ជាតិ
សង្គមជាតិ
លោក ហ៊ឹម ឆែម អតីតរដ្ឋមន្រ្តីសាសនា ទទួលមរណភាព ក្នុងជន្មាយុ៨២ឆ្នាំ
16, May 2020 , 1:15 pm        
រូបភាព
លោក ហ៊ឹម ឆែម​ អតីតរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ទទួលមរណភាព នៅព្រឹកម៉ោង១០និង៤៤នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៨២ឆ្នាំ ដោយរោគាពាធ។


ទូរទស្សន៍ជាតិកម្ពុជា បានចុះផ្សាយពីប្រសាសន៍របស់លោក ហ៊ឹម និមល ជាកូនរបស់លោក ហ៊ឹម ឆែម ថា សពរបស់លោក ហ៊ឹម ឆែម កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ។ 

លោក សេង សុមុនី​ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា មិនអាចផ្តល់ព័ត៌មានឲ្យច្បាស់ឡើយថា លោក ហ៊ឹម ឆែម មានជំងឺអ្វីខ្លះ។ លោក គ្រាន់តែប្រាប់ថា គាត់ ដល់វ័យចាស់ជរា ហើយចាប់ផ្តើមមានបញ្ហាសុខភាពនិងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តាំងពីអំឡុងខែមករា ឆ្នាំ២០២០មក។ 

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ អ្នកនាំពាក្យរូបនេះ លើកឡើងថា លោក ហឹម ឆែម ជាឥស្សជនម្នាក់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងការតស៊ូដើម្បីជាតិ។ លោក ក៏សរសើរលោក ហ៊ឹម ឆែម ដែរ ថាជាមេដឹកនាំម្នាក់ ដែលមានចំណេះដឹង មានបទពិសោធ និង មានគុណធម៌។ លោក ថ្លែងបែបនេះថា៖«យើងទាំងអស់ពិតជាសោកស្តាយណាស់»។  

​កាលពីអំឡុងខែមេសា ឆ្នាំ២០១៦ លោក ហ៊ឹម ឆែម ត្រូវបានតែងតាំងជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ជំនួសលោក មិន ឃិន។ លោក ហ៊ឹម ឆែម ក៏ធ្លាប់ធ្វើជារដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈផងដែរ។ 

ដល់ខែមីនា ឆ្នាំ២០២០ លោក ឈិន សុខុន ឡើងជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជំនួសលោក ហ៊ឹម ឆែម ហើយលោក ហ៊ឹម ឆែម ត្រូវបានដំឡើងទៅជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស៕ 



Tag:
 ហ៊ឹម ឆែម
© រក្សាសិទ្ធិដោយ thmeythmey.com