ជាតិ
ផ្ទះពលរដ្ឋ៧ខ្នងលើផ្លូវនៃគម្រោងសាងសង់ក្នុងក្រុងសៀមរាប ត្រូវរុះរើមុនថ្ងៃទី២ តុលា
27, Sep 2020 , 5:02 pm        
រូបភាព
ភ្នំពេញ៖ ក្រោយការអនុម័តរបស់រដ្ឋាភិបាលលើគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាលក្រុង បានពិនិត្យ និងវាស់វែងដីផ្លូវ ហើយពលរដ្ឋដែលមានផ្ទះ របង សំយ៉ាបផ្ទះចូលដីផ្លូវត្រូវរុះរើ ឲ្យរួចមុនថ្ងៃទី២ តុលា ឆ្នាំ២០២០នេះ។ ក្នុងនោះដែរ មានផ្ទះពលរដ្ឋចំនួន៧ខ្នង ដែលស្ថិតនៅលើដីផ្លូវ ក៏ត្រូវរុះរើផងដែរ។ នេះបើតាម លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប។


ផ្ទះពលរដ្ឋចំនួន៧ខ្នង ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរក្រុងសៀមរាបឲ្យរុះរើ ដើម្បីសាងសងផ្លូវដែលស្ថិតក្នុងគម្រោងដែលអនុម័តដោយរដ្ឋាភិបាលកាលពីថ្ងៃទី៤ កញ្ញា កន្លងទៅនេះ។ នេះបើតាមការលើកឡើងរបស់ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប។ លោក បន្តទៀតថា ពលរដ្ឋទាំង៧គ្រួសារនេះ ត្រូវរុះរើផ្ទះចេញ ដោយមិនទទួលបានអ្វីពីរដ្ឋឡើយ ដែលលោក ចាត់ទុកថារយៈពេលកន្លងដែលពួករស់នៅលើដីផ្លូវនេះ គឺទទួលបានផលប្រយោជន៍គ្រប់គ្រាន់ស្រាប់ទៅហើយ។
 
លោកអភិបាលក្រុងបានប្រាប់ ThmeyThmey តាមទូរស័ព្ទដូច្នេះថា៖«នៅលើផ្លូវយើងមិនមានសំណងទេ ព្រោះថាជាផ្លូវសាធារណៈណាស់ បើសិនជាបើតាមច្បាប់ឧទាហរណ៍ថារដ្ឋត្រូវការយកដីទីតាំងណាដែលមិនមែនជាផ្លូវយកមកធ្វើផ្លូវ ជាដីរបស់ឯកជន អ៊ីចឹងយើងត្រូវប្រើច្បាប់ មានគណៈកម្មាធិការ មានអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ចមានអី»។ 


 
លោក អភិបាលក្រុង បានបញ្ជាក់ដូច្នេះថា បញ្ហាផ្ទះពលរដ្ឋនៅលើដីរដ្ឋនេះបានកើតឡើងយូរមកហើយ តែដោយសារមិនទាន់ចាប់ផ្ដើមសាងសង់ទើបសាលាក្រុងមិនបញ្ជាឲ្យរុះរើ ប៉ុន្តែបច្ចុប្បន្នផ្លូវនេះនឹងត្រូវសាងសងដូច្នេះ ក៏ត្រូវតែរុះរើឲ្យរួចមុនថ្ងៃកំណត់។ បច្ចុប្បន្ន ពលរដ្ឋទាំង៧គ្រួសារនោះ នៅមិនទាន់រុះរើផ្ទះនៅឡើយទេ ហើយក្រុមការងារសាលាក្រុងបានចាប់ផ្ដើមវាស់វែងដី បាញ់ថ្នាំក្រហម បានរយៈពេល៣ថ្ងៃប៉ុណ្ណោះ។
 
អ្នកមីងម្នាក់ជាម្ចាស់ផ្ទះមួយខ្នង ក្នុងចំណោមផ្ទះទាំង៧ខ្នងនោះ មិនពេញចិត្តជាមួយសាលាក្រុងដែលឲ្យខ្លួនរុះរើផ្ទះនោះទេ ដោយអ្នកស្រីបានអះអាងថា រដ្ឋមានភាពលំអៀង វាស់ដីធ្វើផ្លូវមិនស្មើ យកដីតែម្ខាង ខណៈផ្លូវម្ខាងទៀតមិនកាត់យកដី។ អ្នកស្រី សំអាងលើបង្គោលមួយដែលអ្នកស្រីឃើញតាំងពីពេលដែលខ្លួនមករស់នៅក្នុងភូមិស្ទឹងថ្មីនេះដំបូង។ 
 
អ្នកស្រីបានលើកឡើងដូច្នេះថា៖«គាត់អត់វាស់ឲ្យចំកណ្ដាលហ្នឹងទេ ហើយនេះរបងចាស់តាំងពីអ៊ីចាប់ផ្ដើមទិញដីហ្នឹងមក។ អ៊ីចឹងគាត់អត់ទាន់បានចូលអីតិចទេណាស់ គាត់ចូលតែតិចប៉ុន្នឹង។ ប៉ុន្តែអ៊ីនៅឯណេះ របងលើកមុនតែ៣ម៉ែត្រទេ ដោយសារតែខាងណេះគាត់ប្រាប់ថា ត្រូវចំណីថ្នល់ណាស់ ដល់ពេលអ៊ីចឹងទៅខាងណេះក៏គាត់ឲ្យថយច្រើន អ៊ីចឹងអ៊ីអត់ដឹងថាម៉េចទេ»។
 
លើសពីនោះទៅទៀត អ្នកស្រី ក៏បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ ធ្លាប់មានអ្នកមកវៃអ្នកស្រីដោយសារតែអ្នកស្រីប្រាប់ពីការធ្វើលូ ព្រោះលូគេធ្វើតូចពេកដែលបង្កឲ្យមានការស្ទះរាល់ឆ្នាំ។ អ្នកស្រី បន្ថែមទៀតថា រដ្ឋមិនចេញប្លង់ផ្ទះឲ្យខ្លួន តែបែរជាចេញឲ្យផ្ទះអ្នកដទៃ ដែលស្ថិតនៅផ្លូវតែមួយ។
អ្នកស្រី អះអាងថាចង់ឲ្យរដ្ឋត្រូវមានយុត្តិធម៌ចំពោះខ្លួន មកវាស់ផ្លូវម្ដងទៀត វាស់ចាប់បង្គោលដែលអ្នកស្រីបានសំអាងខាងលើ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com