ជាតិ
ពីនេះ ពីនោះ
«​នោះ​»,«​នុះ​»​និង​«​នុ៎ះ​»​តើ​ជា​ពាក្យ​មានន័យ​ដូចគ្នា ឬ​ខុសគ្នា​?
16, Jul 2023 , 7:25 am        
រូបភាព
​ពាក្យ​«​នោះ​»,«​នុះ​»​និង​«​នុ៎ះ​»​គឺ​សុទ្ធតែ​មានន័យ​ដូចគ្នា​ថា សម្រាប់​បង្ហាញ​,​ចង្អុល​ទៅ​អ្វីមួយ​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។
 
​វចនានុក្រម​ខ្មែរ​បានបញ្ជាក់​ពាក្យ​«​នុះ​»​ជា​ពាក្យ​សម្រាប់​និយាយ​ចង្អុល​ប្រាប់​នូវ​អ្វីៗ ឬ​មនុស្ស​សត្វ​ដែល​នៅក្រៅ​ហត្ថបាស មើលទៅ​ឃើញ ប៉ុន្តែ​មិន​ឆ្ងាយ​ពេក​ទេ : សុំ​អ្នក​មេត្តា​ឲ្យ​ក្រដាស​ជិត​ដៃ​នុះ​មក​ខ្ញុំ​; បន្ទាត់​អ្នកណា​នុះ ? 
 
​ចំពោះ​ពាក្យ​«​នុ៎ះ​» មានន័យថា ហ្នឹង ពាក្យ​សម្រាប់​ចង្អុល​នាមសព្ទ​ដែល​នៅ​ឃ្លាតឆ្ងាយ​ច្រើន​ពី​ខ្លួន​តែ​មើលទៅ​ឃើញ​, ជា​ពាក្យ​មាន​សូរសំឡេង​ខ្ពស់​ស្រួច​ជាង​ពាក្យ​ថា នុះ និង នោះ​, ដូច​ពាក្យ​ថា អ្នកណា​នុ៎ះ ?; អ្នកណា​ដើរ​នុ៎ះ ?; នុ៎ះ​ន៏ !; នុ៎ះហើយ​; នុ៎ះឯង​; នេះ​ផ្ទះ​របស់ខ្ញុំ​, នុ៎ះ​ផ្ទះ​របស់​ប្អូនប្រុស​ខ្ញុំ​, ឯណោះ​ផ្ទះ​បងស្រី​ខ្ញុំ ។ 
 
​ចំណែក​ពាក្យ​«​នោះ​» ជា​ពាក្យ​សម្រាប់​បង្ហាញ​, សម្រាប់​ចង្អុល​អ្វីៗ​ដែល​នៅ​ឆ្ងាយ​តែ​ប្រាកដ​។ ជា​ពាក្យ​មាន​សូរសំឡេង​ស្មើនឹង «​នុះ​» ប៉ុន្តែ​ទាប​ជាង «​នុ៎ះ​»​។ សំបុត្រ​នោះ​, សេចក្ដី​នោះ​, ផ្ទះ​នោះ​, អ្នកនោះ ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com