ជាតិ
​ម្ចាស់​ចម្ការ​ផ្កាស្បៃរឿង​ជើងភ្នំ​សំពៅ បាន​ចំណូល​ច្រើនជាង​មុន​ក្រោយ​ប្រែក្លាយ​ចម្ការ​ទៅជា​សួន​ទេសចរណ៍​
29, Sep 2020 , 11:59 pm        
រូបភាព
ចម្ការផ្កាស្បៃរឿងជើងភ្នំសំពៅ
ចម្ការផ្កាស្បៃរឿងជើងភ្នំសំពៅ
ដោយ:
 ​ចម្ការ​ផ្កា ក្នុង​ខេត្តបាត់ដំបង កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អ្នកទេសចរ ដែល​ចូលចិត្ត​ថតរូប​កម្សាន្ត​។ ចម្ការ​ផ្កា​ទាំងនោះ សុទ្ធតែ​ប្រែក្លាយ​ពី​ចម្ការ​ផ្កា​ដែល​ចាំ​ទុក​លន​ក់ ជាទី​តាំង​សម្រាប់​ទេសចរ ចូល​សម្រាក​កម្សាន្ត​។ ថ្វី​ដ្បិត​ការថែទាំ​ចម្ការ​សម្រាប់​ទេសចរ នឿយហត់​ជាង​ការដាំ​ផ្កា​ទុក​សម្រាប់តែ​លក់ ប៉ុន្តែ​ម្ចាស់​ចម្ការ​ផ្កា អះអាងថា​ពួកគេ​មាន​ចំណូល​ច្រើនជាង​ពី​ការកែច្នៃ​នេះ​។​
 
​លោក យឿន ភា ម្ចាស់​ចម្ការ​ផ្កាស្បៃរឿង​ជើងភ្នំ​សំពៅ ខេត្តបាត់ដំបង ដែល​ធ្លាប់តែ​ដាំ​ផ្កា​លក់​សម្រាប់​រដូវ​បុណ្យទាន​ផ្សេងៗ បាន​ច្នៃ​ចម្ការ​ផ្កា​របស់ខ្លួន ទៅជា​កន្លែង​ទេសចរណ៍​មួយ ប្រហែល​១​ឆ្នាំកន្លះ​ហើយ​។ ចម្ការ​ផ្កា​របស់លោក យឿន ភា មាន​ផ្កា​ចម្រុះ​ពណ៌​ប្រមាណ​៣០​ប្រភេទ ដូចជា​ផ្កាស្បៃរឿង​, សិរមាន់​,​កេសរ​កូ​ល និង​ផ្កា​អមតៈ​ជាដើម​។ ក្រៅពី​មាន​ផ្កា​ច្រើន​ប្រភេទ​ហើយ លោក ភា ក៏បាន​សង់ផ្ទះ​ស្នាក់​ពី​ដើម​ឫស្សី ទីតាំង​ថតរូប​ច្រើន​កន្លែង និង​កែច្នៃ​ផ្លូវ​នៅក្នុង​ចម្ការ​បន្ថែមទៀត ដើម្បី​ឲ្យ​ទេសចរ​ងាយស្រួល​ក្នុង​ការដើរ​ទស្សនា​ចម្កា​រ​ផ្កា​របស់ខ្លួន​។ 
 
​ម្ចាស់​ចម្ការ​រូបនេះ រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា លោក​មាន​ចំណូល​ច្រើនជាង​មុន ក្រោយ​កែប្រែ​ចម្ការ​របស់ខ្លួន​ទៅជា​កន្លែង​ទេសចរណ៍​។ លោក យឿន ភា  បញ្ជាក់​ដូច្នេះ​៖«​ជីវភាព​របស់ខ្ញុំ មាន​ភាព​រីកចម្រើន​ជាង​មុន ដោយ​ទទួលបាន​ចំណូល​ច្រើនជាង​មុន គ្រាន់​តែមាន​ភាព​នឿយហត់​ជាង​មុន​ឆ្ងាយ​ណាស់ ព្រោះ​ត្រូវ​ប្រើ​គំនិត​កែច្នៃ​រហូត​។ បើ​កាល​ដាំ​ផ្កា​លក់ អត់​ចាំបាច់​គិត​ច្រើន​ទេ​»​។​


លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង 

​ម្ចាស់​ចម្កា​ផ្កា​មួយកន្លែង​ទៀត នៅក្នុង​សង្កែ ខេត្ត​ដំបង​ដដែល ក៏​កំពុង​ទាក់ទាញ​ទេសចរ​យ៉ាង​កុះករ ឲ្យ​ទៅលេង​កម្សាន្ត​ដែរ នោះ​គឺ​សួនផ្កា​រីករាយ​។ អ្នកនាង ទៀង កណិការ ដែលជា​ម្ចាស់​សួនផ្កា​នេះ ប្រាប់ ThmeyThmey25 ថា ខ្លួន​បាន​ច្នៃ​ចម្ការ​ផ្កា​របស់​ម្ដាយ ទៅ​ជាទី​ទេសចរណ៍ បាន​ប្រមាណ​៣​ឆ្នាំ​ហើយ ប៉ុន្តែ​អ្នក​ស្គាល់​ភាគច្រើន គឺ​អ្នក​បាត់ដំបង​។ ក្រៅពី​សម្រស់​ផ្កា​រីក​ចម្រុះ​ពណ៌​មាន​ពណ៌​លឿង ក្រហម និង​ស​ជាដើម នៅលើ​ផ្ទៃដី​ប្រមាណ​១​ហិកតា ទេសចរ​ដែល​ចូល​កម្សាន្ត​នៅ​ទីនោះ ក៏​អាច​ជួល​សម្លៀក​បែប​បុរាណ ដើម្បី​ថតរូប​បាន​ផងដែរ​។ 
 
​ម្ចាស់​សួនផ្កា​រីករាយ រៀបរាប់​បន្តថា  ការច្នៃ​ចម្ការ​ផ្កា​ជា​កន្លែង​ទេសចរណ៍ ក៏​អាច​ឲ្យ​គ្រួសារ​ខ្លួន​មាន​ជីវភាព​ប្រសើរ​ជាង​មុន​ដែរ បើ​ទោះ​ត្រូវ​ចំណាយ​មើលថែទាំ​ចម្ការ​ច្រើន​ជា​ក្តី​។  អ្នកនាង​ទៀង កណិការ រៀបរាប់ថា​៖ «​កាល​ដាំ​ផ្កា​លក់ យើង​ដាំ​ក្នុង​ស្មៅ​ក៏បាន​ដែរ ប៉ុន្តែ​បើ​យើង​ដាំ​ផ្កា​សម្រាប់​ឲ្យ​គេ​មើល គឺ​យើង​ត្រូវការ​ថែ​ច្រើន និង​ច្នៃប្រឌិត​ច្រើន​។ ការដាំ​បែប​ទេសចរណ៍ អាចមាន​ការលំបាក​ច្រើន តែ​អាច​រកចំណូលបាន​ច្រើនជាង​មុន​»​។​


អ្នកនាង_ទៀង_កណិការ_ម្ខាស់សួនផ្ការីករាយ 

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង លោក អ៊ុច​អ៊ុំ ភី​នីស្សា​រ៉ា បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា បច្ចុប្បន្ន​ប្រជាជន ក្នុង​ខេត្តបាត់ដំបង បាន​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​កំណើន​ទេសចរ ទើប​ធ្វើ​ឲ្យ​មានការ​កែច្នៃ​ចម្ការ​ផ្កា ទៅជា​តំបន់​ទេសចរណ៍​។ លោក​បាន​ថ្លែង​ដូច្នេះ​ថា ៖ « ការបង្កើត​ទៅជា​កន្លែង​ក​សិ​-​ទេសចរណ៍ អាចធ្វើ​ឲ្យ​ពួកគាត់​ទទួលបាន​ផល​ជាច្រើន ដោយ​មិន​ត្រឹមតែ​ទទួលបាន​កសិផល ដែល​យកទៅលក់​ទេ អាច​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា និង​ទទួលបាន​ចំណូល​ដល់​កន្លែង​ដោយផ្ទាល់ ថែមទាំង​អាច​កាត់បន្ថយ​ការ​ចំ ណាក​ស្រុក​ផងដែរ​»​។ 
 
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បញ្ជាក់ថា បច្ចុប្បន្ន​ខេត្ត​នេះ​មាន​ចម្ការ​ផ្កា​ដែល​កំពុង​ទាក់ទាញ​ទេសចរ ចំនួន​៥​កន្លែង ហើយ​ចម្ការ​ផ្កា​ទាំង​៥​នេះ បានក្លាយ​ទីតាំង​ទេសច​រ៍​ទាក់ទាញ​ទី​ពីរ បន្ទាប់ពី​ការ​ជិះ​ឡូរី​៕

Tag:
 ចម្ការ​ផ្កា​
  បាត់ដំបង​
  ក​សិ​-​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com