ជាតិ
ខេត្ត​កែប​ចាត់វិធានការ ដល់​ជន​ឆ្លៀតឱកាស​តំឡើងថ្លៃ​សេវាកម្ម​ទេសចរណ៍ ក្នុងពេល​ឈប់សម្រាក​
06, Sep 2020 , 5:00 pm        
រូបភាព
រូបភាពពីមន្ទីរទេសចរណ៍ខេត្តកែប
រូបភាពពីមន្ទីរទេសចរណ៍ខេត្តកែប
​កន្លងមក​ខេត្ត​កែប ត្រូវ​បានទទួល​ការវាយប្រហារ​ពី​ការតំឡើងថ្លៃ​ហួសហេតុ​សម្រាប់ ម្ហូបអាហារ និង​សេវាកម្ម​កម្សាន្ត​ពី​សំណាក់​ភ្ញៀវទេសចរ​។ ចំពោះ​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ខេត្ត​កែប និង​មន្ទីរ​ពាក់ព័ន្ធ​កំពុង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​អាចឈាន​ទៅដល់​ការបិទ​អាជីវកម្ម​តែម្ដង​ចំពោះ​ជន​ណា មិន​ព្រម​កែប្រែ​។​


 ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា លោក​ពិតជា​ទទួលស្គាល់​ថា​មាន​បញ្ហា​ការឡើង​ថ្លៃ​ពិតមែន នៅតាម​តំបន់​ទេសចរណ៍​មួយចំនួន​។ លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ « កន្លងមក​យើង​ទទួលស្គាល់ថា​មាន​បាតុភាព​ចំពោះ​ការតំឡើងថ្លៃ​មែន ប៉ុន្តែ​ជា​មោទនៈភាព​ចំពោះ​ខេត្ត​គឺ​យើង​ទទួលបាន​ភ្ញៀវទេសចរ​ជាច្រើន តែ​បញ្ហា​ប្រឈម គឺ​ប្រជាពលរដ្ឋ​យើង​មួយចំនួន​ឆ្លៀតឱកាស​ក្នុងការ​តំឡើងថ្លៃ ហើយ​បង្កើត​បញ្ហា​នេះ​។ ជន​ដែល​បង្ករ​បញ្ហា​ទាំងអស់នេះ​ឡើង​គឺ​មិនមែនជា​អាជីវករ​អចិ​ន្ត្រៃ តែ​ជា​អ្នក​មក​ក្រាលកន្ទេល​ក្រោម​ដើមឈើ​យកលុយ​ភ្ញៀវ​ជាដើម​»​។ 
 
​លោក​ក៏បាន​លើកឡើង​ផងដែរ​ថា សម្រាប់​តម្លៃ​ចំពោះ​អាជីវករ​តែងតែ​លក់ដូរ​តាម​រមណីយដ្ឋាន​វិញ គឺ​វា​ជាការ​ព្រមព្រាងគ្នា​រវាង​អ្នកលក់ និង​អ្នកទិញ​ប៉ុណ្ណោះ ហើយ​តម្លៃ​អាច​នឹង​ឡើង​ខ្លះ​មែន​ព្រោះ ពេល​បុណ្យទាន ទេសចរ​មាន​ចំនួន​ច្រើន ហើយ​អ្នកផ្គត់ផ្គង់​មាន​ចំនួន​តិច​។​
 
​ថ្នាក់ដឹកនាំ​ខេត្ត បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ដើម្បី​ចាត់វិធានការ​ចំពោះ​ជន​ឆ្លៀតឱកាស​តំឡើងថ្លៃ​ម្ហូបអាហារ និង​សេវាកម្ម​ទេសចរ​យ៉ាង​តឹងរ៉ឹង​។ លោក សោម ចិន្តា បាន​រៀបរាប់ថា « វា​ជា​បទពិសោធន៍ ដូច្នេះ​ថ្នាក់ដឹកនាំ​ខេត្ត និង​អាជ្ញាធរ ត្រៀម​បង្ការ​ចំពោះ​បាតុភាព​ដែល​ធ្លាប់បាន​កើតឡើង​កន្លង​មក ដោយ​យើង​មាន​យន្តការ​ទីមួយ​គឺ​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​។ ទី​២​យើង​បង្កើត​ក្រុម​កា​ងារ​ដើម្បី​ចុះ​អង្កេត និង​តាមដាន នៅ​តំបន់​ណា​ដែល​តែងតែមាន​បាតុភាព​តម្លើងថ្លៃ​កើតឡើង ទាំង​អាជីវករ​អចិ​ន្ត្រៃ និង​មិន​អចិ​ន្ត្រៃ ហើយ​បើ​កន្លែង​ណា​មាន​បញ្ហា​ខ្លាំង​យើង​អាចឈាន​ទៅដល់​ការបិទ​អាជីវកម្ម​តែម្ដង​»​។​
 
​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ​បានបង្ហាញ​ចំណាប់អារម្មណ៍​សោកស្ដាយ​ថា​៖ « បញ្ហា​ទាំងអស់នេះ​បានធ្វើ​ឲ្យ​មានការ​វាយប្រហារ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​ពួកគាត់​ជាខ្លាំង ខណៈដែល​ពួកគាត់​មិនបាន​ឈប់សម្រាក និង​ជួបជុំ​ប្រពន្ធ​កូន ពេល​បុណ្យទាន ហើយ​ថែមទាំង​ទទួលបាន​ការវាយប្រហា​រ​ទៅវិញ​»​។​
​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​ចំនួន​៥​ថ្ងៃ ខេត្ត​កែប​បាន​ឈរ​នៅ​លំដាប់​លេខ​បី ជា​ខេត្ត​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើនជាងគេ​រហូតដល់​ជិត​១៥​ម៉ឺន​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com