ជាតិ
សង្គមជាតិ
ចម្លាក់​ក្រោម​ដី​របស់​ក្រុម YouTube មួយ​នៅ​ស្រុក​សូទ្រនិគម​កំពុង​ទាក់ទាញ​អ្នក​ទៅ​ទស្សនា​
15, Sep 2020 , 4:39 pm        
រូបភាព
រូបភាពផ្តល់ដោយ លោក អេង យូ
រូបភាពផ្តល់ដោយ លោក អេង យូ
​សៀមរាប​៖ សាធារណជន​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍ ទៅនឹង​ចម្លាក់​ក្រោម​ដី​របស់​ក្រុម​ផលិត​វីដេអូ​f YouTube មួយ ស្ថិត​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ទម្លាក់​ក្រោម​ដី ដែល​កើតចេញពី​ការច្នៃ​ម៉ូដ​ដ៏​ទាក់ទាញ ដោយ​អ្នករកស៊ី​លើ​ប្រព័ន្ធ YouTube មួយ តាមរយៈ​សកម្មភាព​ជីករណ្ដៅ​ដី និង​ឆ្លាក់​ជា​ចម្លាក់​ផ្សេងៗ​នៅក្នុង​នោះ​។​
 
​ចម្លាក់​ក្រោម​ដី ដែលមាន​រាង​ជា​បន្ទប់​គេង មាន​គ្រែ សា​ឡុង តុ និង​ចម្លាក់​តាម​ជញ្ជាំង មួយចំនួនទៀត កំពុង​ទាញ​ការចាប់អារម្មណ៍​ពី​ទេសចរ​ជាតិ​ជិត​ឆ្ងាយ ឱ្យទៅ​ទស្សនា​។ ភាព​ទាក់ទាញ​ទាំងនោះ ដោយសារ​ជា​ចម្លាក់​កម្រ និង​មិន​ធ្លាប់​បានឃើញ​ផ្ទាល់​នាពេល​កន្លងមក ដែល​ក្រុម​អ្នក​ផលិត​វីដេអូ YouTube ដ៏​ល្បីឈ្មោះ​មួយ បង្កើតឡើង​សម្រាប់​ថត​ផ្សព្វផ្សាយ​ក្នុង​បណ្ដាញ YouTube​។​
 
​លោក ពា​ញ ស៊ីថា ស្ថាបនិក​និង​ជា​អ្នក​រចនា​ម៉ូដ​ចម្លាក់​ក្រោម​ដី លើកឡើងថា ដើមឡើយ​លោក​គ្មាន​បំណង​ធ្វើឱ្យ​ចម្លាក់​ក្រោម​ដី​នេះ មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ​យ៉ាង​ដូច្នេះ​ឡើយ គឺ​ការរៀប​ចំនេះ​សម្រាប់​ថត​បញ្ចូល​ក្នុង​គណនី YouTube តែប៉ុណ្ណោះ​។ តាម​ការបញ្ជាក់​របស់​លោក ស៊ីថា កន្លងមក​ក្រុម​លោក​ធ្លាប់​រៀបចំ​ជា​ចម្លាក់​ក្រោម​ដី​នេះ​បាន​ប៉ុន្មាន​លើក​មកហើយ តែ​ជា​ចម្លាក់​ផ្ទះ​ក្រោម​ដី​សម្រាប់​សត្វ ទើបតែ​ពេល​ថ្មីៗ​នេះ​បាន​កែច្នៃ​ជា​ចម្លាក់​ផ្ទះ​សម្រាប់​មនុស្ស​ម្ដង​។ 
 
​តាម​ការបញ្ជាក់​ពី​អ្នករកស៊ី​លើ​តាម​ប្រព័ន្ធ YouTube លោក ស៊ីថា បន្ថែមថា ក្រុម​លោក​មាន​គ្នា​៥​នាក់ បាន​ចំនាយពេល​ជិត​២​ខែ ដើម្បី​ច្នៃ​ចម្លាក់​ផ្ទះ​ក្រោម​ដី​នេះ​ឡើង ដោយ​ចម្លង​គំនិត​មួយផ្នែក​ពី​វីដេអូ​បរទេស រួម​និង​ការបន្ថែម​គំនិត​ដោយ​ខ្លួនឯង​។ ទន្ទឹមនឹង​ការសប្បាយរីករាយ​ជាមួយនឹង​ការគាំទ្រ​ពី​សាធារណជន លោក ស៊ីថា ក៏​បង្ហាញ​ការព្រួយបារម្ភ​ផងដែរ នៅពេលដែល​ទីតាំង​ចម្លាក់​ក្រោម​ដី​របស់លោក មាន​អ្នក​ចូលមក​ទស្សនា​ច្រើន ដ្បិតថា ក្បូរក្បាច់​ចម្លាក់​ដែល​ក្រុម​លោក​រចនា​ឡើង គឺ​ទៅតាម​ចំណេះ​និង​គំនិត​តិចតួច​ដែល​ខ្លួន​មាន និង​មិនមែនជា​អ្នកជំនាញ​សិល្បៈ​អ្វី​ឡើយ​។ បន្ថែម​ពី​នោះ លោក​បារម្ភ​ថា អាចមាន​ខុស​ទម្រង់​សិល្បៈ​ណាមួយ​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ លោក ស៊ីថា បង្ហាញ​អារម្មណ៍​រីករាយ​ជាខ្លាំង​ដែល​ចម្លាក់​ក្រោម​ដី​របស់លោក​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន រួម​និង​សាធារណជន ដែល​បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​ក្រុម​របស់លោក​បន្តធ្វើ​ទៀត​។ សិល្បៈ​ចម្លាក់​ក្រោម​ដី​ខាងលើនេះ​ស្ថិតនៅ​ភូមិ គោក​តឹង ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​៕








 
 

Tag:
 ចម្លាក់​ក្រោម​ដី​
© រក្សាសិទ្ធិដោយ thmeythmey.com