ជាតិ
ជំនន់ទឹកភ្លៀងនៅស្រុកស្ទឹងហាវ៖ ត្រីឆ្តោ ផ្ទក់ ក្រាញ់ និងបង្គារួចចេញពីស្រះ រីឯត្រីឆ្ពង់រាប់តោនងាប់ 22, Sep 2020 , 2:58 pm
× ជំនន់ទឹកភ្លៀងដោយសារឥទ្ធិពលព្យុះនូលនារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាលឲ្យប៉ះពាល់ដល់បែចិញ្ចឹមត្រីនិងបង្គាជាច្រើនកន្លែង ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយក្នុងនោះត្រីឆ្ដោ ផ្ទក់ ត្រីក្រាញ់ និងបង្គាជិត២០០តោនរួចចេញពីស្រះចិញ្ចឹម រីឯត្រីឆ្ពង់២០តោនផ្សេងទៀតបានងាប់ បន្ទាប់ពីទឹកសាបហូរចូល។
ស្ថានភាពភ្លៀងធ្លាក់ជាប់គ្នាមិនដាច់កាលពីថ្ងៃទី១៨-២០ ខែកញ្ញាកន្លងទៅ បានធ្វើឱ្យមានជំនន់ទឹកភ្លៀងជន់លិចស្រះចិញ្ចឹមត្រី កម្ពស់ជិត២ម៉ែត្រ ក្នុងស្រុកស្ទឹងហាវ។ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗ ២៥ យ៉ាងដូច្នេះ៖«ស្រះចិញ្ចឹមត្រីជាច្រើនកន្លែងបានលិចជាបន្តបន្ទាប់ ក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងជាប់គ្នា ធ្វើឱ្យត្រីនិងបង្គាជិត២០០តោនរួចចេញពីស្រះ។
ត្រីដែលរួចចេញពីស្រះទាំងនោះរួមមាន ត្រីឆ្ដោ១១០តោន ត្រីផ្ទក់៦តោន ត្រីក្រាញ់៤តោន និងបង្គាចំនួន៧០តោន។ បន្ថែមពីនេះ ក៏មានត្រីឆ្ពង់២០តោនផ្សេងទៀតបានងាប់ បន្ទាប់ពីទឹកសាបហូរចូលក្នុងស្រះ»។
ប្រធានមន្ទីររូបនេះបានឱ្យដឹងទៀតថា ត្រីដែលរងផលប៉ះពាល់ដោយសារទឹកជំនន់លើកនេះ ប្រសិនបើគិតជាទឹកប្រាក់មានតម្លៃប្រមាណ២,៨៩០លានរៀល។ លោកបន្តថា ក្រៅតែពីត្រី ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់តិចតួចទៅលើដំណាំស្រូវ និងបន្លែផ្សេងៗទៀត។
លោក ឃាង ភារម្យ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តព្រះសីហនុ ក៏បានលើកឡើងដែរថា ទោះបីជាស្ថានភាពអាកាសធាតុ ហាក់មានភាពល្អប្រសើរខ្លះហើយក៏ដោយ ប៉ុន្តែការធ្វើដំណើរតាមសមុទ្រ នៅតែបន្តបិទទាំងស្រុង ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ រហូតមានការជូនដំណឹងជាថ្មី។
គួបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារឥទ្ធិពលព្យុះទី១១«នូល» ដែលបានបោកបក់មកលើប្រទេសកម្ពុជាកាលពីថ្ងៃទី១៨-២០កន្លងទៅ។ បណ្ដាស្រុកជាច្រើននៃខេត្តព្រះសីហនុ បានរងនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ជាពិសេសស្រុកព្រៃនប់ ដោយក្នុងនោះ ប្រជាពលរដ្ឋ១,៩៥៨គ្រួសារទទួលរងផលប៉ះពាល់ដោយផ្ទាល់និងមានក្មេងស្រីម្នាក់បានបាត់បង់ជីវិតដោយសារលង់ទឹក, ផ្ទះ១,៩៥៥ខ្នងបានរងការខូចខាត, ហើយប្រជាពលរដ្ឋជិត៥០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com