ជាតិ
សត្វ​ត្មាត​របស់​កម្ពុជា នៅតែ​ប្រឈម​ការ​ផុត​ពូជ​
06, Sep 2020 , 10:19 pm        
រូបភាព
សត្វ​ត្មាត កំពុង​ចឹក​ហែក​ស៊ី​សាកសព​គោមួយ​ក្បាល នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។
សត្វ​ត្មាត កំពុង​ចឹក​ហែក​ស៊ី​សាកសព​គោមួយ​ក្បាល នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។
 ​ភ្នំពេញ​៖ កម្ពុជា អាច​ទុកជា​ក្តីសង្ឃឹម​ចុងក្រោយ​សម្រាប់​ការរស់នៅ​របស់​សត្វ​ត្មាត នៅក្នុង​តំបន់​។ ប៉ុន្តែ​ចំនួន​សត្វ​ត្មាត​បាន​ធ្លាក់ចុះ​រហូតដល់​ពាក់កណ្តាល​នា​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ បច្ចុប្បន្ន កម្ពុ​ជាមាន​សត្វ​ត្មាត សរុប​១១៩​ក្បាល​ប៉ុណ្ណោះ ដោយ​ក្នុងនោះ មាន​ត្មាតផេះ​៧១​ក្បាល ត្មាត​ត្នោត ៣៧​ក្បាល និង ត្មាតភ្លើង ១១​ក្បាល​។ នេះ​បើ​យោងតាម​ទិន្នន័យ​ជំនឿ​សត្វ​ត្មាត​ប្រចាំឆ្នាំ​២០២០ របស់​ក្រសួងបរិស្ថាន​។

 

​សត្វ​ត្មាត ក៏បាន​ដើរតួនាទី​ក្នុងការ​ថែរក្សា​បរិស្ថាន​ដែរ ព្រោះ​សត្វ​ប្រភេទ​នេះ ស៊ី​សាកសព​សត្វ ដោយ​ជួយ​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ពីស​ត្វ​ងាប់​។ សេចក្តីប្រកាស​ព័ត៌មាន​រួម របស់​អង្គការ​និង​ស្ថាប័ន​៨ ជា​ក្រុម​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​នេះ ដូចជា មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវៈចម្រុះ (ACCB) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​កម្មវិធី​ប្រចាំ​កម្ពុជា (BLI) ក្រសួងបរិស្ថាន (MoE) និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (MAFF) ជាដើម កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០ បាន​លើកឡើងថា សត្វ​ត្មាត​ជា​ភ្នាក់ងារ​សម្អាត​បរិស្ថាន​។ 
 
អត្ថបទទាក់ទង

 
​សេចក្តីប្រកាស​ព័ត៌មាន សរសេរថា​៖«​ការប្រើប្រាស់​ថ្នាំពុល​ដែលមាន​សារធាតុ Carbofuran អាចធ្វើឱ្យ​អន្តរាយ​ដល់​សត្វ​ត្មាត​»​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន សារធាតុ​គីមី​ដ៏​គ្រោះថ្នាក់​ទាំងនេះ​គួរតែ​ត្រូវបាន​ហាមឃាត់​ប្រើប្រាស់ ព្រោះ​វា មិន​ត្រឹម​បំផ្លាញ​ជីវិត​រស់នៅ​រប​ស់​សត្វ​ត្មាត​នោះទេ តែ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ផងដែរ​។ 
 
​អង្គការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនោះ បាន​អះអាង​ដូច្នេះ​ថា​៖«​សត្វ​ត្មាត​ក្នុងស្រុក​ទាំងបី​ប្រភេទ [​ត្មាតផេះ​ត្មាត​ត្នោត និង​ត្មាតភ្លើង​] ដែល​រស់​នៅតាម​ព្រៃ​ល្បោះ​នៃ​ប្រទេស​កម្ពុជា កំពុង​ទទួល​ការគំរាមកំហែង​ឈានដល់​ការ​ផុត​ពូជ​»​។ ស្ថាប័ន​ទាំងនេះ បន្តថា មាន​ចំនួន​សត្វ​ត្មាត​មិន​ច្រើន​ទេ ដែល​កំពុងមាន​វត្តមាន​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ខេត្ត​ស្ទែ​ង​ត្រែង  និង​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ​។​
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ធា្ល​ប់​ប្រាប់សារព័ត៌មាន​ថ្មីៗ​កន្លងមក​ថា សត្វ​ត្មាត ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​នេះ គឺជា​មរតក​ធម្មជាតិ​ដ៏​កម្រ​។ លោក​បាន​និយាយ​ដូច្នេះ​ថា​៖«​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ​និង​កំពុង​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​ក្នុងការ​បាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន​សត្វ​នេះ​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ ក្នុង​កម្រិត​មួយ​គួរឱ្យ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​»​។​
 
​លោក ម៉ា​យ​ឃើ​ល ម៉ី​យ័រ​ហូ​ហ្វ (Michael Meyerhoff) នាយក​មជ្ឈមណ្ឌល​អង្គ​រ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​អាចមាន​មោទកភាព​ចំពោះ​ខ្លួនឯង​ដែល​នៅមាន​វត្តមាន​សត្វ​ត្មាត​នៅក្នុង​ប្រទេស​។ ប៉ុន្តែ ប្រជាពលរដ្ឋ​គ្រប់គ្នា​ចាំបាច់​ត្រូវតែ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម​អភិរក្ស តាមរយៈ​ការជួយ​ការពារ​ទីជម្រក​របស់​សត្វ​ត្មាត និង​ជាពិសេស​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​បំពុល​សត្វព្រៃ​។ លោក​បាន​សង្កត់ធ្ងន់ថា  បើ​មិន​ដូច្នេះ​ទេ សត្វ​ត្មាត​របស់​កម្ពុជា​នឹង​វិនាស​ផុត​ពូជ​ដូច​នៅក្នុង​ប្រទេស​ថៃ​និង​វៀតណាម​ជាមិនខាន​។​
 
​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា បាន​បង្កើតឡើង​ដោយ​រួមមាន អង្គការ​មិនមែន​រដ្ឋាភិបាល រដ្ឋាភិបាល និង វិទ្យាស្ថាន​អប់រំ​ជាន់ខ្ពស់ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ផុត​ពូជ​របស់​សត្វ​ត្មាត​នៅ​កម្ពុជា​។ លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​កម្ពុជា បាន​និយាយថា ស្ថានភាព​អភិរក្ស​សត្វ​ត្មាត​ទាំងបី​ប្រភេទ​ដែលជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅ​កម្ពុជា គឺមាន​លក្ខណ​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង​។ 


សត្វ​ត្មាត​ជាង​៣០​ក្បាល នៅ​ដែនជម្រកសត្វព្រៃ​ឆែក​កំពុង​រោម​គ្នា​ស៊ី​សព​គោមួយ​ក្បាល នៅ​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។​ 

​ថ្នាំ​សម្លាប់​សត្វល្អិត​មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ជីវិត​រស់រាន​របស់​ស​ត្វ​ត្មាត​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​បសុសត្វ​ផងដែរ​។ នាយក​អង្គការ​WWF រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​អង្គការ WWF កំពុងតែ​ស្វែងរក​ការគាំទ្រ​មតិ​លើ​វិធីសាស្ត្រ​សុខភាព​មួយ (One Health)  ដែល​ផ្សារភ្ជាប់​សុខភាព​របស់​មនុស្ស សត្វ និង បរិស្ថាន​រួម​របស់​យើង ព្រមទាំង​ជុំរុញឱ្យមាន​ការធ្វើ​សេចក្តីសម្រេចចិត្ត​បញ្ឈប់​ការបរិភោគ​សត្វព្រៃ និង​ការប្រើប្រាស់​ដីធ្លី​»​។​
 
​សត្វ​ត្មាត អាច​ហោះហើរ​នៅលើ​អាកាស​បាន​កម្ពស់​៦​គីឡូម៉ែត្រ និង​អាច​ហើរ​បាន​ក្នុង​ល្បឿន​រហូតដល់ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​វា​អាច​ហើរ​ទៅ​មកពី​អាហារ​ដ្ឋា​ន​ផ្តល់​ចំណី​សត្វ​ត្មាត​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប និង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​យ៉ាង​ងាយស្រួល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​ខាងលើ​ដដែល​៕ 


 ​សត្វ​ត្មាត​កំពុង​ទំ​នៅលើ​មែកឈើ​មួយ​ដើម នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប ក្នុង​ខេត្តព្រះវិហារ  នា​ព្រឹក​ថ្ងៃទី​១០​មិថុនា ឆ្នាំ​២០២០​។​

Tag:
 សត្វ​ត្មាត​
  ស្ទឹងត្រែង​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com