រថយន្ត
Mercedes-Benz 300SL ផលិតឆ្នាំ១៩៥៧ដ៏កម្រ លក់ដេញថ្លៃបាន១.១៥លានដុល្លារ 05, Oct 2020 , 8:19 pm
× 300SL Gullwing គឺជាប្រភេទរថយន្តដ៏កម្រដែលផលិតដោយក្រុមហ៊ុន Mercedes-Benz កាលពីអំឡុងឆ្នាំ១៩៥៧ ។ កាលពីពេលថ្មីៗកន្លងមកនេះ គេហទំព័រដេញថ្លៃ Bring A Trailer https://bringatrailer.com/listing/1957-mercedes-benz-300sl-gullwing/ បានប្រកាសពីការលក់ដាច់រថយន្តមួយគ្រឿងក្នុងតម្លៃ១.១៥លានដុល្លារអាមេរិក។
ចេញពីរោងចក្រ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៥៧ រថយន្ត 300SL Gullwing ជាប្រភេទរថយន្តបែបក្លាសិចដ៏អស្ចារ្យនាសម័យកាលនោះ ហើយត្រូវបានរចនាយ៉ាងល្អឥតខ្ចោះ។ រថយន្តដែលបានលក់ដាច់នោះ ស្ថិតក្នុងចំណោមរថយន្ត៧៣គ្រឿងដែលផលិតនៅឆ្នាំ១៩៥៧។
តាមប្រវត្តិ រថយន្តនោះ មានម្ចាស់ដែលរស់នៅទឹកដីបែលហ្ស៊ិក ចន្លោះពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៨១ ហើយស្ថិតនៅរយៈពេល២២ឆ្នាំជាមួយម្ចាស់ទីពីរនៅចក្រភពអង់គ្លេស។ ក្រោយមក រថយន្តនោះ ធ្លាក់ទៅដល់ដៃម្ចាស់ដែលរស់នៅ Vancouver មុនពេលឆ្លងកាត់ការតុបតែងបន្ថែមដោយលោក Thornley Kelham នៅចក្រភពអង់គ្លេសចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។
នៅឆ្នាំ២០១៦ Mercedes-Benz 300SL ធ្លាប់បង្ហាញវត្តមាននៅក្នុងពិព័រណ៌យានយន្ត Salon Prive’ Concours d’Elegance នៅ Blenheim Palace មុនដែលត្រូវបានប្រកាសដាក់លក់តាមរយៈភ្នាក់ងារដេញថ្លៃ នៅឆ្នាំ២០២០នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com