ជាតិ
​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ ជួយ​បញ្ចៀស​ការ​ជន់​លិច​នៅ​តំបន់​អង្គរ និង​ស្តុក​ទឹកភ្លៀង​ទុក​ប្រើ​នៅ​ខែប្រាំង
24, Sep 2020 , 8:59 am        
រូបភាព
ដោយ:
​ក្រុម​អ្នកជំនាញ​ទឹក នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ក្រុង​សៀមរាប ខណៈ​បណ្ដា​ខេត្ត​មួយចំនួន​នៃ​កម្ពុជា កំពុង​ជួប​បញ្ហា​ទឹកជំនន់ ដោយសារ​ឥទ្ធិពល​ព្យុះ «​នូ​ល​» ។ ក្រៅពី​បញ្ចៀស​ការ​ជន់​លិច​នៅ​តំបន់​អង្គរ ទឹកភ្លៀង​ទាំងនេះ នឹងត្រូវ​ស្តុក​ទុក​ដើម្បី​ប្រើ​នៅ​ខែប្រាំង​ផងដែរ​។​
 
​ទឹកភ្លៀង ពី​ឥទ្ធិពល​ព្យុះ​នូ​ល បាន​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​រង​ការ​ជន់​លិច​។ ខេត្តសៀមរាប​ឯណោះ​វិញ អ្នកជំនាញ​ទឹក​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ប្រឹងប្រែង​ទប់ស្កាត់​ការ​ជន់​លិច​ក្រុង​សៀមរាប និង​រមណីយដ្ឋាន​អង្គ​រដែរ​។​
 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ជាតិ​អប្សរា អ្នកជំនាញ បាន​បាន​ចាត់ចែង និង​ប្រមូល​ទឹកភ្លៀង​ទាំងនោះ តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ ដើម្បី​បញ្ចូនទៅ​រក្សា​ក្នុង​បារាយណ៍​ខាងជើង បារាយណ៍​លលៃ ក​សិន្ធុ​អង្គរវត្ត ក​សិន្ធុ​ក្រុង​អង្គរធំ បារាយណ៍​ខាងលិច ក​សិន្ធុ​ប្រាសាទចៅស្រីវិបុល​និង អាង​ស្តុក​ផ្សេងៗ​ទៀត​។ 
 
​ទឹក​ដែល​ត្រូវ​បង្វែរ​ទៅ​ស្តុក​ក្នុង​បារាយណ៍​នានា​នោះ ក៏​នឹង​ក្លាយ​ប្រភព​ដ៏​សំខាន់ សម្រាប់​ប្រើប្រាស់ នៅ​រដូវប្រាំង​ផងដែរ សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទ ទឹកស្អាត​និង​ស្រោចស្រព​កសិកម្ម ខណៈដែល​រដូវវស្សា​ឆ្នាំនេះ មាន​ភ្លៀង​ធ្លាក់​យឺតយ៉ាវ ហើយ​មាន​បរិមាណ​តិចតួច ធ្វើ​ឲ្យ​ការប្រមូល​ទឹក​ចូលក្នុង​អាង​ស្តុក​មានការ​លំបាក​ផង​នោះ​៕
 
 
 

Tag:
 តំបន់​អង្គរ​
 ​ផ្លូវទឹក​បុរាណ​
 ​ជំនន់​ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com