អន្តរជាតិ
យុវជន​សិង្ហ​បុរី​អាយុ​ពី​២០-២៩​ឆ្នាំ ធ្វើអត្តឃាត​កាន់តែច្រើន​
04, Aug 2020 , 10:08 am        
រូបភាព
យុវជនមានបញ្ហាផ្លូវចិត្ត។ រូបតំណាង។ រូបភាព៖ AFP
យុវជនមានបញ្ហាផ្លូវចិត្ត។ រូបតំណាង។ រូបភាព៖ AFP
ដោយ:
​ក្នុង​ឆ្នាំ​២០១៩ យុវជន​សិង្ហ​បុរី​អាយុ​ពី​២០ ទៅ​២៩​ឆ្នាំ ចំនួន​៧១​នាក់ បានធ្វើ​អត្តឃាត​។ នេះ​បើតាម​របាយការណ៍​អង្គការ​បង្ការ​ការសម្លាប់​ខ្លួន Samaritan of Singapore (SOS) នៅ​ថ្ងៃទី​៣ ខែសីហា​។  ចំនួន​នេះ​ធ្វើ​ឲ្យ​យុវជន​សិង្ហ​បុរី​អាយុ​ចន្លោះ​២០​ឆ្នាំនេះ នៅតែ​បន្ត​ជា​ក្រុម​អាយុ​ដែល​បានសម្លាប់​ខ្លួន​ច្រើនជាងគេ​បំផុត ធៀប​ទៅនឹង​ក្រុម​អាយុ​ដទៃទៀត​។
 
«​ការធ្វើអត្តឃាត​តំណាង​ឲ្យ​១​ភាគ​៣ នៃ​ចំនួន​អ្នកស្លាប់​ទាំងអស់​របស់​ក្រុម​អាយុ​ចន្លោះ​២០​ឆ្នាំ​ខាងលើ​»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ SOS ដែល​ចុះផ្សាយ​ដោយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia​។ SOS បន្ថែមថា កាលពី​ឆ្នាំ​២០១៩ ការសម្លាប់​ខ្លួនឯង ក៏​នៅតែ​ជា​កត្តា​ចម្បង​នៃ​ការស្លាប់​របស់​មនុ​ស្សអា​យុ​ពី​១០ ទៅ​២៩​ឆ្នាំ​ផងដែរ​។​
 
​ការសម្លាប់​ខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី​ទាំងមូល​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​៤០០​ករណី កើនឡើង​បន្តិច​ធៀប​ទៅនឹង​តួលេខ​៣៩៧​ករណី​ក្នុង​ឆ្នាំ​២០១៨​។ ប៉ុន្តែ​បើ​ធៀប​ទៅនឹង​ប្រជាជន​សិង្ហ​បុរី​ទាំងមូល ការសម្លាប់​ខ្លួន​មានការ​ធ្លាក់ចុះ​ពី​៨,៣៦​ភាគរយ​ក្នុងចំណោម​១​សែន​នាក់​នៅ​ឆ្នាំ​២០១៨ មក​ត្រឹម​៨​ភាគរយ​ក្នុងចំណោម​១​សែន​នាក់​ក្នុង​ឆ្នាំ​២០១៩​។​
 
SOS បាន​បន្ថែមទៀតថា ក្នុងចំណោម​អ្នក​ដែល​ប្រាប់​ពី​អាយុ​នៅពេល​ស្វះ​ស្វែងរក​ជំនួយ​បន្ទាន់​២៤​ម៉ោង​ដើម្បី​បង្ការ​ការសម្លាប់​ខ្លួន​នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​១៧​ភាគរយ​ដែល​ស្ថិតនៅ​ចន្លោះ​២០ ទៅ​២៩​ឆ្នាំ​។ លើសពីនោះ ក្រុម​អាយុ​ចន្លោះ​២០​ឆ្នាំ ដែល​ទូរស័ព្ទ​ស្វែងរក​ជំនួយ​មាន​ចំនួន​កើនឡើង​ពី​៣,៣៩៦ ករណី​នៅ​ឆ្នាំ​២០១៨ មក​៤,១២៤​ករណី​នៅ​ឆ្នាំ​២០១៩​។​
 
​បញ្ហា​មួយចំនួន​ដូចជា​ទំនាក់ទំនង​ស្នេហា ឧបសគ្គ​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត និង​ការតស៊ូ​ជម្នះ​ក្នុង​ស្ថាន​ការលំបាក​ត្រូវបាន​កត់សម្គាល់ថា ជា​កត្តា​គួបផ្សំ​ដែល​ជំរុញ​ឲ្យ​យុវជន​មាន​សម្ពាធ​តានតឹង​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។ នេះ​បើតាម​របាយការណ៍​ដដែល​។ 
 
​លោក Gasper Tan ប្រធាន​ប្រតិបត្តិ SOS បានលើកឡើង​ពី​សេចក្តី​បារម្ភ​ពាក់ព័ន្ធ​ការកើនឡើង​ករណី​សម្លាប់ខ្លួន​របស់​ក្រុមយុវជន​អាយុ​ចន្លោះ​២០​ឆ្នាំ បើទោះបីជា​មានការ​កើនឡើង​ដូចគ្នា​ការស្វែងរក​ជំនួយ​តាម​ទូរស័ព្ទ​បន្ទាន់​ក្តី​។ លោក​បានលើកឡើង មានរឿង​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ក្នុង​សហគមន៍​ដើម្បី​យល់ដឹង និង​ដោះស្រាយ​បញ្ហា​ដែល​រារាំង​មិន​ឲ្យ​យុវជន​ស្វែងរក​ជំនួយ​។​
 
​ការស្ទង់មតិ​របស់ SOS បាន​បង្ហាញថា​យុវជន​មួយ​នាក់​ក្នុងចំណោម​៣​នាក់​នឹងមិន​ស្វែងរក​ជំនួយ​ឡើយ​នៅពេល​គេ​មាន​អារម្មណ៍​ជ្រួលច្របល់​។ មូលហេតុ​ក្នុង​ការមិន​ស្វែងរក​ជំនួយ​ដែល​ត្រូវ​បានលើកឡើង​ដោយ​របាយការណ៍ SOS មានដូចជា ការ​ខ្មាស់អៀន ការ​ត្រូវបាន​អ្នកដទៃ​វាយតម្លៃ និង​ការ​គិតថា​គ្មាន​អ្វីដែល​អាចជួយ​បាន​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com