ជាតិ
ឥទ្ធិពលព្យុះ «នូល» បណ្ដាលឲ្យជន់លិចផ្ទះពលរដ្ឋ ១៩គ្រួសារ នៅឧត្តរមានជ័យ
19, Sep 2020 , 4:59 pm        
រូបភាព
រូបភាពពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម
រូបភាពពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន ១៩គ្រួសារ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានជន់លិច ដោយសារឥទ្ធិពលព្យុះនូល «NOUL»។ បើតាមលោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក ការជន់លិចផ្ទះពលរដ្ឋចំនួន ១៩គ្រួសារនេះ គឺស្ថិតក្នុងរយៈពេលខ្លីមិនបណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋធ្ងន់ធ្ងរឡើយ។

 
ស្ថិតនៅតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជា ខេត្តឧត្តរមានជ័យ បានទទួលរងនូវឥទ្ធិពលព្យុះនូល «NOUL» ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន និងបណ្ដាលឲ្យជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះ៖ «ដោយសារឥទ្ធិពលព្យុះនូល និងមួយផ្នែកទៀត ហូរពីជួរភ្នំដងរែក បានធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានភាពភ្លៀងបានធូរស្រាលវិញហើយ ហើយជន់លិចក្នុងរយៈពេលខ្លីប៉ុណ្ណោះ»។ 
 
បើតាមអ្នកនាំពាក្យខាងលើ ក្រៅពីខេត្តឧត្តរមានជ័យ មានខេត្តព្រះសីហនុ និងខេត្តកោះកុង បានរងនូវការជន់លិច ក្នុងនោះខេត្តព្រះសីហនុ បានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព។ ចំណែកស្ថានភាពទឹកជន់លិចនៅខេត្តព្រះសីហនុវិញ លោក ចាន់ យុត្ថា អះអាងថា មានលក្ខណៈល្អប្រសើរឡើងវិញហើយ។ 
 
លោក ចាន់ យុត្ថា អំពាវនាវឲ្យប្រជានេសាទ និងប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ខណៈរលកលើផ្ទៃសមុទ្របន្តបោកបក់ខ្ពស់ និងខ្លាំង។ អ្នកនាំពាក្យរូបនេះ បន្តថា ក្នុងអំឡុងពេល២-៣ថ្ងៃមកនេះ ភ្លៀងបន្តធ្លាក់ជោគជាំនៅតំបន់ភ្នំ និងគ្របដណ្ដប់នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ 
 
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨-២០ កញ្ញា កម្ពុជា បានទទួលរងនូវឥទ្ធិពលព្យុះទី១១ ឈ្មោះ នូល »NOUL» ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែកញ្ញា។ ឥទ្ធិពលព្យុះនេះ បង្កឲ្យ តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរែក រួមទាំងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់៕
 

Tag:
 អាកាសធាតុ
  ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com