ជាតិ
វីដេអូ
៨០០​ ​ឆ្នាំ​ក្រោយមក អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​កំពែង​ក្រុង​អង្គរធំ​
01, Nov 2020 , 11:59 am        
រូបភាព
​ក្នុង​ឆ្នាំ ១១៨១ នៅពេលដែល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​ច្បាំង​ឈ្នះ​កងទ័ព​ចាម ហើយ​បានរៀបចំ​ព្រះ​រាជពិធី​រាជាភិសេក​ជា​ក្សត្រ​គ្រប់គ្រង​អាណាចក្រ​ខ្មែរ ព្រះអង្គ​បានរៀបចំ​រាជធានី យ​សោធរ​បុ​រៈ អង្គរធំ​ឡើងវិញ ដោយបាន​សាងសង់​ប្រាសាទបាយ័ន​នៅ​ចំ​កណ្តាល​ផ្ទៃ​រាជធានី និង​សង់​កំពែង​៤​ជ្រុង​ស្មើ​ព័ទ្ធជុំវិញ​។ កំពែង​ក្រុង​អង្គរធំ​មាន​ប្រវែង​សរុប​១២​គីឡូម៉ែត្រ ដោយសារតែ ជ្រុង ឬ​មុខ​នៃ​កំពែង​នីមួយៗ​មាន​ប្រវែង​៣​គីឡូម៉ែត្រ​។​
 
​ជញ្ជាំង​កំពែង​មាន​កម្ពស់​៧​ម៉ក​ន្លះ​។ ផ្នែក​ខាង​ក្នុងនៃ​កំពែង មាន​លើកដី​ជា​បង្អែក រហូតដល់​កំពស់​ស្មើនឹង​កំពែង បង្កើតបានជា​ខ្នង​កំពែង​។ នៅលើ​ខ្នង​កំពែង ក៏ត្រូវ​បាន​រៀប​ជា​ថ្នល់​ក្រវាត់ក្រុង ដែលមាន​ទទឹង​ប្រហែល​១០​ម៉ បន្ទាប់មក​គឺជា​ជម្រាល​ដី​ចុះក្រោម​ដែលមាន​ចំងាយ​ប្រមាណ​១០០​ម៉​។ ជម្រាល​នេះ ក៏​ជា​ជ​ន្ទ​ល់​ទប់​កំពែង​ដែរ​។​
 
​សំណង់​បុរាណ​របស់​ដូនតា​ខ្មែរ​បាន​ឈរ​បង្អួត​កូនចៅ​ជំនាន់​ក្រោយ​រាប់រយ​ពាន់​ឆ្នាំ​យ៉ាង​មោទនៈ​។ ប៉ុន្តែ សង្គ្រាម ការបោះបង់ចោល ធម្មជាតិ បានធ្វើឱ្យ​ប្រាសាទ​រាប់រយ រួមទាំង​កំពែង​ក្រុង​អង្គរធំ​នេះ​ផង រលំ បាក់បែក ដួល​ដល់​ដី​ដោយ​អន្លើ​។ មានការ​ដួលរលំ​កំពែង​ចំនួន​២២​កន្លែង ដោយ​បូក​រួមទាំង​កាល​ដួលរលំ​ចំនួន​៤​កន្លែង​ចុងក្រោយ នៅក្នុង​ឆ្នាំ​២០១១ ដោយសារតែ​ខ្យល់ព្យុះ​។​
 

​រហូតដល់​ឆ្នាំ​២០២០​នេះ មាន​ការដ្ឋាន​ជួសជុល​កំពែង​បាក់បែក​ឡើងវិញ ចំនួន​៧​កន្លែង​ហើយ ដែល​ត្រូវ​បានបញ្ចប់​។ ហើយ​គម្រោង​ការដ្ឋាន​ថ្មីៗ​ទៀត នឹង​បន្ត​នៅ​ឆ្នាំ​២០២១ ជា​បន្តបន្ទាប់​។​
​ការជួសជុល​កំពែង និង​ខ្នង​កំពែង​ក្រុង​អង្គរធំ​ឡើងវិញ គឺជា​កាតព្វកិច្ច និង​ជាការ​ងារ​ចាំបាច់​។ ជាង​៨០០​ឆ្នាំមុន កំពែង និង​ខ្នង​កំពែង​ត្រូវបាន​សាងសង់ ដើម្បី​ការពារ​ទីក្រុង​អង្គរធំ​។ ជាង​៨០០​ឆ្នាំក្រោយ កំពែង និង​ខ្នង​កំពែង​នៅតែ​បម្រើ​ផលប្រយោជន៍​ដល់​កូនចៅ​ខ្មែរ​។ យើងទាំងអស់គ្នា មាន​ចំណែក​ស្មើគ្នា​ក្នុងការ​ថែរក្សា​កេរដំណែល​ទាំងនេះ ដើម្បី​ជា​ប្រយោជន៍​កូនចៅ​យើង​រាប់រយ​ពាន់​ឆ្នាំ​ទៅមុខទៀត​។​
 
​សារព័ត៌មាន​ថ្មីៗ សូម​អរគុណ​ក្រុមហ៊ុន​កូកាកូឡា​កម្ពុជា សណ្ឋាគា​រវិ​រតន៍ និង​ក្រុមហ៊ុន​ស្តា​អូ​តូ​កម្ពុជា ដែល​បាន​គាំទ្រ​កម្មវិធី លើសពី​អង្គរ ឬ Angkor and Beyond ដែលជា​កម្មវិធី​សហប្រតិបត្តិការ​រវាង​សារព័ត៌មាន​ថ្មីៗ និង​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ផលិត​ឯកសារ​ដែល​ទាក់ទង​នឹង​ប្រាសាទ ជីវិត​មនុស្ស សត្វ ធម្មជាតិ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​៕
 
























 

Tag:
 អង្គរធំ​
  កំពែង​
  បាយ័ន​
  អាជ្ញាធរ​ជាតិ Apsara
© រក្សាសិទ្ធិដោយ thmeythmey.com