សង្គមអន្តរជាតិ​
អន្តរជាតិ
ការី ឡាំ​៖ ហុងកុង មិនអាច​ទាមទារ​សិទ្ធិ​ការពារ​ពលរដ្ឋ​១២​នាក់​ដែល​ឃុំខ្លួន​នៅ​ចិន​បានទេ​
22, Sep 2020 , 11:59 pm        
រូបភាព
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ Reuters
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ Reuters
​ហុងកុង មិនមាន​មូលដ្ឋាន​ច្បាប់​ឡើយ​ក្នុងការ​ទាមទារ​សិទ្ធិ​សម្រាប់​ប្រជាជន​ហុងកុង​ចំនួន ១២​នាក់ ដែល​បាន​ឃុំខ្លួន​នៅ​ចិន ដោយសារតែ​ការឆ្លង​ដែន​ខុសច្បាប់​ទៅ​តៃវ៉ាន់​។ ប្រមុខ​ទីក្រុង​ហុងកុង ការី ឡាំ បានបញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ដោយ​បន្ថែមថា អ្នក​ទាំង​១២​រូប ត្រូវតែ​ប្រឈមមុខ​ច្បាប់​នៅ​ចិនដីគោក​។​
 
​អាជ្ញាធរ​ចិន បាន​ចាប់ខ្លួន​ប្រជាជន​ហុងកុង​ចំនួន​១២​រូប​កាលពី​ខែសីហា​កន្លងទៅ ពេល​ពួកគេ​ជិះទូក​ក្នុង​ចេតនា​ភៀសខ្លួន​ចេញពី​ហុងកុង​ទៅ​តៃវ៉ាន់​។ លោកស្រី ការី ឡាំ ប្រធាន​ប្រតិបត្តិ​ហុងកុង​ធ្លាប់បាន​បញ្ជាក់ថា  អ្នក​ទាំងនោះ នឹងត្រូវ​កាត់ទោស​ដោយ​តុលាការ​ចិន មិនមែន​នៅ​ហុងកុង​ឡើយ​។ 
 
 
​ក្នុង​សន្និសីទ​ប្រចាំ​សប្ដាហ៍​នៅ​ថ្ងៃទី​២២ ខែកញ្ញា លោកស្រី ឡាំ ត្រូវបាន​អ្នកសារព័ត៌មាន​សួរ​ម្ដងទៀត​ទាក់ទិន​ការចាប់ខ្លួន​នេះ​។ សំណួរ គឺ​តើ​លោកស្រី​អាច​ធានា​បានទេ​ថា ប្រជាជន​ហុងកុង​ទាំងនោះ​នឹង​ទទួលបាន​ការពារ​ផ្នែក​សិទ្ធិមនុស្ស ការ​សន្ម​ត់​ថា​គ្មាន​ទោស ការកាត់ក្តី​ដោយ​យុត្តិធម៌ និង​ទទួលបាន​អ្នកតំណាង​ផ្នែក​ច្បាប់​។ 
 
«​យើង​មិនមាន​មូលដ្ឋាន​ច្បាប់ ដើម្បី​ធ្វើតាម​អ្វីដែល​អ្នក​ចង់​ឲ្យ​យើង​ធ្វើ​ឡើយ​។​» ប្រមុខ​ហុងកុង​បញ្ជាក់​យ៉ាង​ដូច្នេះ​។ បើតាម​លោកស្រី​ការី ឡាំ អ្នក​ទាំងនោះ​ត្រូវតែ​ដោះស្រាយ​ជាមួយ​ច្បាប់​របស់​ចិនដីគោក មុននឹង​មក​ដោះស្រាយ​បញ្ហា​ច្បាប់​នៅ​ហុងកុង​។ 
 
​ចំណែក​អាជ្ញាធរ​ចិន​វិញ បាន​អះអាងថា សិទ្ធិ​ស្របច្បាប់​នៃ​ប្រជាជន​ហុងកុង​ចំនួន ១២​នាក់​នេះ នឹងត្រូវ​បានការ​ពារ​ដោយ​ផ្អែក​ទៅតាម​ច្បាប់​របស់​ចិន​។ មកទល់ពេលនេះ ប្រជាជន​ហុងកុង​ចំនួន ១២​រូប ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ទីក្រុង​ស៊ិន​ជិន ដែល​នៅក្បែរ​ហុងកុង​ស្រាប់​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពលរដ្ឋ​ហុងកុង​ទាំង​១២​នាក់​នេះ ត្រូវ​សង្ស័យថា បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង នៅក្នុង​ឆ្នាំ​២០១៩​។ មនុស្ស​ចំនួន​១០​នាក់ ក្នុងចំណោម​នោះ ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ល្មើស​មួយចំនួន ប៉ុន្តែ​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ​។ ការ​គេច​ចេញពី​ទីក្រុង​ហុងកុង​របស់​អ្នក​ទាំង​១២​នាក់​នេះ ទំនង​បណ្តាលមកពី​ការចូល​ជា​ធរមាន​របស់​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ស្របពេល​អាជ្ញាធរ​ហុងកុង​តាមដាន​សកម្មភាព​រប​ស់​ពួកគេ​៕

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com