សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ផ្លូវ៣៨ខ្សែនៅទីរួមខេត្តសៀមរាប ផ្ញើសារជូនប្រជាពលរដ្ឋ ដែលសង់លំនៅឋានឬសំណង់ផ្សេងៗ លយចូលទៅក្នុងចំណីផ្លូវទាំង៣៨ខ្សែនោះ គឺត្រូវប្រញាប់រុះរើចេញទាំងអស់។ សម្តេច អះអាងថា ប្រជាពលរដ្ឋ នឹងមិនទទួលបានសំណងឡើយ ដ្បិតសំណង់ទាំងនោះ ត្រូវបានសង់លើចំណីផ្លូវដោយខុសច្បាប់។
ក្រោយចាកចេញពីកិច្ចប្រជុំគណៈកម្មការសាងសង់ផ្លូវ៣៨ខ្សែ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ សម្តេច ទៀ បាញ់ ថ្លែងទៅកាន់ក្រុមអ្នកកាសែតដូច្នេះថា៖«...ត្រូវតែអនុវត្ត ត្រូវតែរើចេញ ដើម្បីបង្កលក្ខណសម្បត្តិ ឲ្យក្រុមការងារ ដែលធ្វើផ្លូវខាងមុខនេះ អាហ្នឹង គឺជាបញ្ហាបន្ទាន់មួយសំខាន់បំផុត»។
សម្តេច បន្តថា៖«[ប្រជាពលរដ្ឋ] ពួកគាត់ មានកាតព្វកិច្ចតែមួយមុខ គឺរួមជាមួយគណៈកម្មការ និងក្រុមធ្វើផ្លូវហ្នឹង ត្រូវតែ [រើ] ចេញដោយគ្មានលក្ខខណ្ឌអីទាំងអស់ អាហ្នឹង គឺអត់មានសំណងអីទាំងអស់ ព្រោះពួកគាត់មកនៅ គឺរំលោភ [យកផ្លូវ] ស្រេចទៅហើយ...»។
សំឡេង
សម្តេចឧបនាយករដ្ឋមន្ត្រី លើកឡើងថា រដ្ឋបាលខេត្តសៀមរាប នឹងជូនដំណឹងជាក់លាក់ដល់ប្រជាពលរដ្ឋ អំពីការសាងសង់ផ្លូវ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប និងអំពីការស្នើឲ្យរុះរើចេញនូវរាល់សំណង់ ដែលស្ថិតលើចំណីផ្លូវទាំង៣៨ខ្សែ។
ព័ត៌មានលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញថា ផ្លូវទាំង៣៨ខ្សែ មានប្រហែងសរុប១០០គីឡូម៉ែត្រ។ ប៉ុន្តែ គេ មិនទាន់ដឹងថា នឹងមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារនោះទេ ដែលមានលំនៅឋានឬសំណង់ នៅលើចំណីផ្លូវទាំង៣៨ខ្សែនោះ ហើយនឹងត្រូវរុះរើចេញវិញ។ សារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាបបានទេ ដោយសារតែលោក ពុំទទួលការហៅចូល។
បើតាមសម្តេច ទៀ បាញ់ ដដែល ការសាងសង់ផ្លូវទាំង៣៨ខ្សែ គឺដើម្បីបង្កភាពងាយស្រួលដល់ការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តសៀមរាប ដែលជាតំបន់ប៉ូលមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ សម្តេច មើលឃើញថា ក្រោយចប់វិបត្តិកូវីដ-១៩ ក្រុងសៀមរាប នឹងទទួលបានភ្ញៀវទេចរយ៉ាងច្រើនកុះករ។
សម្តេចរដ្ឋមន្ត្រី ដែលទទួលភារកិច្ចជាប្រធានសាងសង់ផ្លូវទាំង៣៨ខ្សែ មានប្រសាសន៍ថា៖«យើង រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលចាំបាច់ឲ្យហើយ ដើម្បីទទួលទេសចរ មកទស្សនាក្នុងខេត្តសៀមរាបនេះ»។
សម្តេច បញ្ជាក់ថា ក្រុមការងារ នឹងប្រឹងប្រែងសាងសង់ផ្លូវទាំង៣៨ខ្សែ ឲ្យបានលឿនបំផុត ដោយតាមគម្រោង គឺត្រូវឲ្យរួចរាល់ទាំងស្រុង នៅត្រឹមឆ្នាំ២០២១។ សម្តេច បង្ហាញក្តីរំពឹងថា៖«និយាយឲ្យមែនទែន ក្នុងរង្វល់មួយឆ្នាំហ្នឹង គឺខេត្តសៀមរាប នឹងចេញមុខមាត់ថ្មី តាមតម្រូវការ ដែលយើងបានរៀបចំជាក់ជាមិនខាន»។
នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរ នឹងរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ ដោយមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅធ្វើជាអធិបតី។ រដ្ឋាភិបាល បានបញ្ចេញថវិកា១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវ៣៨ខ្សែនោះ។
ដើម្បីងាយស្រួលដល់ដំណើរការសាងសង់ផ្លូវទាំង៣៨ខ្សែ រដ្ឋាភិបាល បានបង្កើតគណៈកម្មការមួយ ដោយសម្តេច ទៀ បាញ់ ជាប្រធាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ជាអនុប្រធាន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងសាធារណការ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិក១៥នាក់ទៀត។ លោក ទៀ សីហា ក៏ជាសមាជិកនៃគណៈកម្មការនេះដែរ៕