ជាតិ
ពីនេះ ពីនោះ
ធ្លាប់​សរសេរ​តែ «​ត្បិតត្បៀត​» តាមពិត «​ក្បិតក្បៀត​» ទៅវិញ​ទេ​ដែលជា​ពាក្យ​ត្រូវ​
03, Jan 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ចាយវាយ​បែប​សន្សំសំចៃ (​ឬ​សំច័យ​) មិន​កញ្ជះកញ្ជាយ ជា​ន័យរ​បស់ពាក្យ «​ក្បិតក្បៀត​» ខណៈ​ជាទូទៅ យើង​នាំគ្នា​សរសេរថា «​ត្បិតត្បៀត​»​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បន្ថែម​នោះ វចនានុក្រម​សម្តេចព្រះ​សង្ឃ ជួន ណាត ថែមទាំង​ហាម​ប្រើពាក្យ «​ត្បិតត្បៀត​» ផងដែរ ព្រោះ​វា​ពុំមែន​ជា​ពាក្យ​មានន័យ​គួរប្រើ​នោះទេ​។​


​កិរិយាសព្ទ «​ក្បិត​» មានន័យថា បិទ ឬ សង្កត់​ដោយ​ដៃ​ឲ្យ​រាប​ឲ្យ​របប​។ ក្បិតសក់​, ក្បិតសំពត់ (​ហៅ ក្បេត ក៏បាន​។ រីឯ «​ក្បៀ​ត​» មិនមាន​ការពន្យល់​ក្នុង​វចនានុក្រម​ឡើយ​។ «​ក្បិតក្បៀត​» ជា​កិរិយាវិសេសន៍ ដែល​មានន័យថា សំច័យ​, សំចែសំច័យ​, មិន​កញ្ជះកញ្ជាយ​។ ត្រូវ​ខំ​ក្បិតក្បៀត​ប្រាក់កាស កុំ​ចាយវាយ​កញ្ជះកញ្ជាយ​ពេក ។ កុំ​ប្រើពាក្យ​ថា ត្បិតត្បៀត ព្រោះ​ពុំមែន​ជា​ពាក្យ​មានន័យ​គួរប្រើ​ទេ ។​

​ក្នុង​វចនានុក្រម «​ត្បិតត្បៀត​» មិនមាន​ន័យ​ឡើយ ប៉ុន្តែ​បើ​សរសេរ​បំបែក​គ្នា  «​ត្បិត​» ដែលជា​បរិវារ​សព្ទ អាច​សរសេរ​បាន​ថា «​ដ្បិត​»​។ ពាក្យ​បរិវារ​នេះ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ រឹត : រឹតត្បិត គឺ​ប្រិត​ខ្លាំង​, ក្បិតក្បៀត​ពេក​, កុំ​បណ្ដែតបណ្ដោយ​ពេក ត្រូវ​រឹតត្បិត​បន្តិច​ទៅ​; ត្រូវ​ចាយប្រាក់​រឹតត្បិត​បន្តិច កុំ​កញ្ជះកញ្ជាយ​ពេក ។ រីឯ​ពាក្យ «​ត្បៀត​» ជា​កិរិយាសព្ទ​ដែល​មានន័យថា «​កៀប​នឹង​ក្លៀក ឬ​កៀប​នឹង​តម្បៀត​, នឹង​ម្រាមដៃ ។ ប្រជ្រៀត​គាប​គ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com