ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! កំឡុងពេល​មាន​ផ្ទៃពោះ គួរ​ចៀសវាង​អាហារ​និង​ភេសជ្ជៈ​អ្វីខ្លះ​?
31, Jan 2021 , 6:59 pm        
រូបភាព
​កំឡុងពេល​មាន​ផ្ទៃពោះ គឺជា​ស្ថានភាព​ដ៏​លំបាក​មួយ​សម្រាប់​ស្ត្រី​ដោយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​ជៀស​មិន​ផុតពី​ការអនុវត្ត​តាម​បញ្ជា និង​ការណែនាំ​ជាច្រើន​ដើម្បី​ប្រាកដថា​អាច​សម្រាល​បាន​ជោគជ័យ​ឡើយ​។ ការ​រឹង​បន្តឹង​របប​អាហារ គឺជា​ចំណុច​ចម្បង​មួយ​ដែល​ស្ត្រី​ព្រួយបារម្ភ​កំឡុងពេល​មាន​ផ្ទៃពោះ​។ មាន​អាហារ​មួយចំនួន​ត្រូវបាន​ហាមឃាត់​គួរ​កុំ​ទទួលទាន​កំឡុងពេល​មាន​ផ្ទៃពោះ​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ស្ត្រី​មិនគួរ​ទទួលទាន​កំឡុងពេល​មាន​ផ្ទៃពោះ ៖
 
១. គ្រឿង​សមុទ្រ​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់​
 
​ត្រី​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត គឺ​គ្រោះថ្នាក់​ណាស់​កំឡុងពេល​មាន​ផ្ទៃពោះ​ដោយ​វា​អាច​បង្ក​ប៉ះពាល់​ទៅលើ​ការលូតលាស់​និង​សុខភាព​ខួរក្បាល​របស់​ទារក​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ចៀសឱ្យផុត​ពី​អាហារ​សមុទ្រ​ប្រភេទ​ណា​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់​។ ទោះជា​យ៉ាងណា​អ្នក​អាច​ទទួលទាន​ត្រី​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ទាប​បាន ប៉ុន្តែ​ក្នុង​កម្រិត​មធ្យម​។ ត្រី​សាល​ម៉ុ​ន​និង​បង្គា​ជា​ប្រភេទ​នៃ​អាហារ​សមុទ្រ​ដែលមាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន​កំឡុងពេល​មាន​ផ្ទៃពោះ​។​
 
២. ស៊ុត​ឆៅ​
 
​ជាធម្មតា​ស៊ុត​ជា​អាហារ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​សុខភាព​ពិសេស​កំឡុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ប្រសិនបើ​ទទួលទាន​វា​ទាំង​ឆៅ គឺ​មិនល្អ​សោះឡើយ​។ ស៊ុត​ឆៅ​អាចមាន​ផ្ទុក​បាក់តេរី salmonella ដែលនាំឱ្យ​ក្អួត​និង​រាគ​បង្ក​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្ត្រី​ជា​ម្ដាយ រួមទាំង​ទារក​ក្នុង​ផ្ទៃ​។​
 
៣. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​ជា​អាហារសម្រន់​ដ៏​ប្រសើរ​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ទទួលទាន​គ្រាប់​ធញ្ញជាតិ​កំឡុងពេល​មាន​ផ្ទៃពោះ​។ នោះ​ក៏​ព្រោះតែ​គ្រាប់​ធញ្ញជាតិ​មួយចំនួន​ដែល​បង្កបញ្ហា​ប្រតិកម្ម​ធ្វើឱ្យ​ស្បែក​ឡើង​រោល​ក្រហម រមាស់ និង​ហើម​ផ្នែក​ខ្លះ​នៃ​រាងកាយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​គួរ​ធ្វើការ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​សិន​អំពី​ប្រភេទ​នៃ​គ្រាប់​ធញ្ញជាតិ​ណា​ដែល​អ្នក​អាច​ទទួលទាន​បាន​កំឡុងពេល​មាន​ផ្ទៃពោះ​។​
 
៣. អាហារ​ឆៅ​
 
​ស្ត្រី​មាន​ផ្ទៃពោះ​មិនគួរ​ទទួលទាន​អាហារ​ឆៅ​ឡើយ ជាពិសេស​សាច់មាន់​និង​សាច់​ក្រហម​។ សាច់ ឬ​អាហារ​ឆៅ​ផ្សេងៗ​អាចមាន​ផ្ទុក​នូវ​បាក់តេរី​និង​ប៉ារ៉ាស៊ីត​ដែល​បង្ក​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​។ ដូច្នេះ​មុននឹង​ទទួលទាន​ត្រូវ​ប្រាកដថា​អាហារ​នោះបាន​លាង​សម្អាត​ជ្រះ​សព្វ​និង​ឆ្អិន​ល្អ​។​
 
៤. អាហារ​កំប៉ុង​
 
​អាហារ​កំប៉ុង​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​ផ្សេងៗ ព្រមទាំង​សារធាតុ​រក្សាទុក​បានយូ​រដែ​លអាច​បង្ក​ផលប៉ះពាល់​គួរឱ្យ​បារម្ភ​ចំពោះ​សុខ​ភា​ពា​ស្ត្រី​ជា​ម្ដាយ​និង​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចៀសផុត​ពីសារ​ធាតុគីមី​គ្រោះថ្នាក់​ចូរ​ជ្រើសរើស​បន្លែ​ផ្លែឈើ​និង​សាច់​ស្រស់ៗ​ជំនួស​វិញ​។​
 
៥. កាហ្វេ​អ៊ី​ន​
 
​អាហារ​និង​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​មិនល្អ​ឡើង​សម្រាប់​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​រួមទាំង​ទារក​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរ​កម្រិត​ការ​ទទួលទាន​កាហ្វេ​អ៊ី​ន​ឱ្យ​តិចជាង ២០០ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ឬ​ប្រមាណ​ពី ២ ទៅ ៣ ពែង​នៃ​កាហ្វេ​។​
 
៦. សាច់​គ្រឿងក្នុង​សត្វ​
 
​ទោះបី​អាហារ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់​រួមបញ្ចូល​ទាំង​ជាតិ​ដែក វីតាមីន B12 វីតាមីន A និង​ទង់ដែង​។ ប៉ុន្តែ​ការទទួល​ទាន​វីតាមីន A ដែលមាន​ប្រភព​ចេញពី​សត្វ​ច្រើនពេក​មិនល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កុំ​ទទួលទាន​សាច់​គ្រឿងក្នុង​សត្វ​លើសពី ១ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៧. គ្រឿង​ស្រវឹង​
 
​សូម្បី​ក្នុង​កម្រិត​មធ្យម ឬ​បន្តិចបន្តួច​ក៏​គ្រឿង​ស្រវឹង​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ចៀសឱ្យផុត​ពី​ភេសជ្ជៈ​នេះ​។​
 
៨. អាហារ​និង​ភេសជ្ជៈ​ផ្អែម​
 
​ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​ច្រើនពេក គឺ​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព​មនុស្ស​គ្រប់រូប ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​ស្ត្រី​ជា​ម្ដាយ​ដែល​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ឬ​ភេសជ្ជៈ​ផ្អែម​ច្រើន​កំឡុងពេល​មាន​ផ្ទៃពោះ​អាច​បណ្ដាលឱ្យ​ទារក​ជួបប្រទះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការចងចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com