ជាតិ
អាជ្ញាធរខេត្ត៖ កំពតនៅតែជាគោលដៅទេសចរនាំមុខនាឱកាសបុណ្យភ្ជុំបិណ្ឌ 04, Sep 2020 , 8:59 am
× កំពតជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយ សម្រាប់អ្នកទេសចរនាអំឡុងសម្រាកសងចូលឆ្នាំកន្លងទៅ។ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅតែមានការរំពឹងថា កំពត នៅតែជាទិសដៅទេសចរណ៍អាទិភាពសម្រាប់ទេសចរដដែល។
កាលពីឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំគឺថ្ងៃ១៧ រហូតដល់ ២១សីហា ឆ្នាំ២០២០ ខេត្តកំពតបានឈរលំដាប់លេខ២ ជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើនជាងគេ ក្នុងប្រទេសកម្ពុជា។ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់សារព័ត៌មានThmeyThmey25 ថាលោកនៅតែរំពឹងថាកំពត នឹងទទួលបានទេសចរច្រើន ទោះបីខេត្តកំពតមិនមានរៀបចំកម្មវិធីដើម្បីទាក់ទាញទេសចរក៏ដោយ។
លោកថ្លែងដូច្នេះថា៖«ជាទម្លាប់ពេលបុណ្យភ្ជុំ យើងមិនមែនរៀបចំកម្មវិធីអ្វី នៅតាមរមណីយដ្ឋានទេ។ និយាយរួម យើងពង្រឹងសេវាកម្មដែលមានស្រាប់បន្ថែម។ ឆ្នាំនេះ ខ្ញុំសង្កេតឃើញទេសចរក្នុងស្រុក ទៅខេត្តកំពតក្នុងស្ថានភាពមួយល្អ ក្នុងរយៈពេល៨ខែ ក្នុងឆ្នាំ២០២០។ អ៊ីចឹងយើងគិតថាខែកញ្ញា បុណ្យភ្ជុំនេះ បើសិនអាកាសធាតុអំណោយផល ភ្ញៀវទេសចរនឹងកើនឡើង»។
លោក_សយ_ស៊ីណុល_ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត
ប្រធានមន្ទីរទេសចរណ៍រូបនេះ ក៏បានណែនាំតំបន់ទេសចរណ៍២កន្លែង ដែលទេសចរអាចទៅកម្សាន្តបានទោះបីមានបញ្ហាអាកាសធាតុ គឺតាមសហគមន៍ទេសចរណ៍ និងរមណីយដ្ឋាន ឋានសួគ៌បូកគោ។ បើទេសចរចង់ជិះទូក ឬទៅកម្សាន្តតាមកោះ ពេលមានភ្លៀងធ្លាក់នោះមិនមានការអនុញ្ញាតិនោះទេ។
សម្រាប់បញ្ហាបរិស្ថានវិញ លោក សយ ស៊ីណុល បានឲ្យដឹងថា កន្លងមកមានក្រុមកាងារជាច្រើនបានធ្វើការលើរឿងនេះ ដូចជាមានអ្នកប្រមូលសំរាម និងឡានដឹកសំរាមជាដើម ប៉ុន្តែបញ្ហាសំរាម នៅតែកើតមានខ្លះៗព្រោះទេសចរមួយចំនួន មិនបានសហការក្នុងការសម្អាតបរិស្ថាន។ លោកក៏បានបន្ថែមថា ខាងមន្ទីរទេសចរណ៍ និងសហការណ៍ជាមួយក្រុមហ៊ុនទេសចរណ៍ ដើម្បីរៀបចំកន្លែងបរិភោគអាហារឲ្យបានត្រឹមត្រូវ ដើម្បីបង្ការការបរិភោគអាហារ ហើយបោះសំរាមពាសវាលពាសកាល។
រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត
រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត
សូមជម្រាបផងដែរថា តំបន់ទេសចរណ៍២កន្លែង ក្នុងខេត្តកំពតបានទាក់ទាញទេសចរប្រហែល៨០ភាគរយ។ តំបន់ទេសចរណ៍ទាំង២នោះមានដូចជា តំបន់ទេសចរណ៍ទឹកឈូរ ដែលមានរមណីយដ្ឋានទេសចរណ៍ប្រមាណ៦ ទៅ៧កន្លែងក្នុងនោះទៀត និងតំបន់ទេសចរណ៍មួយទៀតនោះគឺ រមណីយដ្ឋាន ឋានសួគ៌បូកគោ៕
រូបភាពពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com