ជាតិ
សង្គមជាតិ
អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​ឲ្យ​គ្រូ​បណ្តុះ​នូវ​វប្បធម៌​កតញ្ញូ និង​ចរិត​ជាតិនិយម​ដល់​សិស្ស​
10, Sep 2020 , 12:00 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បានស្នើ​ឲ្យ​គ្រូ​បណ្តុះ​នូវ​វប្បធម៌​កតញ្ញូ និង​ចរិត​ជាតិនិយម ដល់​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​ពួកគេ​យល់​កាន់តែច្បាស់ នា​ពិធី​សំណេះសំណាល​ជាមួយនឹង​គ្រូ និង​សិស្សានុសិស្ស​ជិត​២០០​នាក់ នៅ​ថ្ងៃទី​៨ ខែកញ្ញា ។
 
​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បានលើកឡើង​ដូច្នេះ​ថា មនុស្ស​ដែល​មិន​ស្គា​ល់ពី​អតីតកាល​របស់ខ្លួន គឺ​មិនដែល​ជោគជ័យ​នៅក្នុងពេល​បច្ចុប្បន្ន​ទេ ។ ចំណែក​មនុស្ស​ដែល​មិន​ស្គា​ល់ពី​កម្លាំង​របស់ខ្លួន​នៅពេល​បច្ចុប្បន្ន គឺ​មិនអាច​លើក​ទិសដៅ​យក​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​នោះដែរ​។ 
 
​ត្រង់ចំណុច​នេះ​លោក​អភិបាលខេត្ត​ពោធិ៍សាត់ ស្នើ​ឲ្យ​គ្រូ​ពង្រឹង​ការបណ្តុះបណ្តាល​ផ្នែក​វប្បធម៌​កតញ្ញូ និង​ចរិត​ជាតិនិយម​ដល់​សិស្សានុសិស្ស​ជំនាន់​ក្រោយ​។ លោក​ក៏បាន​ណែនាំ​ឲ្យ​គ្រូ​បណ្តុះ​ស្មារតី​ឲ្យ​សិស្សយ​ល់ពី​ប្រវត្តិសាស្ត្រ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​។​
 
​អភិបាលខេត្ត​ពោធិ៍សាត់ បាន​បញ្ជាក់ថា វិស័យ​អប់រំ គឺជា​វិស័យ​មួយ​ដែលមាន​អាទិភាព និង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការកសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ដោយ​ពឹង​ផ្អែកលើ​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព លើ​ផ្នែក​ចំណេះដឹង ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់បំផុត​នាពេល​បច្ចុប្បន្ន​។​
 
​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​អ្វីៗ​សព្វគ្រប់​នៅលើ​លោក គឺ​ផ្តើមចេញពី​លោកគ្រូ អ្នកគ្រូ ដែលជា​ថ្នាល​បណ្តុះ​មនុស្ស​ថ្មី ជា​ពុម្ព​ផលិត​មនុស្ស​ថ្មី ជា​អ្នក​សាបព្រោះ​ព្រលឹង​របស់​ជាតិ​។ គ្រប់​ទង្វើ និង​សកម្មភាព របស់លោក​គ្រូ អ្នកគ្រូ សុទ្ធតែជា​ការអប់រំ ដូច្នេះ​គប្បី​យកចិត្តទុកដាក់ មាន​ឆ​ន្ទះ​ក្នុងការ​បំពេញការងារ មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ និង​មានការ​បណ្តុះ​នូវ​វប្បធម៌​កតញ្ញូ និង​ច​រឹក​ជាតិនិយម ដល់​កូនចៅ​ជំ​នាក់​ក្រោយ​»​។​
 
​លោក ម៉ៅ ធនិន ក៏បាន​ស្នើ​ឲ្យ​លោកគ្រូ និង​អ្នកគ្រូ ចាប់ផ្តើម​ស្លៀក​សំលៀកបំពាក់​បុរាណ​ខ្មែរ នៅក្នុង​កម្មវិធី​ជប់លៀង ឬ​កម្មវិធី​នៅក្នុង​សាលា​ផងដែរ​។ លោក បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ចំពោះ​សម្លៀកបំពាក់​បូរាណ​ខ្មែរ គឺ​ពិតជា​បង្កប់​នូវ​អត្ថន័យ និង​បង្ហាញ​អត្តសញ្ញាណ វប្បធម៌ ប្រពៃណីជាតិ ឱ្យ​បរទេស​បាន​ស្គាល់​»៕ 

Tag:
 គ្រូ
© រក្សាសិទ្ធិដោយ thmeythmey.com