COVID-19
ជាតិ
អាជ្ញាធរសៀមរាបរកឃើញបុរសហុងគ្រីដែលសង្ស័យថាកើត COVID-19 ហើយ
26, Sep 2020 , 10:49 am        
រូបភាព
អាជ្ញាធរខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ បានរកឃើញបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលសង្ស័យថា មានវីរុសកូវីដ-១៩ និងបានរត់ពីកន្លែងស្នាក់របស់ខ្លួនក្នុងពេលបន្តធ្វើចត្តាឡីស័ក ហើយ។

លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញបុរសរូបនោះ ស្នាក់នៅផ្ទះជួលមួយកន្លែងដែលស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប។ បុរសហុងគ្រី រួមទាំង​ស្ត្រីខ្មែរម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីបន្តការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។ 

បើតាមក្រសួងសុខាភិបាល គេសង្ស័យថា បុរសហុងគ្រីដែលបានធ្វើដំណើរពីបារាំង ដោយឆ្លងកាត់កូរ៉េខាងត្បូងរូបនេះ មានកូវីដ-១៩ នាថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក (ថ្ងៃទី២៥ ខែកញ្ញា)។ ប៉ុន្តែខណៈរង់ចាំលទ្ធផលផ្លូវការពីវិទ្យាស្ថានប៉ាស្ទ័រ បុរសរូបនេះបានលួចរត់។

យ៉ាងណាក៏ដោយ វិទ្យាស្ថានប៉ាស្ទ័រ នឹងប្រកាសលទ្ធផលវត្ថុសំណាករបស់បុរសហុងគ្រី នាល្ងាចថ្ងៃទី២៦ ខែកញ្ញា នេះ ដោយរំពឹងថា នឹងទទួលបានលទ្ធផលអវិជ្ជមាន។ ប៉ុន្តែក្នុងករណីវិជ្ជមាន កម្ពុជាអាចប្រឈមនឹងការឆ្លងសហគមន៍ ដោយក្រសួងសុខាភិបាលបានណែនាំឲ្យអ្នកដែលបានប៉ះពាល់ផ្ទាល់ ឬដោយប្រយោល នាំគ្នាសហការផ្តល់ព័ត៌មានដើម្បីទប់ស្កាត់ហានីភ័យនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com