COVID-19
អន្តរជាតិ
មេទ័ព​ថៃ​ម្នាក់​ឆ្លង COVID-19 ខណៈ​មនុស្ស​៦០​នាក់​ប្រឈម​ហានិភ័យ​ឆ្លង​បន្ត​
16, Mar 2020 , 3:41 pm        
រូបភាព
លោក Rachit Arunrangsi អគ្គនាយកប្រចាំនាយកដ្ឋានសុខុមាលភាពកងទ័ព  (កាសែតបាងកកប៉ុស្តិ៍)
លោក Rachit Arunrangsi អគ្គនាយកប្រចាំនាយកដ្ឋានសុខុមាលភាពកងទ័ព (កាសែតបាងកកប៉ុស្តិ៍)
ដោយ:
​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​ថៃ​ម្នាក់ បាន​ឆ្លង​ជំងឺ COVID-19 ហើយ​មនុស្ស​៦០​នាក់​ដែល​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​លោក ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នៅផ្ទះ​ពួកគេ​រៀងៗ​ខ្លួន​។ ក្នុងចំណោម​នោះ គឺមាន​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយចំនួន​ផងដែរ​។
 
​ឧ​ត្ត​ម​សេនីយ៍ Nathaphon Srisawat ទីប្រឹក្សា​ពិសេស​នៃ​កងទ័ព​ថៃ បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ១៦ ខែមីនា​ថា លោក Rachit Arunrangsi អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខុមាលភាព​កងទ័ព  បាន​ឆ្លង COVID-19 និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​បាងកក ។​
 
​តាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក Nathaphon បញ្ជាក់ថា លោក Rachit បានចេញ​រោគសញ្ញា​ក្តៅខ្លួន កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19 នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​។ មុន​ដឹងថា​កើត COVID-19 លោក Rachit ធ្លាប់ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន​វាយ​ប្រដាល់​មួយ ក្នុងនាម​ជា​ប្រធាន​កីឡដ្ឋាន​នេះ​។ 
 
​តាម​ប្រភព​ដដែល មន្ត្រី​សុខាភិបាល​ថៃ បាន​តាមដាន​សកម្មភាព​១៤​ថ្ងៃ​ចុងក្រោយ​របស់លោក​ដើម្បី​កំណត់​អត្តសញ្ញាណ​បុគ្គល​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​លោក​។ ត្រង់ចំណុច​នេះ លោក​ឧ​ត្ត​ម​សេនីយ៍  Nathaphon បញ្ជាក់​ដូច្នេះ​ថា​៖«​មនុស្ស​៦០​នាក់​ប្រឈម​ហានិភ័យ​ឆ្លង ហើយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ត្រូវបាន​ដាក់ចេញ​សម្រាប់​ពួកគេ​។ លោក​សង្កត់ធ្ងន់ថា ក្នុងចំណោម​នោះ ក៏មាន​មន្ត្រី​បញ្ជាការ​ចំនួន ៣៦​នាក់​ផងដែរ ដែល​ត្រូវ​អះអាងថា ប្រឈម​ហានិភ័យ​ខ្ពស់​។ 
 
​មន្ត្រី​យោធា​ដែល​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក ក៏មាន មន្ត្រី​យោធា​ជាន់ខ្ពស់​ផងដែរ ព្រោះថា ពួកគេ​បាន​មាន​វត្ត​មាននៅ​កិច្ចប្រជុំ​មួយ កាលពី​សប្តាហ៍​មុន​។ លោក Nathaphon អះអាង​បែបនេះ​។ យ៉ាងណាមិញ លោក លើកឡើងថា ប្រមុខ​កងទ័ពជើងគោក​ថៃ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong ពុំ​ស្ថិត​ក្នុងចំណោម​ពួកគេ​ឡើយ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ ១៦ មីនា​នេះ ថៃ មាន​ករណី​ឆ្លង COVID-19 ចំនួន ១១៤ ករណី ខណៈ​អ្នកជា​សះស្បើយ​មាន​៣៥​នាក់​។ អ្នកស្លាប់​ដោយសារ COVID-19 ក្នុងប្រទេស​នេះ មានតែ​មួយ​ករណី​ប៉ុណ្ណោះ​៕

Tag:
 ថៃ​
  COVID-19
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com