ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? ចេះតែ​ឃ្លាន​អាហារ​ផ្អែមៗ ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ខ្លាំង អាចមកពី​មូលហេតុ​ទាំងនេះ​
25, Dec 2020 , 6:59 am        
រូបភាព
​ចេះតែមាន​អារម្មណ៍​ឃ្លាន​អ្វី​ផ្អែមៗ ឬ​មាន​ជាតិ​ស្ករ​ខ្ពស់​ឥត​ឈប់​មែន​ទេ​? វា​អាច​បណ្ដាលមកពី​កត្តា​មួយចំនួន​! ថា​តើក​ត្តា​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាលឱ្យ​អ្នក​ចេះតែ​ឃ្លាន​អាហារ​ផ្អែមៗ ៖
 
១. ទម្លាប់​រួមបញ្ចូល​អាហារ​សម្បូរ​ជាតិ​ស្ករ​ក្នុង​របប​អាហារ​
 
​អ្នកជំនាញ​ជាច្រើន​និយាយថា​ស្ករ ក៏​មិន​ខុសពី​គ្រឿង​ស្រវឹង ល្បែង និង​ថ្នាំ​បំបាត់​ការឈឺចាប់​ប៉ុន្មាន​ប្រភេទ​ទៀត​ដែរ គឺ​វា​អាច​បណ្ដាលឱ្យ​អ្នកញៀន​បាន​យ៉ាង​ងាយ​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​អាហារ​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​នឹងធ្វើ​ឱ្យ​អ្នក​កាន់តែ​ឃ្លាន​ចង់​ទទួលទាន​ស្ករ ឬ​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង​ឡើង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។​
 
២. ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​
 
​ការទទួល​ទាន​ជាតិ​ផ្អែម​សិប្បនិម្មិត​ក៏​មិនអាច​ជួយ​ឱ្យ​អ្នក​បាត់​ឃ្លាន​ស្ករ​ដែរ​! ហើយ​វា​ក៏​នៅតែមាន​ប្រសិទ្ធភាព​ធ្វើឱ្យ​អ្នកញៀន​ចង់​ទទួលទាន​អាហារ​ផ្អែមៗ​។​
 
៣. កង្វះ​ជាតិ​ដែក​ក្នុង​រាងកាយ​
 
​ជាតិ​ដែក គឺ​ចាំបាច់​ណាស់​សម្រាប់​រាងកាយ​ដើម្បី​អាច​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​បាន​គ្រប់គ្រាន់​។ របប​អាហារ​ដែល​ខ្វះ​ជាតិ​ដែក​អាច​បណ្ដាលឱ្យ​កោសិការ​គ្រាប់​ឈាមក្រហម​ត្រូវបាន​កាត់បន្ថយ ហើយ​រោគសញ្ញា​មួយចំនួនទៀត​រួមបញ្ចូល​ទាំង​អាកា​រៈ​អស់កម្លាំង​ក៏​លេចឡើង​។ រាងកាយ​អាចមាន​ការភ័ន្តច្រឡំ​ថា​អាកា​រៈ​អស់កម្លាំង​បណ្ដាលមកពី​របប​អាហារ​ដែល​ខ្វះ​កាឡូរី ហើយ​នេះ​ជា​លទ្ធផល​ដែល​អ្នក​ចេះតែ​ឃ្លាន​ចង់​ទទួលទាន​អ្វី​ផ្អែម​ដើម្បីឱ្យ​រាងកាយ​ទទួលបាន​នូវ​បរិមាណ​កាឡូរី​គ្រប់គ្រាន់​។​
 
៤. ការ​តម​អាហារ​ដើម្បី​ស្រក​ទម្ងន់​
 
​តើ​អ្នក​កំពុងតែ​តម​អាហារ​ជាច្រើន​ដោយសារ​ចង់​ស្រក​ទម្ងន់​មែន​ទេ​? នោះ​វា​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ឡើយ​ដែល​អ្នក​ហាក់ដូចជា​ចេះតែ​ឃ្លាន​អ្វី​ផ្អែមៗ​ខ្លាំង​។ នេះ​ក៏​ព្រោះតែ​ការកាត់បន្ថយ​កាឡូរី​ប្រចាំថ្ងៃ​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាប់​ទាប ហើយ​រាងកាយ​នឹង​ជម្រុញ​ឱ្យ​អ្នក​ចេះតែមាន​អារម្មណ៍​ឃ្លាន​អ្វី​ផ្អែមៗ​ដើម្បី​សម្រួល​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើងវិញ​។​
 
៥. ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ពេក​
 
​ស្ត្រេ​ស​ក៏​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បាន​ផងដែរ​ដោយ​វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល​និង​ឃ្លាន​អ្វី​ផ្អែមៗ ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។​
 
៦. គេង​មិនបាន​គ្រប់គ្រាន់​
 
​នៅពេល​គេង​មិនបាន​គ្រប់គ្រាន់​អ្នក​ប្រាកដជា​អាច​នឹងមាន​អារម្មណ៍មិនល្អ ហើយ​ស្ត្រេ​ស​ដែល​សុទ្ធតែជា​កត្តា​នាំឱ្យ​ឃ្លាន​អ្វី​ផ្អែម ឬ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com