ជាតិ
ទេសចរប្រមាណ៩០០នាក់ ក្នុងចំណោម១ពាន់នាក់ ដែលជាប់លើកោះនៅខេត្តព្រះសីហនុ មានសុវត្ថិភាពហើយ!
20, Sep 2020 , 3:39 pm        
រូបភាព
ដោយ:
ភ្ញៀវទេសចរប្រមាណ៩០០នាក់ ឬ៩០ភាគរយ ក្នុងចំណោមទេសចរប្រមាណ១ ០០០នាក់ ដែលជាប់នៅលើកោះនានា ក្នុងខេត្តព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ច និងក្រុមហ៊ុនឯកជន ដឹកជញ្ជូនមកលើដីគោកដោយសុវត្ថិភាពហើយ គិតត្រឹមម៉ោង២រសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើតាមលោក លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបានបន្តប្រាប់សារព័ត៌មានថ្មីៗថា អាជ្ញាធរនឹងដឹកទេសចរដែលនៅសល់ មកកាន់ទីសុវត្ថិភាពឲ្យបានលឿនតាមដែលអាចធ្វើបាន។
 
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗ ថាភ្ញៀវទេសចរដែលជាប់នៅលើ កោះរ៉ុង កោះរ៉ុងសន្លឹម និងកោះសង្សារ ប្រមាណ១០០០នាក់ ត្រូវបានដឹកមកដល់ដីគោក៩០ភាគរយហើយ គិតត្រឹមរសៀលថ្ងៃទី២០ កញ្ញានេះ។ ប្រតិបត្តិការដឹកជញ្ជូនភ្ញៀវទេសចរ មកកាន់ដីគោក ត្រូវបានធ្វើឡើងតាំងពីម៉ោង១០ព្រឹកថ្ងៃអាទិត្យនេះ ក្រោយអាកាសធាតុអំណោយផល ហើយនៅតែបន្តរហូតអស់អ្នកទេសចរ។
 
លោក ជួន ណារិន្ទ បញ្ជាក់ពីមូលហេតុនៃការជាប់ភ្ញៀវទេសចរ នៅលើកោះក្នុងខេត្តព្រះសីហនុដូច្នេះថា៖ « ភ្ញៀវទេសចរប្រមាណ១០០០នាក់ បានជាប់នៅលើកោះប្រហែល២យប់ ព្រោះមានខ្យល់កន្ទ្រាក់ ជាមួយភ្លៀងផ្គរខ្លាំង។ ដូច្នេះដើម្បីសុវត្ថិភាពរបស់ពួកគាត់ ខាងអាជ្ញាធរខេត្តបានផ្អាកការចេញចូល។ចំណែកនៅថ្ងៃនេះ យើងមានឱកាស មេឃស្រឡះល្អ យើងក៏បានជម្លៀសពួកគាត់មកវិញដោយសុវត្ថិភាព»។
ដ្បិតតែត្រូវជាប់គាំងដំណើររយៈពេល២យប់នៅលើកោះ ប៉ុន្តែស្នងការនគរបាលខេត្ត លោកក៏ព្រះសីហនុអះអាងថា ភ្ញៀវទេសចរទាំងអស់ មានសុខភាពល្អ មិនមានជួបបញ្ហាអ្វីនោះទេ ដោយសារតែបណ្តាកោះទាំង៣ដែលទេសចរបានជាប់គាំងនោះ សុទ្ធតែជាកោះកម្សាន្ត មានសមត្ថកិច្ចនៅគ្រប់គ្រង។
 
សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី១៨-២០ កញ្ញា កម្ពុជា បានទទួលរងនូវឥទ្ធិពលព្យុះទី១១ ឈ្មោះ នូល »NOUL» ដែលបានកើតឡើងនៅលើសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែកញ្ញា។ ឥទ្ធិពលព្យុះនេះ បង្កឲ្យ តំបន់ទំនាបកណ្ដាល និងតំបន់ជួរភ្នំដងរែក រួមទាំងតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់៕
 
រូបភាពពីគេហទំព័រអគ្គរស្នងការនគរបាលជាតិ៖





© រក្សាសិទ្ធិដោយ thmeythmey.com