ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​ខេត្តសៀមរាប​ខ្លះ​ប្រឈម​នឹង​ការបាត់បង់​អាជីព​ដោយសារ​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​
23, Jan 2020 , 1:39 pm        
រូបភាព
ភ្ញៀវទេសចរណ៍ចូលទស្សនាប្រាសាទអង្គរវត្ត ដោយដើរឆ្លងស្ពាននៅមុខប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
ភ្ញៀវទេសចរណ៍ចូលទស្សនាប្រាសាទអង្គរវត្ត ដោយដើរឆ្លងស្ពាននៅមុខប្រាសាទអង្គរវត្ត នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
ដោយ: VOA
​សៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​ដែល​ប្រកប​របរ​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​កំពុង​ជួប​ការលំបាក​ជាខ្លាំង បន្ទាប់ពី​ភ្ញៀវទេសចរ​នៅក្នុង​ខេត្ត​នេះ​បាន​ធ្លាក់ចុះ​នៅក្នុង​ឆ្នាំ​២០១៩ កន្លងមកនេះ​។​
 
​អ្នករស់នៅ​ក្នុង​ខេត្តសៀមរាប ដែលមាន​មុខរបរ​ដូច​ជា​មគ្គុទេសក៍​ទេសចរណ៍ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ អ្នករត់​តាក់ស៊ី ម៉ូតូ​កង់​បី អ្នកលក់​វត្ថុ​អនុស្សា​វរិ៍​យ និយាយថា ការធ្លាក់ចុះ​នេះ​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ប្រាក់ចំណូល​ប្រចាំថ្ងៃ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ បង់​ធនាគារ និង​ការចំណាយ​ចំ​បាច់​ផ្សេងៗ​ទៀត​។​
 
​អ្នកស្រី ព្រាប យ៉ា អាយុ ៣១​ឆ្នាំ ជា​អាជីវករ​នៅមុខ​ប្រាសាទអង្គរវត្ត​។ អ្នកស្រី​លក់​ខោអាវ កន្សែង បង់ក មួក ស្បែកជើង​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​អស់​រយៈពេល​១០​ឆ្នាំ​កន្លងមកហើយ​។ អ្នកស្រី​ប្រាប់​វី​អូ​អេ​ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង ហើយ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​របស់​អ្នកស្រី​បានមកពី​ការលក់​ក៏បាន​ធ្លាក់ចុះ​យ៉ាងច្រើន​ដែរ​។​
 
​‍​​«​ពីមុន​ចំណេញ​បាន​១​ថ្ងៃ ៤​ម៉ឺន​៥​ម៉ឺន ឆ្នាំមុនៗ តែ​ដល់​ចូលឆ្នាំ​នេះ​មក​ធ្លាក់​ភ្ញៀវ​មក​អត់​សូវ​ចំណេញ​ច្រើន​ទេ ចំណេញ​១​ថ្ងៃ​២​ម៉ឺន ២៥០០០ ពេលខ្លះ​ធ្លា​ក់នៅ​១៥០០០​ប៉ះ​ថ្ងៃ​ខ្លះ​អត់​បាន​កៅឆាយ​ក៏មាន​»​។​
 
​អ្នកស្រី ព្រាប យ៉ា ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​ទៀត ដែល​រង​ផលប៉ះពាល់​ដោយសារតែ​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​
 
​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ចូលមក​លេង​ខេត្តសៀមរាប​មានការ​ធ្លាក់ចុះ​១៥​ភាគរយ ពោលគឺ​ស្មើ​ប្រហែល​៣​សែន​នាក់ បើ​ធៀប​ទៅ​ឆ្នាំ​២០១៨​។​


អ្នកស្រី ព្រាប យ៉ា ជាអាជីវករនៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)


អ្នកស្រី គឹម ណារីន ជាអាជីវករនៅមុខប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
 
​នៅ​ម្ខាង​ទៀត​នៃ​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត តូប​ប្រក់​ស្បូវ​ប្រហែល​៥​ម៉ែត្រ បួន​ជ្រុង​ដែលមាន​លក់​ខោអាវ គ្រឿង​ចម្លាក់​ឈើ ថ្ម និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​។ ក្នុង​រយៈពេល​ប្រហែល​ជិត​១​ម៉ោង មាន​ភ្ញៀវទេសចរ​ខ្មែរ​តែ​ម្នាក់​ប៉ុណ្ណោះ​ចូល​ទិញ​អាវ​នៅទីនេះ​។​
 
​អ្នកស្រី គឹម ណា​រី​ន អាយុ​៤១ ឆ្នាំ ជា​ម្ចាស់​តូប​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​។ អ្នកស្រី​ថា នៅក្នុង​ឆ្នាំ​២០១៩​កន្លងមកនេះ ប្រាក់ចំណេញ​របស់​អ្នកស្រី​បាន​ធ្លាក់ចុះ​ប្រហែល​ជាង​៥០​ភាគរយ ហើយ​ពេលនេះ​ការលក់​របស់​អ្នកស្រី​ពឹងផ្អែក​លើ​ភ្ញៀវ​ជាតិ​តែប៉ុណ្ណោះ​។​
 
«​ថ្ងៃ​ណា​ក៏បាន​១០​ទៅ​២០[​ដុល្លារ​] ឆ្នាំមុន​វា​អាច​បាន​លើស​នេះ ៥០ ៦០ ៧០ [​ដុល្លារ​]  អីចឹង​ទៅ ចំណូល​វា​បាន​លើស​ឆ្នាំនេះ ពួក​ខ្ញុំ​បាន​ខ្មែរ​ទេ ខ្ញុំ​អត់​មានសង្ឃឹម​បរទេស​ទេ ចាំ​បរទេស ទិញ​ដាច់បាយ​ហើយ​»​។​
 
​អាជីវករ​លក់​របស់​របរ​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅ​ផ្សារ​ចាស់ និង​ផ្សារ​រាត្រី​នៅក្នុង​ខេត្តសៀមរាប ក៏បាន​ត្អូញត្អែរ​ពី​ការបាត់បង់​ប្រាក់ចំណូល​យ៉ាងខ្លាំង​នៅក្នុង​ឆ្នាំ​២០១៩​នេះ ស្រដៀងៗ​គ្នា​ទៅនឹង​អាជីវករ​លក់​នៅមុខ​ប្រាសាទអង្គរវត្ត​ដែរ​។ អាជីវករ​មួយចំនួន​បានសម្រេច​ចិត្ត​បោះបង់​មុខរបរ​នេះ​ចោល បន្ទាប់ពី​មិនអាច​ទ្រាំទ្រ​នឹង​ការបាត់បង់​ប្រាក់ចំណូល​ក្រោយពី​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​នេះ​។​
 
​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ចាស់​ក្នុង​ខេត្តសៀមរាប លោក វ៉ន បូរាណ អាយុ​៣២​ឆ្នាំ កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​ភ្នែក​កំពង់​រំពៃ​រក​ភ្ញៀវ​។ លោក​ប្រាប់​វី​អូ​អេ​ថា លោក​រត់​ម៉ូតូ​កង់​បី​ដឹក​ភ្ញៀវទេសចរ​ជាង​១០​ឆ្នាំ​មកហើយ ក៏ប៉ុន្តែ​មិនដែល​មាន​ឆ្នាំ​ណា​ភ្ញៀវទេសចរ​ធ្លាក់​ខ្លាំង​ដូច​ឆ្នាំ​២០១៩​នោះទេ​។​
 
«​ពីរ បី​ឆ្នាំមុន​ដែល​ភ្ញៀវ​សម្បូរ ពេល​នៅក្នុង​រដូវ​សម្បូរ​ភ្ញៀវ​នេះ​ជា​មធ្យម ខ្ញុំ​អាច​រកបាន ១៥​ដុល្លារ ក្នុង​មួយថ្ងៃ តែ​ឆ្នាំនេះ​ក្នុង​ខែ​នេះ​ដូចគ្នា មួយអាទិត្យ ខ្ញុំ​រក​អត់​បាន​២០​ដុល្លារ​ទេ​។ ចឹ​ង​វា​យ៉ាប់​មែនទែន​លើ​ការចាយវាយ​ចំណាយ​ទៅលើ​ក្រុមគ្រួសារ គឺ​រាល់​ខែ​ខ្ចីលុយ​គេ​ចាយ​រហូត​ដំណាក់កាល​ចុងក្រោយ ប្រហែលជា​ចំណាកស្រុក ពីព្រោះ​នៅក្នុង​ស្រុក​អត់​មាន​ការងារ​ធ្វើ​ទេ​»​។​
 
​លោក​បាន​ឲ្យ​ដឹង​បន្តថា​៖ «​មើលទៅ​រដ្ឋាភិបាល​ដូច​យកចិត្តទុកដាក់ តែ​ដូច​បានតែ​មាត់ ពីព្រោះ​ការដឹកនាំ​ទាំងអស់​ដូច​អត់​ដែរ​បានទទួល​កំហុស​ផង​»​។​


លោក វ៉ន បូរាណ អ្នករត់ម៉ូតូកង់បីដឹកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)


តូបលក់វត្ថុអនុស្សាវរីយ៍នៅមុខប្រាសាទអង្គរវត្តមានសភាពស្ងប់ស្ងាត់ នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
 
​លោក ខៀវ ធី ជា​ប្រធាន​សមាគម​ម​គ្គុស​ទេស​ក៍​ទេសចរណ៍​អង្គរ និង​ម​គ្គុស​ទេស​ក៍​ទេសចរណ៍​ភាសា​អង់គ្លេស​។ លោក​ធ្វើការ​នេះ​អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ​។ លោក​បាន​ឲ្យ​ដឹងថា កត្តានយោបាយ សេដ្ឋកិច្ចពិភពលោក អាកាសធាតុ​ឡើង​កំដៅ អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរាចរណ៍ និង​សេវាកម្ម​ប៉ូលីស​អន្តោប្រវេសន៍​នៅតាម​ច្រកព្រំដែន គឺ​សុទ្ធតែជា​កត្តា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ធ្លាក់ចុះ​។​
 
​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​លើ​វិស័យ​ទេសចរណ៍​នេះ បើ​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​នៅ​សៀមរាប​ភាគច្រើន​ដែល​ពឹង​អាស្រ័យ​លើ​វិស័យ​ទេសចរណ៍​នឹង​បន្ត​ជួប​បញ្ហាលំបាក​ផ្នែក​ជីវភាព​កាន់តែខ្លាំង​ទៅៗ​។​
 
«​ភ្ញៀវ​ឆ្នាំ​១៧ ១៨ យើង​រកលុយ​បាន​ច្រើន យើង​បាន​១៥​ថ្ងៃ​ក្នុង​មួយខែ តែ​ឆ្នាំនេះ យើង​រកបាន​តែ​បួន​ឬ​ប្រាំ​ថ្ងៃ ចឹ​ង​អ្នក​ដែល​ជំពាក់​ធនាគារ ជួនកាល​គាត់​ខ្ចីលុយ​ធនាគារ​ដើម្បី​ទិញ​ឡាន​រត់​តាក់ស៊ី​ដឹក​ភ្ញៀវ គាត់​ខ្ចីលុយ​ដើម្បី​ទិញ​ផា​ស់អាប់​(PassApp) ខ្ចីលុយ​ដើម្បី​ទិញ​តុ​ក តុ​ក ចឹ​ង​គាត់​រំពឹងថា នឹង​បាន​លុយ​គាត់​រកបាន​សង​បណ្តោះ​ទៅ​គេ​វិញ​។ តែបើ​អត់​ភ្ញៀវទេសចរ​តែ​ដូច​របៀប​ឆ្នាំ​២០១៩​នេះ យើង​បារម្ភ​ថា វា​អាចមាន​បញ្ហា​ភាពក្រីក្រ​កើតមានឡើង ហើយ​អាចមាន​បញ្ហា​ជាមួយនឹង​ធនាគារ​ដែល​គេ​រឹបអូស​យក​ដីធ្លី​ទ្រព្យសម្បត្តិ​គាត់​»​។​
 
​ជាមួយគ្នានេះដែរ លោក គឹម ហាក់ ជាម​គ្គុស​ទេស​ក៍​ទេសចរណ៍​ភាសា​ចិន​ជាង​២០​ឆ្នាំ បាន​ឲ្យ​ដឹងថា លោក​បាន​ដូរ​អាជីព​ទៅជា​អ្នកបកប្រែ​ជា​បណ្តោះអាសន្ន​សិន បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងគំហុក​នៃ​ភ្ញៀវទេសចរ​។​
 
​លោក​បាន​បន្តថា នៅក្នុង​រយៈពេល​ខាងមុខ​នេះ លោក​ហាក់ដូចជា​មិនមាន​សង្ឃឹម​ចំពោះ​កំណើន​ភ្ញៀវទេសចរ​នោះទេ ស្រប​ពេលដែល​ស្ថានភាព​នយោបាយ​កម្ពុជា​កំពុង​ច្របូកច្របល់​ថែមទៀត​នោះ​។​
 
«​ខែ​នេះ​ម៉ោង​នេះ​ពេលនេះ ពួក​ខ្ញុំ​ម​គ្គុ​សទេស​ក៏​ខ្លះ​គឺ​ដេក​ស៊ីម៉ង អត់​មាន​ភ្ញៀវ​ទេ ចឹ​ង​យើង​សុខចិត្ត​លក់​ម៉ូតូ លក់​ឡាន ចងការ ដេញ​តុងទីន យកលុយ​មក​ដើម្បី​បង្វិល​ក្នុង​ជីវភាព​។ គ្រាន់តែ​មិត្ត​ភ័ក្តិ​ខ្ញុំ វា​ដេក​អត់​មាន​ភ្ញៀវ​ឡើង​មួយខែ ខ្លះ​ពីមុន​វា​ដើរ​ប្រាំ​ក្រុម ២៥​ថ្ងៃ​។ ឥឡូវ​គាត់​អត់​មាន​ផង ជួនកាល​ដើរ​បាន​មួយក្រុម គាត់​ជា​អ្នក​នាំ​ភ្ញៀវ​ដែល​ល្អ ឆ្លាត យ៉ាងណា​ក៏​ដើរ​បានតែ​មួយក្រុម​»​។​




ខណៈចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ ត្រូវបានដាក់ជួល ឬលក់ នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
 
​សារមន្ទីរ​អង្គរ​ដែល​បាន​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៥ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​របស់​កូរ៉េខាងជើង​មានតម្លៃ​ជាង ២០​លាន​ដុល្លារ​អាមេរិក និង​សណ្ឋាគារ​អប្សរា​អង្គរ​លំដាប់​ផ្កាយ​៤ ដែល​បាន​បើក​ដំណើរការ​អស់​រយៈពេល​ជិត​២០​ឆ្នាំ ក៏បាន​ប្រកាស​ផ្អាក​ដំណើរការ​កាលពី​ថ្មីៗ​នេះដែរ ដោយសារ​វិបត្តិ​ផ្នែក​សេដ្ឋកិច្ច​។​
 
​ក្រៅពីនេះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ មួយចំនួនទៀត​ក៏បាន​ផ្អាក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ផងដែរ​។​
 
​លោក កៅ ហ្វី​លី​ព ( PHILIP KAO) ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប​មានប្រសាសន៍ថា ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​គួរតែ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មានការ​កើនឡើង​វិញ​។​
 
​លោក​បញ្ជាក់ថា បើ​ទេសចរណ៍​នៅ​បន្ត​ធ្លាក់ចុះ​បែបនេះ​ទៀត មុខរបរ​ដែល​ទាក់ទង​នឹង​ទេសចរណ៍​មួយចំនួន​ប្រឈមមុខ​នឹង​ការបិទទ្វារ​។​
 
«​ការប្រកប​អាជីវកម្ម​មួយ​តែម្តង ប្រសិនជា​ប្រឈមមុខ​នឹង​ការ​ខាត​រាប់​ខែ​រាប់​ឆ្នាំ ខ្ញុំ​គិតថា វា​មិនអាច​ទ្រាំទ្រ​ទៅមុខទៀត​បាន ក្រៅពី​បិទ​អាជីវកម្ម​ទេ​។ ដូច​មិត្តភក្តិ​ខ្ញុំ​ខ្លះ​គាត់​ធ្លាប់​លើក​ថា ឥឡូវនេះ​ប្រកប​វិស័យ​សណ្ឋាគារ​និង​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដើម្បី​ឲ្យ​មានដំណើរ​ការ​នៃ​អាជីវកម្ម​របស់ខ្លួន​បាន ទាល់តែ​អាច​ប្រឹង​ទៅ​លក់​ទ្រព្យសម្បត្តិ​ខ្លួនឯង ដូចជា​ដី ដូចជា​ស្អី​ចឹ​ង​ទៅ ដើម្បី​យកមក​ទប់​ចឹ​ង​»​។​


ភ្ញៀវទេសចរណ៍ដើរទស្សនាផ្សាររាត្រីមួយកន្លែងនៅខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ធីតា វីន/VOA)
 
VOA សំឡេង​សហរដ្ឋអាមេរិក​ព្យាយាម​ទាក់ទង​លោក ងូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​ជាច្រើន​ដង តែ​លោក​តែងតែ​ឆ្លើយថា​ជាប់រវល់​ប្រជុំ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា មន្ទីរ​ទេសចរណ៍ និង​ក្រុមមន្ត្រី​ថ្នាក់​ខេត្ត​ដែល​ពាក់ព័ន្ធ​ទាំងអស់​កំពុង​ព្យាយាម​រៀបចំ​តំបន់​ទេសចរណ៍ធម្មជាតិ​បន្ថែមទៀត និង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​។ លោក​ស​ង្ឈឹ​ម​ថា ភ្ញៀវទេសចរ​នឹងមាន​ការកើនឡើង​វិញ​ក្នុង​ឆ្នាំ​២០២០​នេះ​។​
 
«​ជំរុញ​ឲ្យ​មាន​ភ្ញៀវទេសចរ​ត្រឡប់មក​ខេត្តសៀមរាប​យើង​វិញ តែ​យើង​ត្រូវមាន​កត្តា​មួយចំនួន គឺ​ឥឡូវនេះ​បញ្ហា​ចម្បង​ធំ​គឺ​រឿង​ផ្លូវ មួយទៀត​គឺ​យើង​ត្រូវតែ​ធ្វើយ៉ាងណា​រៀបចំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ឲ្យ​បាន​ច្រើន គឺ​យើង​ព្យាយាម​រៀបចំ​នូវ​តំបន់​អេកូ​ទេសចរណ៍​។ ចឹ​ង​យើង​មានដូចជា​បឹង​ទន្លេសាប ភ្នំ​គូ​លេន ហើយ​និង​ប្រហែល​ជាមាន​តំបន់​ផ្សេងៗ​ដែល​យើង​អាច​ទាក់ទាញ​បានជា​វាលស្រែ​ជាដើម នៅតាម​ជនបទ​»​។​
 
​ខេត្តសៀមរាប​គឺជា​ខេត្ត​មួយ​ដែល​ស្រូប​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​រៀងរាល់ឆ្នាំ​ភ្ញៀវទេសចរ​ប្រហែល​ជាង​២​លាន​នាក់ លេង​ខេត្ត​នេះ ដែល​អាច​ផ្តល់​ចំណូល​ប្រហែលជា​១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕

© រក្សាសិទ្ធិដោយ thmeythmey.com