ជាតិ
ទៅប្រាសាទព្រះវិហារ បើចង់ឃើញទេសភាពដ៏ស្រស់ត្រកាល ត្រូវឡើងតាមជណ្តើរឈើ
19, Sep 2020 , 10:39 am        
រូបភាព
ព្រះវិហារ៖ ប្រាសាទព្រះវិហារ ជាគោលដៅទេសចរណ៍ដ៏សំខាន់ នៃខេត្តព្រះវិហារ។ ដើម្បីទៅទស្សនាប្រាសាទបេតិកភណ្ឌនាភ្នំដងរែកនេះ ភ្ញៀវទេសចរអាចមានជម្រើសពីរ គឺតាមរយៈជួលរថយន្ត និងធ្វើដំណើរថ្មើរជើងតាមជណ្ដើរឈើដែលអម«ជណ្ដើរបុរាណ»។ បើតាមលោក អឿ សុភាព មគ្គទេ្ទសក៍ទេសចរណ៍ខេត្តព្រះវិហារ ភ្ញៀវទេសចរទៅកម្សាន្តប្រាសាទព្រះវិហារនិយមធ្វើដំណើរតាមរថយន្តជាងតាមជណ្ដើរឈើ ព្រោះថាមិនសូវមានពេលគ្រប់គ្រាន់ ខណៈការធ្វើដំណើរតាមជណ្ដើរត្រូវចំណាយរយៈពេលជិត២ម៉ោង។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសាឬព័ត៌មានថ្មីៗ ជាមួយលោក អឿ សុភាព មគ្គទេ្ទសក៍ទេសចរណ៍ខេត្តព្រះវិហារ ដូចតទៅ៖ 
 

 
«ជណ្ដើរឈើ» ត្រូវបានសង់នៅអំឡុងឆ្នាំ២០០៩ អម«ជណ្ដើរបុរាណ» ដែលមានចំនួន២២៤២កាំ និងប្រវែង១៤៥៦ម៉ែត្រ ស្ថិតនៅផ្នែកខាងកើតភ្ជាប់ពីជើងភ្នំដងរែក ឡើងទៅគោបូរៈទី៥ នៃប្រាសាទព្រះវិហារ។ ដ្បិតមានភ្ញៀវទេសចរមិនសូវច្រើន ដែលបានធ្វើដំណើរថ្មើរជើងតាមជណ្ដើរនេះ  តែទេសចរ នឹងទទួលបានអារម្មណ៍ប្លែក តាមរយៈទេសភាពដ៏ស្រស់ស្អាតតាមផ្លូវ និងសំឡេងបក្សាបក្សីជាដើម។

 រូបភាព៖ សេង សេរីវុធ
លោក អឿ សុភាព មគ្គទេ្ទសក៍ទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា អ្នកធ្វើដំណើរតាមជណ្ដើរឈើ ភាគច្រើនជាភ្ញៀវទេសចរបរទេស និងទេសចរនៅតំបន់ជិតៗនោះប៉ុណ្ណោះ។ «បើមានបុណ្យទាន គឺមានភ្ញៀវទេសចរក្នុងតំបន់ជិតៗនេះ គាត់ជិះម៉ូតូ ឬរថយន្តផ្ទាល់ខ្លួន ចតនៅមុខជណ្ដើរផ្នែកខាងលិច រួចគាត់ដើរឡើង ដោយសារគាត់មានពេលគ្រប់គ្រាន់ឡើងទៅខាងលើ និងចុះមកវិញ»។ នេះជាការបញ្ជាក់របស់លោក អឿ សុភាព ដោយលោកបានបន្ថែមថា ភ្ញៀវទេសចរខ្លះក៏ធ្វើដំណើរឡើងតាមរថយន្ត និងចុះមកវិញតាមជណ្ដើរឈើដែរ។

 រូបភាព៖ សេង សេរីវុធ
បើតាមមគ្គទ្ទេសក៍ទេសចរណ៍ ខេត្តព្រះវិហាររូបនេះ បើភ្ញៀវទេសចរពីចម្ងាយ ចង់សាកល្បងធ្វើដំណើរតាមជណ្ដើរឈើ និងទស្សនាប្រាសាទព្រះវិហារឱ្យបានច្បាស់ ភ្ញៀវទេសចរត្រូវចំណាយពេលមួយយប់មួយថ្ងៃ ដោយអាចស្នាក់នៅឃុំស្រអែមមួយយប់ ហើយឡើងតាមជណ្ដើរឈើពេលព្រឹកព្រលឹម។ ម៉្យាងវិញទៀត បើទេសចរ មានចំណាប់អារម្មណ៍ចង់ធ្វើដំណើរតាមមធ្យោបាយទាំងពីរ គឺអាចជួលរថយន្តឡើងប្រាសាទព្រះវិហារ និងចុះមកវិញតាមជណ្ដើរឈើ។


 រូបភាព៖ សេង សេរីវុធ
កាលពីថ្ងៃទី១៦-១៨ ខែសីហា កន្លងទៅក្រុមកម្សាន្ត  Cambodia Amazing Trip Planner បានរៀបចំជំរំតង់ «សួគ៌ាបព៌ត» នាជួរភ្នំដងរែកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលមានអ្នកចូលរួមជិត៥០នាក់។ ដំណើរកម្សាន្តនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ចូលរួមប្រើប្រាស់សេវាកម្មក្នុងស្រុក ជាពិសេសឱ្យភ្ញៀវទេសចរ ស្គាល់ពីសក្ដានុពលទេសចរណ៍ដ៏អស្ចារ្យក្នុងស្រុក។ Cambodia Amazing Trip Planner បានសហការជាមួយសារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ក្នុងប្រទេសកម្ពុជា៕ 


 រូបភាព៖ សេង សេរីវុធ
 

Tag:
 ជណ្ដើរឈើ
  ព្រះវិហារ ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com