ជាតិ
សង្គមជាតិ
លោក លឹម ក​ញ្ច​រ៉ុង​៖«​អាំង​ប៉ាវ​ពី​ចាស់ៗ​គឺ​នាំ​សំណាង រីឯ​អាំង​ប៉ាវ​ពី​ក្មេងៗ​បង្ហាញ​ពី​កតញ្ញូ​»
12, Feb 2021 , 5:28 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ជនជាតិ​ចិន ឬ​អ្នក​កាត់​ស្រ​ឡាយ​ចិន តែងតែ​រៀបចំ​អាំង​ប៉ាវ​ឲ្យ​ក្រុមគ្រួសារ ឪពុកម្តាយ និង​កូនចៅ​ដែល​នៅ​ទីជិត និង​ទី​ឆ្ងាយ ដោយ​ផ្តល់​ជា​ទឹកប្រាក់ ឬ​វត្ថុ​មានតម្លៃ​ផ្សេងៗ​។ តាម​ប្រពៃណី​របស់​ចិន ការចែក​អាំង​ប៉ាវ​ដល់​ក្រុមគ្រួសារ គឺជា​ការនាំ​សំណាង នាំ​លាភ នាំ​ជ័យ ដល់​បុគ្គល​អ្នក​ឲ្យ និង​អ្នកទទួល​។ បើតាម លោក លឹម ក​ញ្ច​រ៉ុង គ្រូ​ភាសា​ចិន នៅ​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា​-​អាស៊ាន ចាស់ៗ​ដែល​ឲ្យ​អាំង​ប៉ាវ​ដល់​ក្មេង គឺ​នាំ​សំណាង​ឲ្យ​ក្មេង សម្រាប់​ក្មេងៗ​ដែល​ឲ្យ​អាំង​ប៉ាវ​ដល់​ចាស់ៗ​គឺ​បង្ហាញ​ពី​ភាព​ដឹងគុណ​។

 
​សម្រាប់​អ្នក​ដែល​ផ្តល់​អាំង​ប៉ាវ​ដល់​សាច់ញាតិ ឪពុកម្តាយ តែង​ទទួលបាន​ពរជ័យ ឲ្យ​មាន​ភាព​ចម្រុងចម្រើន​លើ​ការរកស៊ី រៀន​ពូកែ មាន​សុភមង្គល សម្បូរ​សប្បាយ​។  ចំណែក​អ្នក​ដែល​បានទទួល​អាំង​ប៉ាវ ក៏​ទទួលបាន​លាភ​សំណាង​ដូចគ្នា​ផងដែរ​។ លោកគ្រូ លឹម ក​ញ្ច​រ៉ុង បញ្ជាក់​ដូច្នេះ​ថា​៖«​នៅពេល​ថ្ងៃទី​១​នៃ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ហ្នឹង​ដែល​ថ្ងៃ​ចែក​អាំង​ប៉ាវ​ដល់​ក្មេងៗ និង​អ្នក​ដែល​មិនទាន់មាន​គូ គឺ​ដើម្បី​ឲ្យ​គាត់​មាន​ភាព​រីកចម្រើន អាយុ​ជឿន​យូរ មាន​សុខ​ភាពល្អ កុំ​ឲ្យ​មាន​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ​ក្នុង​មួយឆ្នាំ​ហ្នឹង​»​។​
 
​បើតាម​ជំនឿ​ចិន អ្នក​ដែល​អាច​ផ្តល់​អាំង​ប៉ាវ​បាន គឺជា​អ្នក​ដែល​បាន​រៀបការ​ហើយ​។ ប៉ុន្តែ​ទស្សនៈ​បែបនេះ ពលរដ្ឋ​ចិន និង​អ្នក​កាត់​ចិន លែង​ប្រកាន់ខ្ជាប់​ទស្សនៈ​បែបនេះ​ទៀតហើយ ដោយ​យល់ថា ការផ្តល់​អាំង​ប៉ាវ គឺ​នរណា​ក៏​អាច​ផ្តល់​បានដែរ ហើយ​ការ​ឲ្យ​អាំង​ប៉ាវ​នោះ​ក៏​មិន​ប្រកាន់​ថា​តិច ឬ​ច្រើន​ដែរ គឺ​សុទ្ធតែ​បង្ហាញ​ពី​ទឹកចិត្ត​។  
 
​លោក រៀបរាប់​ដូច្នេះ​ថា​៖«​នៅ​ក្មេងៗ​ឆាប់​ទទួល​ជំងឺ​ជាង​មនុស្ស​ចាស់ ភាព​សាំ​របស់គាត់​នៅ​ទាប ការ​រាតត្បាត​ទាំង​ផ្លូវ​ភ្លឺ និង​ផ្លូវ​ងងឹត គឺ​ឆាប់រហ័ស​ជាង​មនុស្ស​ធំ​។ អ៊ីចឹង​ហើយ​បាន​គេ​ឲ្យ​អាំង​ប៉ាវ​ទៅ​ក្មេងៗ ឬ​អ្នក​ដែល​មិនទាន់មាន​គូ​។ ការពិតទៅ​ការផ្តល់​អាំង​ប៉ាវ​ហ្នឹង បង្ហាញ​ពី​ភាពល្អ និង​នាំ​សំណាង​ដែល​មិន​ស្ថិតនៅ​លើទឹក​លុយ​ទេ​។ តិច ឬ​ច្រើន ក៏​ជា​ទឹកចិត្ត​ដែរ​។ មួយ​វិញ​ទេ មិនមែន​ទាល់តែ​អ្នកមាន​គ្រួសារ​ហើយ​នោះទេ​ដែល​អាច​ឲ្យ​បាន យើង​ជា​កូន ឬ​អ្នក​ដែល​មិនទាន់​មានគ្រួសារ យើង​ក៏ត្រូវ​រៀបចំ​លុយកាក់ អាំង​ប៉ាវ ដើម្បី​ជូន​ដល់​ឪពុកម្តាយ សម្រាប់​ជាការ​ដឹងគុណ​ដល់​លោក​។ គាត់​ក៏​អាច​យកលុយ​ហ្នឹង​ទៅធ្វើ​បុណ្យទាន ហើយ​យើង​ក៏​ទទួលបាន​ផល​បុណ្យ​ខ្លះ​ផងដែរ​»៕ 
  

Tag:
 អាំង​ប៉ាវ​
 ​ចូលឆ្នាំ​ចិន​
 ​លុយ​
 ​ឪពុកម្តាយ​
 ​លឹម ក​ញ្ច​រ៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com