ជាតិ
ពីនេះ ពីនោះ
«កម្មពៀរ» ជាពាក្យត្រូវ មិនមែន «កម្មពារ» នោះឡើយ
13, Jan 2023 , 7:29 am        
រូបភាព
វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត មិនបានពន្យល់ឲ្យចំពាក្យ «កម្មពៀរ» ឬ «កម្មពារ» នោះឡើយ។ ប៉ុន្តែបើផ្អែកតាមនិយមន័យនៃពាក្យ «ពៀរ» និង «ពារ» វាបញ្ជាក់យ៉ាងច្បាស់ថា «កម្មពៀរ» ជាពាក្យត្រឹមត្រូវ។

«ពៀរ» មានន័យថា ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ។ ចងពៀរ, ស្រាយពៀរ, មនុស្សមានពៀរ ។
 
ពាក្យប្រៀនប្រដៅក្នុងសាសនា៖ រួចចាកពៀរ ព្រោះស្រាយពៀរ កាលបើបានជាចងពៀររួចទៅហើយ ដែលបានរួចរំដោះចាកពៀរលែងមានតទៅទៀតព្រោះស្រាយចំណងពៀរនោះឲ្យជ្រះស្រឡះចេញ បើមិនស្រាយចេញទេ ពៀរក៏ចេះតែមានតៗទៅទៀត។
 
ពាក្យកាព្យ៖ ទីឃាវុកុមារ មានវិចារណ៍ចៀសពៀរបាន ទើបមានសុខក្សេមក្សាន្ត បានសោយរាជ្យគ្រងរដ្ឋពីរ ។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្ត ក្នុងទីឃាវុកុមារជាតកជាពុទ្ធភាសិត ) ។
 
រីឯពាក្យ «ពារ» វិញ ជាកិរិយាសព្ទ មានន័យថា ប៉ះលើ ឬប៉ះត្រូវទាំងស្រុង ពាររបង, ដើរពារ គល់ឈើ ។ ពារលើគ្រោះកាច ប្រទះលើគ្រោះកាច ។ ការពារ រារាំង ។
 
បើជានាម «ពារ» ដែលចេញភាសាបាលី-សំស្ក្រឹត «វារ» មានន័យថា ថ្ងៃ។ ពារពុធ គឺថ្ងៃពុធ ដែលជាពាក្យប្រើក្នុងក្បួនហោរាសាស្ត្រ៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com