ជាតិ
សង្គមជាតិ
ផ្ទះនិងផ្លូវ ក្នុងស្រុកមួយចំនួន នៅប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ និង បាត់ដំបង ត្រូវជន់លិច
10, Oct 2020 , 11:40 am        
រូបភាព
កងកម្លាំងនិងអាជ្ញាធរខេត្ត​បាត់ដំបង​បាន​ជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយសារ​ទឹកជំនន់ (រូបភាពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​)
កងកម្លាំងនិងអាជ្ញាធរខេត្ត​បាត់ដំបង​បាន​ជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះដោយសារ​ទឹកជំនន់ (រូបភាពពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​)
ដោយ:
ភ្នំពេញ៖ ផ្ទះសម្បែង និងផ្លូវថ្នល់មួយចំនួន ក្នុងខេត្តបៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង បានរងជន់លិច ដោយជំនន់ទឹកភ្លៀង ដែលបានធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អភិបាលខេត្ត និងអាជ្ញាធរតាមខេត្តនីមួយៗ កំពុងតែមមាញឹកនឹងការជួយសង្រ្គោះ និងជម្លៀសប្រជាជន ដែលរងគ្រោះដោយសារទឹកជំនន់។
 

លោក ហែម ឫទ្ធី នាយករដ្ឋបាលខេត្តប៉ៃលិន បានបញ្ជាក់ ខេត្តប៉ៃលិនមានភ្លៀងធ្លាក់តាំងពីថ្ងៃទី៨ ខែខែតុលា រហូតមកដល់ថ្ងៃទី១០ ខែតុលានេះ បណ្តាលឲ្យជន់លិចផ្ទះសម្បែងប្រមាណ៤០ខ្នង និងលិចផ្លូវគ្រោះក្រហមចំនួន៤ ដែលស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក បន្តថា ផ្ទះសម្បែង និង សត្វចិញ្ចីមរបស់ប្រជាជនមួយចំនួន ដែលរងគ្រោះដោយទឹកជំនន់ ត្រូវបានអាជ្ញាធរបានជួយសង្រ្គោះ និងជម្លៀសប្រជាជនទាំងនោះទៅកន្លែងទីទួលមានសុវត្ថិភាពបានទាន់ពេលវេលាហើយ។

លោក បន្ថែមថា ទឹកជំនន់ឆ្នាំនេះគឺមានសភាពធ្ងន់ធ្ងរជាងឆ្នាំកន្លងទៅ ដែលអភិបាលខេត្តបានអំពាវនាវដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់នេះ។​​

ទឹកជំនន់នៅក្នុងភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ក៏បណ្តាលឲ្យលិចផ្ទះចំនួន១០ខ្នងផងដែរ ប៉ុន្តែពុំបណ្តាលឲ្យខូចខាតផ្ទះសម្បែងទាំងនោទេ។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម។

រីឯស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង ក៏មានផ្ទះសម្បែង និងផ្លូវមួយចំនួនត្រូវលិចផងដែរ។ សម្រាប់អាងស្តុកទឹកនៅខេត្តបាត់ដំបង មានទឹកពេញ ដែលត្រូវបង្ហូរទឹកចូលក្នុងស្ទឹងសង្កែ ដែលបណ្តាលឲ្យមានកម្ពស់ទឹកក្នុងស្ទឹងសង្កែកើនឡើងខ្លាំង។ អាស្រ័យហេតុនេះ រដ្ឋបាលខេត្តបាត់ដំបងបានអំពាវនាវដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

ចំណែកឯស្រុកមួយចំនួនដែលនៅស្ថិតនៅជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ ក៏ត្រូវរងគ្រោះដោយសារគ្រោះទឹកជំនន់ខ្លាំងផងដែរ ដោយមានការចូលរួមអន្តរាគមន៍ដោយលោករដ្ឋមន្ត្រីក្រសួងធនធានទឹក លោកអភិបាលខេត្ត និងអ្នកពាក់ព័ន្ធផ្សេងទៀត បានបើកទ្វារទឹកនៅសំណង់ស្ទាក់ទឹកដំណាក់អំពិល ដើម្បីបង្ហូរទឹកទៅតាមស្ទឹងស្វាយដូនកែវ និងទម្លាក់ចូលក្នុងបឹងទន្លេសាប។ ក្រសួងធនធានទឹកបានបញ្ជាក់ថា បើកាលណាមិនមានភ្លៀងធ្លាក់ទៀត នោះទឹកនឹងឆាប់ស្រកលឿន។

លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងមកកាន់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅព្រឹកថ្ងៃទី១០ ខែតុលា ថា រយៈពេលភ្លៀងធ្លាក់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែតុលានេះ មានខេត្តចំនួន១០ខេត្ត ដែលត្រូវរងគ្រោះទឹកជំនន់ខ្លាំងជាងគេ គឺ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ តាកែវ កណ្តាល និងរាជធានីភ្នំពេញ។

បើតាមលោក ឃុន សុខា គ្រោះទឹកជំនន់នេះបានបណ្តាលឲ្យពលរដ្ឋជាង១ម៉ឺន៤ពាន់នាក់ នៅខេត្តចំនួន១០ ត្រូវរងគ្រោះដោយសារទឹកជំនន់ ដោយក្នុងនោះជម្លៀសជាង៧០០នាក់។ លោកបន្តថា ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ក៏បណ្តាលឲ្យស្លាប់មនុស្សចំនួន២នាក់ ដោយម្នាក់លង់ទឹកស្លាប់ និងម្នាក់ទៀតស្លាប់ដោយសាររន្ទះបាញ់។

អ្នកនាំពាក្យ មានប្រសាសន៍ថា  គ្រោះទឹកជំនន់នេះក៏បណ្តាលឲ្យខូចខាតស្រូវចំនួនជាង១ម៉ឺនហិចតា និងដំណាំរួមផ្សំចំនួនជាង៣ម៉ឺនហិចតា។ បើតាមអ្នកនាំពាក្យដដែល គិតត្រឹមថ្ងៃនេះមានផ្ទះចំនួន៤៣ខ្នងត្រូវបានខូចខាតដោយសារខ្យល់កន្ត្រាក់។ 

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែតុលាម្សិលមិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាត់វិធានការចាំបាច់នានានិងដឹកនាំកម្លាំងចេញជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្រ្ត ដែលខ្លួនទទួលខុសត្រូវ ឲ្យទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឲ្យបានអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាជន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី៕



Tag:
 គ្រោះទឹកជំនន់
  ព្រះវិហារ
  ប៉ៃលិន
  ពោធិ៍សាត់
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com