ជាតិ
សេដ្ឋកិច្ច
ខេត្តកំពង់ស្ពឺ មាន​៤៣​រោងចក្រ ផលិត​ទំនិញ​នាំទៅ​អាមេរិក​
06, Sep 2020 , 8:29 pm        
រូបភាព
លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កំពុងផ្តល់​សម្ភាស​ឱ្យ​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០២០​។
លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ កំពុងផ្តល់​សម្ភាស​ឱ្យ​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០២០​។
​កំពង់ស្ពឺ​៖ ក្នុងចំណោម​រោងចក្រ​កាត់ដេរ​១៤៥​កន្លែង នៅ​ខេត្តកំពង់ស្ពឺ មាន​​៤៣​រោងចក្រ បាន​ផលិត​ទំនិញ​សម្រាប់​នាំចេញ​ដោយផ្ទាល់​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​។ នេះ​ជាការ​លើកឡើង​របស់លោក វុី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ដោយ​លោក​រំពឹងថា ខេត្តកំពង់ស្ពឺ នឹង​ទាក់ទាញ​វិនិយោគិន ពិសេស​ជនជាតិ​អាមេរិក បាន​កាន់តែច្រើន​។
 
​យោងតាម​ទិន្នន័យ​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី​រដ្ឋបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ រោងចក្រ​ទាំង​៤៣​ដែល​បាន​ផលិត​ទំនិញ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​នាំទៅ​អាមេរិក​នោះ មាន រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​១៤​កន្លែង រោងចក្រ​ផលិត​កាបូប​១៩​កន្លែង រោងចក្រ​ផលិត​ស្បែកជើង​៤​កន្លែង រោងចក្រ​ផលិត​ផលិតផល​សម្រាប់​ធ្វើដំណើ​រ​៤​កន្លែង និង រោងចក្រ​ផលិតផល​ខ្សែ​រ៉ូ​ត​១​កន្លែង​។ 


 លោក  វុី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​(​ស្តាំ​) កំពុង​ពិភាក្សា​ការងារ​ជាមួយ​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​សាលាខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃទី​១​កញ្ញា ឆ្នាំ​២០២០​។ 

​កាលពី​ថ្ងៃទី​១ ខែកញ្ញា លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ លោក   វុី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នៅ​សាលាខេត្ត ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​សក្តានុពល និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​។  ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Patrick Murphy បាន​សម្តែង​ការរីករាយ​យ៉ាងខ្លាំង ដោយ​មើលឃើញ​ពី​ការអភិវឌ្ឍ​និង​ការរីកចម្រើន​របស់​ខេត្ត​។ ពិសេស លោក​ឯកអគ្គរដ្ឋទូត មើលឃើញថា រោងចក្រ​ជាច្រើន​ដែល​កំពុងដំណើរការ បានផ្ដល់​ឱកាស​ការងា​រ​ដល់​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ព្រមទាំង​មានការ​គោរព​ច្បាប់​ការងារ​បានល្អ​ប្រសើរ​។​
 
​បន្ទាប់ពី​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត លោក  វុី សំណាង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រាល់​ផលិតផល​ដែល​ផលិត​នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ គឺ​ត្រូវបាន​សហរដ្ឋអាមេរិក​សាទរ និង​ទទួលស្គាល់​ទាំង​គុណភាព​។ អភិបាលខេត្ត​កំពង់ស្ពឺ មានប្រសាសន៍​ដូច្នេះ​ថា​៖«​គាត់ [​លោក​ទូត​អាមេរិក​] នឹង​ខិតខំ​ជំរុញ​ពាណិជ្ជករ​អាមេរិក​ឱ្យមក​សិក្សា​ដើម្បី​ពង្រីក​សក្កា​នុព​ល​បន្ថែម ដោយសារតែ​អាមេរិក​មើលឃើញថា​ប្រជាជន​នៅទីនេះ មាន​ចំនួន​ច្រើន ឧស្សាហ៍ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ​...»​។ លោក​បន្តថា បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ នៅ​អាមេរិក​និង​ពិភពលោក​មាន​ភាពល្អប្រសើ​រ​ឡើងវិញ អាមេរិក​នឹង​ខិតខំ​ពង្រីក​ទីផ្សារ​របស់​កម្ពុជា​ឱ្យ​កាន់តែ​ធំ​នៅក្នុង​សហរដ្ឋអាមេរិក​។ 
 
​គិត​ត្រឹម​ដើមខែ​កក្កដា ឆ្នាំ​២០២០ ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​ធុន​ធំ ចំនួន​១៤៥ ដែល​កំពុងដំណើរការ​ជាប្រចាំ​ថ្ងៃ​។ រោងចក្រ​ទាំងនោះ បានផ្តល់​ឱកាស​ការងា​រ​ដល់​ពលរដ្ឋ​ជាង​១២​ម៉ឺន​នាក់​។ នេះ​បើតាម​លោក វុី សំណាង ដោយ​លោក បន្ថែមថា ចំណែកឯ​វិស័យ​សហគ្រាស​ធុន​តូច​មធ្យម (SME) និង​សិប្បកម្ម​វិញ​មាន​ចំនួន ១៥០៨​កន្លែង  ដោយបាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​បាន​រហូត​ជាង​១៣​មឺ​ន​នាក់​។ 
 
​បើតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​អាមេរិក បាន​កើន​ពី​៣,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ទៅដល់ ៤,៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ក្នុង​អាត្រា​កំណើន ៤២ ភាគរយ​៕ 
 

Tag:
 រោងចក្រ​
  វី សំណាង​
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com