សកម្មជននិងមន្ត្រី៧នាក់ទៀតនៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងខេត្តត្បូងឃ្មុំ ត្រូវជាប់ពន្ធនាគារពី៥ឆ្នាំដល់៧ឆ្នាំ ពីបទរួមគំនិតក្បត់ [ជាតិ] តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ តុលាការខេត្តត្បូងឃ្មុំ បានប្រកាសសាលក្រមស្តីពីការផ្តន្ទាទោសនេះ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។
ទូរទស្សន៍ព្រះអាទិត្យរបស់អតីតគណបក្សសង្គ្រោះជាតិ បង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុកខ្លួនថា អ្នកទាំង៧នាក់នោះ គឺ លោក គង់ សំអាន កំពុងជាប់ឃុំក្នុងពន្ធនាគារ លោក ចក់ ហួរ កំពុងស្ថិតនៅក្នុងប្រទេស លោក វ៉ាន់ សុផាត កំពុងស្ថិតនៅក្នុងប្រទេស លោក ជឹម វណ្ណៈ កំពុងស្ថិតនៅក្នុងប្រទេស លោក ស៊ឹម ស៊ាងទ្បេង ភៀសខ្លួនទៅក្រៅប្រទេស អ្នកស្រី យ៉ែម វណ្ណណែត ភៀសខ្លួនទៅក្រៅប្រទេស និង អ្នកស្រី មាន ទ្បា កំពុងស្ថិតនៅក្នុងប្រទេស។
បច្ចុប្បន្ន ក្នុងចំណោមអ្នកទាំង៧នាក់នោះ មានតែលោក គង់ សំអាន ម្នាក់ប៉ុណ្ណោះ ដែលកំពុងជាប់ឃុំ ខណៈអ្នកផ្សេងទៀត គេចទៅក្រៅប្រទេសខ្លះនិងកំពុងលាក់ខ្លួនក្នុងប្រទេសខ្លះ។
លោកមេធាវី ហែម សុជាតិ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះថា លោក ការពារក្តីឲ្យលោក ជឹម វណ្ណៈ និង អ្នកស្រី មាន ឡា ចំណែក៥នាក់ទៀត គឺលោកមេធវី សំ សុគង់ ជាអ្នកការពារក្តី។ លោក ហែម សុជាតិ លើកឡើងពីករណីអ្នកស្រី មាន ឡា ថា អ្នកស្រី បានបង្ហោះសារលើបណ្តាញសង្គម តាំងពីអំឡុងឆ្នាំ២០១៩មកម្ល៉េះ ដោយបង្ហាញពីឆន្ទៈរបស់អ្នកស្រី ក្នុងការរង់ចាំទទួលការវិលត្រឡប់របស់លោក សម រង្ស៊ី មេដឹកនាំកំពូលនៃអតីតគណបក្សសង្គ្រោះជាតិ។
លោកមេធាវី ចាត់ទុកការបង្ហោះសាររបស់អ្នកស្រី មាន ឡា ថាគ្រាន់តែជាការសម្តែងមតិផ្ទាល់ខ្លួនប៉ុណ្ណោះ មិនមែនជាធាតុផ្សំនៃបទល្មើសរួមគំនិតក្បត់ [ជាតិ] ឬជាការចូលរួមផ្តួលរំលំរដ្ឋាភិបាលនោះទេ។ លោក មានប្រសាសន៍ថា៖«[ចោទគាត់ ពីបទរួមគំនិតក្បត់ជាតិ] គឺអត់សមហេតុផលទេ...បទរួមគំនិតក្បត់ជាតិ មានធាតុផ្សំផ្សេង [ពីហ្នឹង]...»។
លោកមេធាវី បន្ថែមថា ពេលនេះ លោក មិនទាន់ដឹងថា កូនក្តីរបស់លោកទាំង២នាក់ ស្ថិតនៅឯណានោះទេ។ លោក និយាយថា បើលោក មិនអាចទាក់ទងកូនក្តីរបស់លោកបានទេ លោក នឹងទៅពិភាក្សាជាមួយក្រុមគ្រួសាររបស់ពួកគាត់ ដើម្បីសម្រេចពីការប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ឬយ៉ាងណា។
លោកមេធាវីរូបនេះ មិនបានបរិយាយលម្អិតពីករណីរបស់អ្នកទាំង៦នាក់ទៀតនោះទេ ដោយលោក គ្រាន់តែបញ្ជាក់ថា បទល្មើស ដែលតុលាការចោទប្រកាន់លើពួកគាត់ទាំងនោះ គឺមិនខុសពីអ្នកស្រី មាន ឡា ប៉ុន្មាននោះទេ។
សារព័ត៌មានថ្មីៗ មិនអាចសុំការអត្ថាធិប្បាយពីលោកមេធាវី សំ សុគង់ បានឡើយ ដោយសារតែលោក កំពុងរវល់។ លោក បានប្រាប់វិទ្យុអាស៊ីសេរីថា ក្នុងចំណោមអ្នកទាំង៧នាក់នោះ មាន៥នាក់ ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ហើយ២នាក់ទៀត ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ។ លោក អះអាងថា ចំពោះទោសជាប់ពន្ធនាគារ៥ឆ្នាំ លើអ្នកទាំង២នាក់ គឺត្រូវព្យួរ (មិនជាប់ឃុំ)។ លោក ពុំបានបង្ហាញឈ្មោះអ្នកទាំង២នាក់នោះទេ។
កាលពីថ្ងៃទី៩ ខែកញ្ញា អ្នកស្រី ប៉ែន មុំ អតីតសមាជិកានៃក្រុមប្រឹក្សាឃុំខាងគណបក្សសង្គ្រោះជាតិ នៅឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានតុលាការខេត្តកំពត ប្រកាសសាលក្រមផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរួមគំនិតក្បត់ [ជាតិ] នេះដែរ។
តាមពិតទៅ រឿងក្តីរបស់សកម្មជននិងមន្ត្រីអតីតគណបក្សប្រឆាំងខាងលើ មិនមែនទើបកើតឡើងនាពេលថ្មីៗនេះទេ គឺកើតឡើងតាំងចុងឆ្នាំ២០១៩មកម្ល៉េះ ដោយកាលនោះ ជាពេលដែលលោក សម រង្ស៊ី ប្រកាសចូលស្រុកលើកទី១។ ក្នុងអំឡុងពេលនោះ ពួកគេ រួមទាំងសកម្មជននិងអ្នកគាំទ្រអតីតគណបក្សប្រឆាំងប្រមាណ៧០ទៅ៨០នាក់ទៀត ត្រូវចាប់ខ្លួនពីបទរួមគំនិតក្បត់ [ជាតិ]។
ភាគច្រើនបំផុតក្នុងចំណោមអ្នកទាំង៧០ទៅ៨០នាក់នោះ គឺត្រូវចាប់ខ្លួន ដោយសារបង្ហោះសារគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី និង អ្នកខ្លះ ត្រូវចោទថា បានដើរបំផុសបំផុលឲ្យសកម្មជននិងអ្នកគាំទ្រផ្សេងទៀត ត្រៀមចាំទទួលលោក សម រង្ស៊ី ដែរ ខណៈរដ្ឋាភិបាលកម្ពុជា យល់ថា ការវិលត្រឡប់របស់លោក សម រង្ស៊ី គឺដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែអ្នកទាំងអស់នោះ បានរួចខ្លួនពីពន្ធនាគារវិញ ដោយសារមានការស្នើសុំឲ្យដោះលែងពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យ៉ាងណា ពួកគេ គ្រាន់តែឲ្យរស់នៅក្រៅឃុំបណ្តោះអាសន្នប៉ុណ្ណោះ តែនៅតែជាប់បទចោទដដែល និងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ ដោយសារតែបទចោទលើពួកគេ មិនទាន់ត្រូវបានទម្លាក់ចោល ដូច្នេះ គេ មិនដឹងថា ក្នុងចំណោមពួកគេ នឹងអាចមានអ្នកណាផ្សេងទៀតនោះទេ ដែលត្រូវតុលាការសើរើសំណុំរឿងឡើងវិញដែរ។
លោក សម រង្ស៊ី ដែលជាមេដឹកនាំរបស់ពួកគេ ទើបនឹងប្រកាសផែនការលើកទី២ថា លោក ប្តេជ្ញាចូលស្រុកវិញឲ្យបាន ក្នុងពេលខាងមុខឆាប់ៗនេះ តែលោក ពុំទាន់បង្ហាញកាលបរិច្ឆេទច្បាស់លាស់នោះទេ។ កាលពីលើកទី១ លោក ប្រកាសថា ចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបរាជ័យ ដោយលោក ចោទរដ្ឋាភិបាលកម្ពុជាថា មិនអនុញ្ញាតឲ្យមានយន្តហោះ ដឹកលោកមកកម្ពុជា។ កាលនោះ រដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា លោក សម រង្ស៊ី មិនហ៊ានចូលស្រុកខ្លួនឯង៕