ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឈឺចាប់​រឿង​គ្រាប់ស្វាយចន្ទី​តែងតែ​ចុះថោក អ្នកស្រី ឡៃ​ហួត បង្កើត​សិប្បកម្ម​កែច្នៃ​ខ្លួនឯង
08, Feb 2020 , 6:59 pm        
រូបភាព
កំពង់ធំ​៖ តម្លៃ​កសិផល​បាន​ថោក នៅពេល​ប្រមូល​ផល មិនមែនជា​រឿង​ថ្មី​ឡើយ​នៅ​កម្ពុជា​។ តម្លៃ​កសិផល​គ្មាន​ស្ថិរភាព​នេះហើយ ដែល​បាន​ផ្លាស់ប្តូរ​ឋានៈ​របស់​អ្នកស្រី អ៊ិន ឡៃ​ហួត ពី​អ្នក​ដាំ​ស្វាយចន្ទី​ធម្មតា​ម្នាក់ មកជា​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាតតូច​មួយ ដែលមាន​ទីតាំង នៅ​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ អ្នកស្រី ឡៃ​ហួត បង្កើត​សិប្ប​កម្មនេះ រយៈពេល​១​ឆ្នាំ​ហើយ ដោយ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ស្រស់​៣៤​គ្រួសារ ដែល​កំពុង​ដាំ​ដុះ​ស្វាយចន្ទី​នៅលើ​ផ្ទៃដី​ជាង ៣៤០​ហិកតា​។
 
​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​ទៅកាន់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​មួយ មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​៣០ មករា ឆ្នាំ​២០២០ កន្លងមក​។  
 
​នៅពេល​មន្ត្រី​ទូត​អាមេរិក និង​ភ្ញៀវ​ដ​ទៀត​ទៅដល់ គេ​បានឃើញ​ស្ត្រី​ជាង​១០​នាក់ កំពុង​មមាញឹក​ធ្វើការ​ងារ​រៀងៗ​ខ្លួន ខ្លះ​គាប​គ្រាប់ស្វាយចន្ទី ខ្លះ​សម្អាត និង​អ្នកខ្លះ​វេច​ខ្ចប់​គ្រាប់ស្វាយចន្ទី​ដែល​បាន​កែច្នៃ​រួចរាល់​។ បុគ្គលិក​ទាំងនោះ សុទ្ធតែ​ពាក់​ស្រោមដៃ ម៉ាស់  និង​ពាក់មួក​ប្លា​ស្ទិ​ក​ស្តើង​ផង ដើម្បី​រក្សា​អនាម័យ​។ អ្នកស្រី អ៊ិន ឡៃ​ហួត ដែលជា​ម្ចាស់​សិប្បកម្ម ក៏បាន​យក​ឱកាស​នេះ រៀបរាប់​ពី​ដើមចម​នៃ​ការបង្កើត​សិប្បកម្ម​ខ្នាតតូច​របស់ខ្លួន​តែម្តង​។ 
 
​មាន​សម្បុរ​ស្រអែម​ស្រស់ មាន​ភាព​រួសរាយ​រាក់ទាក់ អ្នកស្រី ឡៃ​ហួត បន្ត​រៀបរាប់​ប្រា​ប់លោក W. Patrick Murphy អម​ជាមួយ​កាយវិការ​យ៉ាង​រស់​រវើក​ផង​ថា អ្នកស្រី​បង្កើត​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​ដើមឆ្នាំ​២០១៩ ហើយ​បច្ចុប្បន្ន មាន​បុគ្គលិក​១៥​នាក់​ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ​។ ការងារ​នៅក្នុង​សិប្បកម្ម ត្រូវបាន​បែងចែក​ជា​ពីរ​ក្រុម ដោយ​មួយក្រុម​ជា​អ្នក​គ្រាប់ស្វាយចន្ទី​ចេញពី​សំបក និង​ក្រុម​ទៀត ជា​អ្នក​សម្អាត​គ្រាប់ស្វាយចន្ទី​។ 
 
​កសិករ​វ័យ​៤៤​ឆ្នាំ​រូបនេះ បន្ត​រៀបរាប់​ទៀតថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ខ្លួន​បង្កើត​សិប្បកម្ម​ច្នៃ​គ្រាប់ស្វាយចន្ទី​នេះ ក៏ដោយ​សារ​វ​តែ​អ្នកស្រី ក៏ដូចជា​កសិករ​ផ្សេងទៀត​តែងតែ​រងគ្រោះ ព្រោះ​តម្លៃ​គ្រាប់ស្វាយចន្ទី​ចុះថោក ពេល​ប្រមូល​ផល​ម្តងៗ​។ អ្នកស្រី អ៊ិន ឡៃ​ហួត ដែល​បទពិសោធន៍​រយៈ​ពេល​៨​ឆ្នាំ លើ​ការដាំដុះ កែច្នៃ ទីផ្សារ និង​កិច្ចការ​មួយចំនួន​លើ​ផលិតផល​គ្រាប់ស្វាយចន្ទី​ផង​នោះ រៀបរាប់ថា​៖«​ដ្បិត​ខ្ញុំ​រៀនសូត្រ​បាន​ច្រើន ពី​បច្ចេកទេស​នានា លើ​ផលិតផល​ដំណាំ​គ្រាប់ស្វាយចន្ទី  ប៉ុន្តែ​ខ្ញុំ​នៅតែ​ជួប​បញ្ហា​តម្លៃ​គ្រាប់ស្វាយ​ចុះថោក ដោយសារតែ​យើង​គ្មាន​ទីផ្សារ និង​តម្លៃ​ណាមួយ​ច្បាស់លាស់ រវាង​អ្នកលក់ និង​អ្នកទិញ ធ្វើឱ្យ​ខ្ញុំ និង​កសិករ​ដទៃ​ប្រឈម​ការ​ខាត​»​។​
 
​សម្រាប់​អ្នកស្រី ឡៃ​ហួត សិប្បកម្ម​របស់ខ្លួន នឹងមិន​ត្រឹមតែ​បង្កើន​តម្លៃបន្ថែម​របស់​គ្រាប់​ចន្ទី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់ប្រាក់​ចំណូល​បន្ថែម​ដល់​កសិករ​ផងដែរ​។ អ្នកស្រី អ៊ិន ឡៃ​ហួត រៀបរាប់​ដូច្នេះ​៖«​ក្រៅពី​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​គ្រាប់ស្វាយចន្ទី​នៅលើ​ទីផ្សារ ជូន​ពលរដ្ឋ​មួយចំនួន សិប្បកម្ម​ខ្ញុំ​នេះ ក៏មាន​ឆន្ទៈ និង​គោលដៅ ចូលរួម​លុបបំបាត់​អំពើហិង្សា​ក្នុង​គ្រួសារ លុបបំបាត់​ភាពក្រីក្រ និង​ការ​ចំណាកស្រុក តាមរយៈ​ការផ្តល់​ការងារ​ឱ្យ​គាត់​ធ្វើ ដោយ​ទទួលបាន​ប្រាក់កម្រៃ​សមស្រប​មួយ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​រៀងខ្លួន​»​។​
 
​គ្រាប់ស្វាយចន្ទី​អាច​ប្រមូល​ផល​បាន​ចាប់ពី​ចុងខែ​កុម្ភៈ ដល់​ខែឧសភា​។ ហើយ​ក្នុង​រដូវ​ប្រមូល​ផល​ឆ្នាំនេះ អ្នកស្រី​ស្រី ឡៃ​ហួត មានលទ្ធភាព​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ស្រស់​បានតែ​ប្រមាណ​១០០​តោន​ប៉ុណ្ណោះ ដោយសារ​ខ្វះ​ដើមទុន និង​ដោយសារ​សិប្បកម្ម​ទើប​បង្កើត មិនទាន់មាន​លទ្ធភាព​កែច្នៃ​បាន​ច្រើន​។  អ្នកស្រី អ៊ិន ឡៃ​ហួត បាន​និយាយ​ដូច្នេះ​៖«​រាល់ថ្ងៃ​ក្នុង​រដូវ​គ្រាប់ស្វាយចន្ទី​ប្រមូល​ផល ចម្ការ​របស់​កសិករ​យើង ពួកគាត់​បាន​ផ្គត់ផ្គង់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ គឺមាន​ការកើនឡើងរ​ហូត​។ ដូច្នេះ ធ្វើឱ្យ​យើង​ខ្វះ​ទុន​សម្រាប់​ទិញ​គ្រាប់ស្វាយចន្ទី​ស្រស់​ពី​កសិករ​»​។ 
  
​ដើម្បី​ឆ្លើយតប​នឹង​កំណើន​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី របស់​កសិករ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​ចង់ឱ្យ​ផលិតផល​របស់ខ្លួន អាច​ឲ្យ​នាំ​ចេញទៅ​ក្រៅប្រទេស​ផង​នោះ អ្នកស្រី អ៊ិន ឡៃ​ហួត នឹង​សាង​សង់រោង​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ថ្មី ដោយ​សហការ​ជាមួយ​វិនិយោគិន​ពី​ក្រុមហ៊ុន​ជប៉ុន នៅក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០២០​នេះ​។ អ្នកស្រី បាន​អះអាង​ប្រាប់​សារព័ត៌មាន​ThemyThmey25 ថា សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ថ្មី​នេះ នឹង​ដំឡើង​សម្ភារ​សម្រាប់​កែច្នៃ​គ្រាប់ស្វាយចន្ទី  បន្ទប់​កែច្នៃ បន្ទប់​វេច​ខ្ចប់ និង​រក្សា​គុណភាព ឱ្យមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ  ព្រមទាំង​ធានាបាន​រសជាតិ​ឆ្ងាញ់ និង​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ​។​
 
​ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​រូបនេះ បាន​បន្ត​ដោយ​ភាព​ជឿជាក់ថា សិប្បកម្ម​ថ្មី​នេះ នឹង​រួមចំណែក​កាន់តែច្រើន ដល់​លើកកម្ពស់​ស្រី្ត និង​កាត់បន្ថយ​ការ​ចំណាកស្រុក តាមរយៈ​ការផ្តល់​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍ ពី​២០ ទៅ​៣០​នាក់​។ 
   
អ្នកស្រី អ៊ិន ឡៃហួត ស្ថិតនៅក្នុងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់អ្នកស្រី ក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

​ការខិតខំ​ប្រឹងប្រែងរ​បស់​អ្នកស្រី អ៊ិន ឡៃ​ហួត ត្រូវបាន​លោក W. Patrick Murphy កោតសរសើរ​ជាខ្លាំង​។ លោក Patrick និយាយថា អ្នកស្រី អ៊ិន ឡៃ​ហួត ជា​កសិករ​គំរូ​ល្អ​មួយរូប សម្រាប់​កសិករ​ខ្មែរ​ដទៃទៀត​ដែល​បាន​អភិវឌ្ឍ​ខ្លួន​ក្លាយជា​សហគ្រិន និង​បានរួម​ចំណែក​ជួយ ជំរុញ​ជីវភាព​គ្រួសារ​ខ្លួនឯង​ផង និង​ប្រជា​សហគមន៍​ផង​។ លោក W. Patrick Murphy បញ្ជាក់​ដូច្នេះ​៖ «​ខ្ញុំ​រីករាយ និង​លើកទឹកចិត្ត​ដល់​កសិករ​ខ្មែរ​គ្រប់រូប ឱ្យធ្វើជា​គំរូ​ល្អ​ដល់​អ្នកដទៃ ក្នុងការ​អនុវត្ត​ការងារ​កសិកម្ម ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​»​។​
 
​បើតាម​អគ្គរដ្ឋទូត​រូបនេះ ក្នុង​រយៈពេល​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​អាមេរិក​ជាមួយ​កម្ពុជា​មកនេះ អាមេរិក បានផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុង​កសិកម្ម ជិត​២,០០០​លាន​ដុល្លារ តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​(USAID) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម​ជាដើម​៕
 


Tag:
 កសិកម្ម​
  គ្រាប់ស្វាយចន្ទី​
  ស្រី្ត​
  សហគ្រិន​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com