ជាតិ
សម្ដេច ហ៊ុន សែន​៖ មន្ត្រី​ទាំងអស់​ប្រយ័ត្ន​គ្រោះថ្នាក់ ដោយសារ​ប្រពន្ធ និង​កូន​
25, Feb 2020 , 9:42 am        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​ទាំងអស់​មិនត្រូវ​បណ្ដែតបណ្ដោយ​ឱ្យ​ប្រពន្ធ និង​កូន ដើរ​អុកឡុក​គេ​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​ព្រមាន​មន្ត្រី​ខ្លួន ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះការបាត់បង់តួនាទី ដោយសារតែ​ប្រពន្ធ និង​កូន​។​

 
​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា មន្ត្រី​ខ្លះ​បំពេញការងារ​ល្អ​ណាស់ ប៉ុន្តែ​បែ​ជា​រងគ្រោះ​ដោយសារតែ​ប្រពន្ធ​លូកដៃ​ចូល​កិច្ចការងារ​ខ្លួន​ទៅវិញ​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖ «​ប្តី​ល្អ​ណាស់​ធ្វើការ ក៏ប៉ុន្តែ​ប្រពន្ធ​រកស៊ី(អចលនទ្រព្យ) ប្រពន្ធ​លូកលាន់(ការងារប្តី) ងាកមកកូន​ដើរ​គំរាមកំហែង​គេ ប្រើឥទ្ធិពលឪពុក។ រឿងចំណុចនេះ គឺជាចំណុចដែលសុំផ្ដាំផ្ញើទុក ហើយប្រសិនបើមន្ត្រីរបស់យើងនៅទូទាំងប្រទេសបានស្ដាប់ឮ ក៏សុំតែប្រយ័ត្ន…​។ ខ្មែរយើងស្អប់បំផុតប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ហ្នឹងគឺស្អប់ណាស់ ប្រយ័ត្នអាចំណុចហ្នឹង។ជួនកាលប្តីអត់រកស៊ីទេ តែបើកឱកាសឱ្យប្រពន្ធរកស៊ី (ប្តី)​ទៅ​កន្លែង​ណា​ក៏មាន​ដី​របស់​ប្រពន្ធ​មន្ត្រី​ហ្នឹង ប្តី​ទៅ​កន្លែង​ណា​ក៏មាន​ដី​ប្រពន្ធ​មន្ត្រី​ហ្នឹង​​»​។​

សូមស្ដាប់សំឡេង៖  


សម្ដេច ហ៊ុន សែន ក៏​ធ្លាប់​ឮ​ប្រជាពលរដ្ឋ​រអ៊ូរទាំចំពោះ​ប្រពន្ធ និង​កូនមន្ត្រី ដែល​យក​អំណាច​របស់​ប្តី ឬ​ឪពុក​ទៅប្រើ​ប្រាស់​ហួស​ដែន​កំណត់​ដែរ​។ «មាន​កន្លែង​ខ្លះ​ចាស់ៗ​យើងនិយាយថា ប្តី​វា​មិន​អី​ទេ ណាស់​តែ​មីប្រពន្ធ​ហ្នឹង​ហ្មង គាត់និយាយអ៊ឹចឹងហ្មង... មានកន្លែង​ខ្លះទៀត​ចាស់ៗ​និយាយថា ប្តី​ប្រពន្ធគាត់ទាំងពីរ​មិន​អី​ទេ តែណាស់​​អា​កូន​ហ្នឹងហ្មង វា​បង្ហោះ​ម៉ូតូ វាប្រណាំងឡាន​ រួចហើយប៉ះវាមិនបានទៀត។ ពេលខ្លះខ្ញុំអន្តរាគមន៍​»​។​នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល​។​
 
​ដោយសារតែ​ធ្លាប់​ឭ​បែបនេះហើយ ទើប​សម្ដេច ហ៊ុន សែន បាន​រំ​ឮ​កម​ន្ត្រី​ទាំងអស់​ថា បើ​នៅតែ​បណ្ដែត​បណ្ដោយឱ្យ​ប្រពន្ធ និង​កូន លូកដៃ​ចូល​ការងារ និង​ដើរ​អុកឡុក​គេ​នោះ ពួកគេ​នឹង​ប្រឈមមុខ​បាត់បង់​តំណែង​ជាមិនខាន​។​បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី ក៏​ណែ​នាំឱ្យ​ប្រពន្ធ និង​កូន​មន្ត្រី កុំ​យក​អំណាច​ប្តី និង​ឪពុក​មក​អួតអាង ហើយប្រើប្រាស់​ផ្ដេសផ្ដាស ដែលនាំឱ្យ​បាត់បង់​តំណែង​មេ​គ្រួសារ​។​
 
​សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​ឪពុក​ខ្លះ​បាត់បង់​តំណែង និង​បញ្ឈប់​ពី​តំណែង​មាន​ប្រជាជន​សោកស្ដាយ តែ​អ្នកខ្លះ​ត្រូវបាន​ដក​ពី​តំណែង ប៉ុន្តែ​ប្រជាជន​ត្រេកអរ​ទៅវិញ​…​។​ខ្ញុំ​ក៏​ធុញទ្រាន់​នឹង​មន្ត្រី​យើង​ខ្លះ ដែល​បណ្ដែត​បណ្ដោយឱ្យ​ប្រពន្ធ និង​កូន ធ្វើមិនគប្បី ដើរ​អុកឡុក​គេ ហើយ​ទៅដល់​កន្លែង​ណា មាន​បញ្ហាដីធ្លី​កន្លែង​ហ្នឹង​…»​។​

សម្រាប់នាយករដ្ឋមន្ត្រី​កម្ពុជា បញ្ហា​ប្តី​ស័​ក្ត​៣ ប្រពន្ធ​ស័​ក្ត​៤ និងកូន​ស័​ក្ត​៥ គឺជារឿងដែលគួរឱ្យបារម្ភ និងគ្រោះថ្នាក់សម្រាប់កម្ពុជា​។ «​បើ​យើង​អប់រំ​ប្រពន្ធ​យើង​មិនបាន បើ​យើង​អប់រំ​កូន​យើង​មិនបាន​ផង យើង​មិន​អាចអប់រំ​អ្នកដទៃ​បានទេ គ្មាន​អ្នកណា​ស្ដាប់​ទេ ទឹកមាត់​សាប​ដូច​ទឹកទន្លេ​»​។ នេះ​ជាការ​បន្ថែម​របស់​សម្ដេច ហ៊ុន សែន​។​

Tag:
 ហ៊ុន សែន​
  មន្ត្រីរាជការ​
  រដ្ឋបាល​សាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com