COVID-19
អន្តរជាតិ
មេទ័ពថៃម្នាក់ឆ្លង COVID-19 ខណៈមនុស្ស៦០នាក់ប្រឈមហានិភ័យឆ្លងបន្ត 16, Mar 2020 , 3:41 pm

លោក Rachit Arunrangsi អគ្គនាយកប្រចាំនាយកដ្ឋានសុខុមាលភាពកងទ័ព (កាសែតបាងកកប៉ុស្តិ៍)
×![]()
មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពថៃម្នាក់ បានឆ្លងជំងឺ COVID-19 ហើយមនុស្ស៦០នាក់ដែលប៉ះពាល់ដោយផ្ទាល់ជាមួយលោក ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅផ្ទះពួកគេរៀងៗខ្លួន។ ក្នុងចំណោមនោះ គឺមានមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនផងដែរ។
ឧត្តមសេនីយ៍ Nathaphon Srisawat ទីប្រឹក្សាពិសេសនៃកងទ័ពថៃ បានបញ្ជាក់នៅថ្ងៃចន្ទ ១៦ ខែមីនាថា លោក Rachit Arunrangsi អគ្គនាយកនៃអគ្គនាយកដ្ឋានសុខុមាលភាពកងទ័ព បានឆ្លង COVID-19 និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅក្រុងបាងកក ។
តាមកាសែតបាងកកប៉ុស្តិ៍ លោក Nathaphon បញ្ជាក់ថា លោក Rachit បានចេញរោគសញ្ញាក្តៅខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 នៅមន្ទីរពេទ្យឯកជនមួយ។ មុនដឹងថាកើត COVID-19 លោក Rachit ធ្លាប់ធ្វើដំណើរទៅកាន់កីឡដ្ឋានវាយប្រដាល់មួយ ក្នុងនាមជាប្រធានកីឡដ្ឋាននេះ។
តាមប្រភពដដែល មន្ត្រីសុខាភិបាលថៃ បានតាមដានសកម្មភាព១៤ថ្ងៃចុងក្រោយរបស់លោកដើម្បីកំណត់អត្តសញ្ញាណបុគ្គលដែលប៉ះពាល់ផ្ទាល់ជាមួយលោក។ ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ Nathaphon បញ្ជាក់ដូច្នេះថា៖«មនុស្ស៦០នាក់ប្រឈមហានិភ័យឆ្លង ហើយការធ្វើចត្តាឡីស័កនៅផ្ទះ ត្រូវបានដាក់ចេញសម្រាប់ពួកគេ។ លោកសង្កត់ធ្ងន់ថា ក្នុងចំណោមនោះ ក៏មានមន្ត្រីបញ្ជាការចំនួន ៣៦នាក់ផងដែរ ដែលត្រូវអះអាងថា ប្រឈមហានិភ័យខ្ពស់។
មន្ត្រីយោធាដែលដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក៏មាន មន្ត្រីយោធាជាន់ខ្ពស់ផងដែរ ព្រោះថា ពួកគេបានមានវត្តមាននៅកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុន។ លោក Nathaphon អះអាងបែបនេះ។ យ៉ាងណាមិញ លោក លើកឡើងថា ប្រមុខកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Apirat Kongsompong ពុំស្ថិតក្នុងចំណោមពួកគេឡើយ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃចន្ទ ១៦ មីនានេះ ថៃ មានករណីឆ្លង COVID-19 ចំនួន ១១៤ ករណី ខណៈអ្នកជាសះស្បើយមាន៣៥នាក់។ អ្នកស្លាប់ដោយសារ COVID-19 ក្នុងប្រទេសនេះ មានតែមួយករណីប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com