ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
យុវជន សោម សីហា ផលិត​ម៉ាស៊ីនភ្លើង ដែល​អាចបង្កើត​ថាមពល ដោយ​មិន​ប្រើ​ប្រេង​ឥន្ទ​នៈ និង​អគ្គិសនី​
29, Sep 2020 , 10:59 pm        
រូបភាព
យុវជន សោម សីហា អ្នកបង្កើតម៉ាស៊ីនភ្លើង ផលិតថាមពលដោយខ្លួនឯង។ រូបថត៖ សោម សីហា
យុវជន សោម សីហា អ្នកបង្កើតម៉ាស៊ីនភ្លើង ផលិតថាមពលដោយខ្លួនឯង។ រូបថត៖ សោម សីហា
​ភ្នំពេញ​៖ យុវជន​សោម សីហា ផលិត​បាន​ម៉ាស៊ីនភ្លើង​ដែល​អាច​ដំណើរ​បាន​រហូតដល់​១៥​ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​មិន​ប្រើ​ប្រេង​ឥន្ទ​នៈ​(​សាំង​,​ម៉ា​ស៊ូ​ត​) និង​ចរន្តអគ្គិសនី​។ យុវជន​វ័យ​២៦​ឆ្នាំ មានកំណើត​នៅ​ខេត្តកំពង់ឆ្នាំង​រូបនេះ បាន​បញ្ជាក់ថា គោលបំណង​បង្កើត​ម៉ាស៊ីនភ្លើង​នេះ​ឡើង គឺ​ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា ពិសេស​ផ្នែក​វារីវប្បកម្ម ដោយ​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​កសិក​រ និង​មិន​បំពុល​ដល់​បរិស្ថាន​។ 
 
​យុវជន​សោម សីហា  បាន​ចំណាយពេល​ពេលវេលា​ជិត​៥​ឆ្នាំ​(​ចាប់ពី​ឆ្នាំ​២០១៦​មក​) និង​ចំណាយ​ថវិកា​អស់​ប្រមាណ​៧០០០​ដុល្លារ ដើម្បី​សម្រេចបាន​ជោគជ័យ​នៃ​ការបង្កើត​ម៉ាស៊ីនភ្លើង​ដើរ​ដោយ​ថាមពល​ខ្លួនឯង​នេះ​។  
 
​សូម​ស្តាប់​កិច្ច​សម្ភាស​រវាង​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ យុវជន សោម សីហា  អ្នកបង្កើត​ម៉ាស៊ីនភ្លើង​ដែល​បង្កើត​ថាមពល​ដោយ​ខ្លួនឯង ដូចតទៅ​៖ 




 
​យុវជន​ដែល​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​អេឡិចត្រូនិក នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ថា  ម៉ាស៊ីនភ្លើង​បង្កើត​ថាមពល​ដោយ​ខ្លួនឯង​នេះ គឺ​ដំណើរ​ឡើង​ដោយ​មិនឮ​សំឡេង និង​មិន​បញ្ចេញ​ផ្សែង​ឡើយ​។ សីហា បានរៀបចំ និង​កំណត់​ម៉ាស៊ីនភ្លើង​នេះ​ឱ្យ​ដំណើរការ​តែ​១៥​ម៉ោង​ទេ​ក្នុង​មួយថ្ងៃ ដើម្បី​រក្សា​គុណភាព​ម៉ាស៊ីន​សម្រាប់​ប្រើប្រាស់​បានយូរ និង​មិនឆាប់​ខូច​។ ប៉ុន្តែ ម៉ាស៊ីនភ្លើង​នេះ  ក៏​អាច​ប្រើប្រាស់​២៤​ម៉ោង លើ​២៤​ម៉ោង​បានដែរ ។​


ប្រព័ន្ធភ្លើងរបស់ម៉ាស៊ីនភ្លើងដើរដោយថាមពលខ្លួនឯង។​ រូបថត៖ សោម សីហា​ 

​បើតាម​លោក សីហា ម៉ាស៊ីនភ្លើង​ប្រភេទ​នេះ គឺអាច​ប្រើប្រាស់​បាន​គ្រប់​វិស័យ ពិសេស​លើ​វិស័យ​កសិកម្ម​សម្រាប់​ប្រជាកសិករ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ដែល​មិនមាន​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​សាធារណ​ទៅដល់​។ «​ចំពោះ​ម៉ាស៊ីន​ប្រភេទ​នេះ យើង​អាច​ប្រើ​វា​បាន​នៅក្នុង​វិស័យ​អ្វី​ក៏បាន​ដែរ​។ សូម្បីតែ​វិស័យ​សុខាភិបាល ក៏ត្រូវ ហើយ​ប្រើ​ក្នុង​វិស័យ​កសិកម្ម គឺ​រឹតតែ​ពិសេស​»​។ នេះ​ជា​លើកឡើង​របស់លោក សោម សីហា  ដោយ​បន្តថា ការចិញ្ចឹម​បង្កង ក្នុង​វិស័យ​កសិកម្ម​បច្ចុប្បន្ន គឺ​ត្រូវការ​ម៉ូ​ទ័​រ​អុកស៊ីសែន​ដើរ​ដោយ​ថាមពល​អគ្គិសនី ប៉ុន្តែ​សម្រាប់​អ្នក​តំបន់​ដាច់ស្រយាល ឬ​គ្មាន​អគ្គិសនី​ប្រើប្រាស់ គឺអាច​ប្រើ​ម៉ាស៊ីនភ្លើង​បង្កើត​ថាមពល​ដោយ​ខ្លួនឯង​នេះ​បាន សម្រាប់​ការ​អាជីវកម្ម​ចិញ្ចឹម​បង្កង​នោះ​។  


ម៉ាស៊ីនភ្លើងដំណើរការដោយថាមពលខ្លួនឯង។ រូបថត៖ សោម សីហា 

​ក្រៅពីនេះ ម៉ាស៊ីនភ្លើង​ដំណើរការ​ដោយ​មិន​ប្រើ​ថាមពល​អគ្គិសនី និង​ប្រេង​ឥន្ទ​នៈ​នេះ ក៏​អាច​ប្រើ​នៅក្នុង​អាជីវកម្ម​ភ្ញាស់​កូន​មាន់​ក្នុង​ទូ​បានដែរ​។ លោក សីហា បាន​បញ្ជាក់ថា កសិករ​ឬ​អាជីវករ ដែល​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​ប្រភេទ​នេះ នឹង​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ ឬ​ថ្លៃដើម នៅក្នុង​មុខរបរ​របស់ខ្លួន​ហើយ ថែមទាំង​ចូលរួម​សម្អាត​បរិស្ថាន​ទៀត​។ 
 
​បន្ទាប់ពី​បង្កើត​ម៉ាស៊ីនភ្លើង​ដែល​ដំណើរការ​ដោយ​មិន​ប្រើ​ប្រេង​ឥន្ទ​នៈ​និង​ចរន្តអគ្គិសនី​នេះ បាន​ជោគជ័យ​នៅ​ចុងខែ​សីហា ឆ្នាំ​២០២០​ហើយ​នោះ  បច្ចុប្បន្ន​យុវជន​កំព្រា​ឪពុកម្តាយ​រូបនេះ កំពុង​ស្វែងរក​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​បង្កើត​រ៉ូ​បូត​ដែលមាន​មុខងារ​ចំនួន​៤ ដែល​អាច​ដំណើរការបាន​ព្រម​គ្នា​(4 in1 GPS Robot) នៅក្នុង​ផលិតកម្ម​ដាំ​ដុះ​ស្រូវ​។ សោម សីហា បន្ត​រៀបរាប់ថា  4 in1 GPS Robot នេះ​មួយ គឺមាន​មុខងារ​បាច​គ្រាប់ពូជ​, បាច​, បាញ់ថ្នាំ និង​ជ្រោយ​ដី​ឱ្យ​ដី​ធូរ​។ « GPS Robot​នេះ គឺ​យើង​កំណត់​វា​ដំណើរការឡើង​ដោយ​គ្មាន​មនុស្ស​ទៅ​បើក​[​នៅលើ​វាលស្រែ​នោះទេ​] គឺ​យើង​បញ្ជា​វា​តាម​តេ​លេប​ញ្ជា​»​។ នេះ​បើតាម​លោក សោម សីហា​៕ 


ម៉ាស៊ីនភ្លើងដំណើរការដោយថាមពលខ្លួនឯង។ រូបថត៖ សោម សីហា

Tag:
 បរិស្ថាន​
 ​បច្ចេកវិទ្យា​
  ម៉ាស៊ីនភ្លើង​
  សោម សីហា
© រក្សាសិទ្ធិដោយ thmeythmey.com