ជាតិ
អាជ្ញាធរខេត្ត​កំពង់ស្ពឺ​លែង​កូន​ត្រី​ប្រា និង​ឆ្ពិន ៦​ពាន់​ក្បាល​ទៅក្នុង​បឹង​ធម្មជាតិ​ដើម្បី​បង្កើន​ពូជ​ត្រី​
02, Sep 2020 , 8:29 pm        
រូបភាព
រូបភាពពីលោក វ៉ី សំណាង
រូបភាពពីលោក វ៉ី សំណាង
ដោយ:
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​កម្មវិធី​លែង​កូន​ត្រី​ប្រា និង​ឆ្ពិន ៦ ពាន់​ក្បាល​ក្នុង​បឹង​ធម្មជាតិ ទំនប់​ជណ្ដើរ​កាច់ ស្ថិតក្នុង​ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ពូជ​ត្រី​ធម្មជាតិ​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​
 
​លោក កែវ គុជ​រាជសីហ៍ អ្នកនាំពាក្យ​ខេត្តកំពង់ស្ពឺ ប្រាប់ ThmeyThmey25 ថា​ការលែង​កូន​ត្រី​ទាំង ៦ ពាន់​ក្បាល​ក្នុង​ទំនប់​ជណ្ដើរ​កាច់​នេះ ដោយសារ​ទំនប់​នេះ​ជា​ប្រភពទឹក​ដល់​កសិករ​នៅ​តំបន់​នៅក្នុង​ការស្រោចស្រព​ដំណាំ​ផ្សេងៗ ដូច្នេះ​ត្រី​នៅក្នុង​បឹង​នេះ​អាច​ហូរ​ទៅតាម​ទីតាំង​និ​មួយៗ ដើម្បី​ចូលរួម​បង្កើន​ផល​ត្រី​ធម្មជាតិ​សម្រាប់​ខេត្តកំពង់ស្ពឺ​ផ្ទាល់​។ 
 
​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា បឹង​ជណ្ដើរ​កាច់​បាន​បម្រើ​ពលរដ្ឋ​លើ​វិស័យ​កសិកម្ម​ចំនួន ២​ឃុំ គឺ​ឃុំ​ក្រាំង​អំពិល និង​ឃុំ​ស្គុះ​។ ទំនប់​ជណ្ដើរ​កាច់​នេះ​មាន​ប្រវែង ២ ៦០០​ម៉ែត្រ មានលទ្ធភាព​ក្នុងការ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ និង​ដំណាំ​រួមផ្សំ​របស់​បងប្អូន​ប្រជាកសិករ​នៅក្នុង​ភូមិសាស្ត្រ​នេះ​បាន​ប្រមាណ​ជាង ២ ០០០ ហិកតា​។​
 
​បើតាម​របាយការណ៍រ​ដ្ឋ​បាល​ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ខេត្ត​មាន​សហគមន៍​ស្រះ​ជម្រក​ត្រី​ធម្មជាតិ​ចំនួន ៧៣ កន្លែង និង បឹង​ធម្មជាតិ​ចំនួន ៦ កន្លែង ស្ថានីយ៍​ផលិត​កូន​ត្រី​ពូជ​ចំនួន ៣ កន្លែង បាន​ដំណើរ​ការផលិត​កូន​ត្រី​ពូជ ៧ ប្រភេទ (​ឆ្ពិន ទី​ឡា​ព្យា កាប​ឥណ្ឌា កាប​សាមញ្ញ កា​បស អណ្តែង និង​ប្រា​) សរុប​ចំនួន ៦១៣.០០០​ក្បាល​៕
 

Tag:
 ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com