ជាតិ
សង្គមជាតិ
ក្រៅពី​ឃុំ​ផ្កាយ​២ ម​ន្រី្ត​ជាង​១០​ទៀត កំពុងស្ថិត​ក្នុងការ​តាម​ចាប់ ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​នៅ​មណ្ឌលគិរី
06, Oct 2020 , 3:53 pm        
រូបភាព
​ភ្នំបេញ​៖ តុលាការខេត្ត​មណ្ឌលគិរី ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ពៅ សុធា​រ៉ា​ន់ អនុប្រធាននាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក រួមទាំង​មនុស្ស​៣​នាក់​ទៀត ដោយសារ​ទន្ទ្រាន​ដី​ខុសច្បាប់ នៅ​ខេត្តមណ្ឌលគិរី​។ សំណុំ​រឿងនេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ជាង​១០​នាក់​ទៀត ក្នុងនោះ​ភាគច្រើន​ជាម​ន្រី្ត​រាជការ ហើយ​កំពុង​ក្នុងការ​តាម​ចាប់ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​។ នេះ​បើតាម​ការអះអាង​របស់ លោក មាស ប្រុស ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

​លោក មាស ប្រុស ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ថា លោក ពៅ សុធា​រ៉ា​ន់ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី ពីបទ​កាប់​គាស់​រុករាន​ដីព្រៃ ឆ្ការ​ដុត និង ឈូសឆាយ​ដីព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ [​ផ្ទាល់ខ្លួន​]​។ ការទន្ទ្រាន​ដី​នេះ ត្រូវ​រកឃើញ កាលពី​ថ្ងៃទី​៩ ខែកញ្ញា នៅ​ចំណុច​ភ្នំរ​ហាំង ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដែលជា​ដី​ក្នុង​តំបន់ការពារធម្មជាតិ​។ 
 
​ប្រធាន​រដ្ឋបាល​តុលាការ​ខត្ត​មណ្ឌលគិរី​រូបនេះ ថ្លែងថា ក្នុងចំណោម​មនុស្ស​៣​នាក់​ទៀត ដែល​ជាប់ឃុំ​ជាមួយ​លោក ពៅ សុធា​រ៉ា​ន់ មាន​ម្នាក់​ជា​នគរបាល​ព្រំដែន ម្នាក់​ជាម​ន្ត្រី​សូ​រិ​យោ​ដី និង ម្នាក់ទៀត ជា​អ្នកកាសែត​។ លោក បញ្ជាក់ថា​៖«​លោក ពៅ សុធា​រ៉ា​ន់ ត្រូវ​ឃាត់ខ្លួន​កាលពី​ថ្ងៃអាទិត្យ [៤​តុលា​]...​ហើយ​មិនមែន​តែ​គាត់​ម្នាក់​ទេ​ដែល​ជាប់ឃុំ​។ សំណុំ​រឿងនេះ មាន​៤​នាក់​ហើយ [​ដែល​កំពុង​ជាប់ឃុំ​] បើ​គិត​នឹង​លោក សុធា​រ៉ា​ន់​។ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ដីធ្លី​នេះ នៅមាន​គ្នា​ជាង​១០​នាក់​ទៀត កំពុង​តាម​ចាប់ខ្លួន ដែល​ភាគច្រើន​ជាម​ន្រី្ត​...»​។  
 
​ជុំវិញ​រឿង​ដីធ្លី​នៅ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៥ ខែកញ្ញា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បញ្ចប់​តំណែង​លោក​អភិបាលស្រុក​កោះ​ញែក​។ លើសពីនេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​ថា មិនមែន​មានតែ​អភិបាលស្រុក​មួយរូប​នេះ​ទេ ដែល​ត្រូវ​បញ្ចប់​មុខតំណែង គឺមាន​ម​ន្រី្ត​ពាក់ព័ន្ធ​ផ្សេងទៀត​។ ប៉ុន្តែ​ត្រូវ​រង់ចាំ​អនុក្រឹត្យ​សម្រេច ពី​ប្រមុខ​រដ្ឋាភិបាល​ជា​ឬ​ព្រះរាជក្រឹត្យ​បង្គាប់​ពី​ព្រះមហា​ក្សា​ត្រ​ជាមុនសិន ទើប​លោក​អាច​ផ្ដល់ព័ត៌មាន​លម្អិត​បាន​។ 
 
​កន្លងមក លោក ប៉ែន ប៊ុណ្ណា​រ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ សិទ្ធិមនុស្ស​អាដហុក មានប្រសាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ខេត្តមណ្ឌលគិរី​មិនមែន​មានតែ​ស្រុក​កោះ​ញែក​មួយ​ទេ គឺមាន​ស្រុក​ជាច្រើន​ទៀត​ដែល​កំពុងមាន​បញ្ហាដីធ្លី​នេះ​។ លោក បន្តថា ចាប់ពី​ឆ្នាំ​២០១៥​មក លោក និង​ពលរដ្ឋ​តាម​មូលដ្ឋាន​បានដាក់​បណ្ដឹង​ជាង​១០​បណ្ដឹង​ហើយ ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី​។ 
 
​កាលពី​ថ្ងៃទី​២២ ខែកក្កដា សម្ដេច ស ខេង បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង ចុះ​សិក្សា​លើ​ករណី​ទន្ទ្រាន​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ​ខេត្តមណ្ឌលគិរី ដើម្បី​ប្រមូល​ឯកសារ​និង​ភ​ស្ភុ​តាង​ជុំវិញ​បញ្ហា​នេះ​។ កន្លងមក​ស​នាយករ​ដ្ឋ​មន្ត្រី ក៏បាន​បញ្ជា​ឲ្យ​ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង ក្រសួង​ដែនដី ដោះស្រាយ​បញ្ហា​ដី​ជូន​ពលរដ្ឋ ដែលមាន​ទីតាំងនៅ​លើដី​ព្រៃ​ឬ​តំបន់​ការពារ ហើយ​បើ​ពលរដ្ឋ​ណា​មាន​ទីលំនៅ​រយៈពេល​យូរ​ឆ្នាំ (​អាច​ពេល​១០​ទៅ​២០​ឆ្នាំ​) ត្រូវ​កាត់​ឆ្វៀល​ដី​នោះ​ឲ្យ​ពួកគាត់​។ ប្រមុខ​រដ្ឋាភិបាល ថែមទាំង​បញ្ជា​ឲ្យ​ចាត់វិធានការ​លើ​មន្ត្រី​និង​បុគ្គល​ណា ដែល​រំលោភបំពាន​ដី​រដ្ឋ ឬ​ដី​របស់​ពលរដ្ឋ​ដែរ​៕
 
 

Tag:
 ដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com