹង​បញ្ហាលំបាក​ជាច្រើន​ក្នុង​ដំណើរការ​អភិវឌ្ឍ​ន៍ទី​ក្រុង​នេះ​។ សន្តិភាព​ពេញលេញ​ទូទាំងប្រទេស និង​ការបង្រួបបង្រួម​ផ្សះផ្សារ​ជាតិ​ទើបតែ​បានទទួល​នៅ​ចុង​ទសវត្សរ៍​១៩៩០​ប៉ុណ្ណោះ​ដោយសារ​នយោបាយ​ឈ្នះៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ចាប់តាំងពី​ពេលនោះ​មក ការស្តារ​ទីក្រុង​ភ្នំពេញ​ឡើងវិញ​បាន​ស្គាល់​សន្ទុះ​យ៉ាង​លឿន​ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​តាមរយៈ​សកម្មភាព​ដ៏​គគ្រឹកគគ្រេង​នៃ​ការដ្ឋាន​សំណង់​នានា​។ ភ្នំពេញ​ក៏បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​អ្នកវិនិយោគទុន ក៏ដូចជា​អ្នកទេសចរ​ដែរ​។ 
 
​មិនយូរប៉ុន្មាន ស្នាមរបួស​ក្នុង​អតីតកាល​ត្រូវបាន​ព្យាបាល​។  ភ្នំពេញ​ក៏បាន​ប្រែប្រួល​មុខមាត់​ថ្មី​នៅលើ​វិថី​ប្រកបដោយ​ភាពស្រស់​បំព្រង និង​កំពុង​កសាង​អនាគត​របស់ខ្លួន​តាម​រយៈ​ភាពសម្បូរ​បែប​នៃ​គំរោង​នគរូបនីយកម្ម និង​គំរោង​អចលនទ្រព្យ​ដ៏​សម្បូរបែប ដែល​ផ្តល់​កាលានុវត្តភាព​ថ្មី​ដល់​«​ទីក្រុង​គុជ​អាស៊ី​»​មួយ​នេះ​ឲ្យ​មាន​សន្ទុះ​ឆ្ពោះទៅកាន់​អនាគត​ដ៏​រុងរឿង​មួយ​ដែល​កំពុង​ទន្ទឹងរង់ចាំ​នៅពេល​ខាងមុខ​៕
 
អត្ថបទ​ទាំងស្រុង​បាន​ដកស្រង់​ចេញពី​សៀវភៅ​«​ភ្នំពេញ​រាជធានី​ចតុមុខ​»
 

© រក្សាសិទ្ធិដោយ thmeythmey.com