ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទោះប្រមូលទឹកបានច្រើនតែអាជ្ញាធរស្នើឱ្យពលរដ្ឋក្នុងតំបន់អង្គរប្រើប្រាស់ដោយសន្សំសំចៃ 10, Oct 2020 , 9:39 pm
× សៀមរាប៖ ខេត្តសៀមរាបក៏ដូចជាតំបន់ដទៃទៀតក្នុងប្រទេសកម្ពុជាដែរ មានភ្លៀងធ្លាក់ជាញឹកញាប់ ពិសេសអំឡុងពាក់កណ្ដាលខែកញ្ញាមក ដោយសាររងឥទ្ធិពលនៃព្យុះ ដែលបណ្ដាលឱ្យស្ទឹង បឹង ស្រះ និងទីវាលទំនាបនានា មានទឹកជាអតិបរិមា។ ចំណែកនៅតំបន់អង្គរវិញ អាជ្ញាធរជាតិអប្សរាបានប្រមូលទឹកយកទៅរក្សាទុកនៅតាមកសិន្ធុ និងបារាយណ៍នានា សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការអភិរក្ស ក៏ដូចជាសម្រាប់ចែកចាយដល់ពលរដ្ឋក្នុងតំបន់នារដូវប្រាំងខាងមុខនេះ។ ដ្បិតថា បច្ចុប្បន្នក្នុងតំបន់អង្គរមានបរិមាណទឹកជាអតិបរិមាក៏ពិតមែន តែអាជ្ញាធរនៅតែទទួចឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយសន្សំសំចៃ ជៀសវាងការខ្វះខាតនារដូវប្រាំងខាងមុខ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ការងារគ្រប់គ្រងទឹក ជាកិច្ចការស្នួលទី២បន្ទាប់ពីកិច្ចការអភិរក្សប្រាសាទ ដែលមានអាជ្ញាធរជាតិអប្សរាជាអ្នកទទួលបន្ទុកលើកិច្ចការទាំងនេះ។ ទឹក ត្រូវបានចាត់ទុកថា មានសារសំខាន់ខ្លាំងក្នុងកិច្ចការអភិរក្សប្រាសាទ ព្រោះថា វារួមចំណែកជួយទប់លំនឹងនៃគ្រឹះប្រាសាទដែលសង់នៅលើដីល្បាយខ្សាច់។ ទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ រួមចំណែកទាំងទៅលើកិច្ចការអភិរក្សប្រាសាទ និងប្រយោជន៍សម្រាប់ផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅជុំវិញ។
ខ្ញុំបាននៅដល់ទ្វារទឹកនៃកសិន្ធុក្រុងអង្គរធំ ដែលនៅទីនោះមាន លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានរៀបរាប់ពីការងារទូទៅនៃការខិតខំប្រឹងប្រែងប្រមូលទឹក សម្រាប់ប្រើប្រាស់ទូទៅ។ លោកប្រាប់ថា មកដល់ពេលនេះ ទឹកដែលប្រមូលបាន គឺសឹងដល់កម្រិតអតិបរិមាហើយ តែអាជ្ញាធរជាតិអប្សរា មិនទាន់បញ្ចូលពេញទាំងស្រុងទេ ដោយទុកសម្រាប់ទទួលទឹកភ្លៀងដែលអាចនៅមានបន្ថែមទៀត នាចុងរដូវវស្សានេះ។ លោកបន្ថែមថា ទឹកទាំងអស់ត្រូវបានប្រមូលទុកនៅក្នុងបារាយណ៍ខាងជើង បារាយណ៍ខាងលិច កសិន្ធុក្រុងអង្គរធំ និងកសិន្ធុអង្គរវត្តជាដើម មុននឹងចែកចាយបន្តឬទម្លាក់ទៅតាមស្ទឹងមួយចំនួនមានស្ទឹងពួក និងប្រឡាយអូរខ្លូត ជាដើម។
ចាប់ពីឆ្នាំ២០១២មក និយាយជារួមក្រោយមានការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ដ្របុរាណក្នុងតំបន់អង្គរ គឺពុំធ្លាប់មានជំនន់ទឹកភ្លៀងលិចលង់តំបន់ប្រាសាទ និងក្រុងសៀមរាបទៀតនោះទេ។ ទាំងនេះ គឺជាសមិទ្ធផលដ៏ធំមួយរបស់អាជ្ញាធរជាតិអប្សរា លើការងារគ្រប់គ្រងទឹក ដែលប្រឹងកកាយរកប្រព័ន្ធធារាសាស្ដ្របុរាណ និងស្ដារឡើងវិញប្រហែល៩០ភាគរយ។ ការស្ដារឡើងវិញនេះ អនុញ្ញាតឱ្យមានការបង្វែរទឹកទម្លាក់ទៅបឹងទន្លេសាបានយ៉ាងងាយ ដែលបញ្ជៀសនូវជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់ពីមន្ត្រីគ្រប់គ្រងទឹក បរិមាណទឹកនៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុន ហើយមានការរំពឹងថា ក្នុងរដូវប្រាំងឆ្នាំនេះទឹកមិនមានការខ្វះខាតនោះទេ។ ទោះជាយ៉ាងណា អ្នកជំនាញទឹកស្នើឱ្យប្រជាពលរដ្ឋរស់នៅជុំវិញតំបន់អង្គរ ប្រើប្រាស់ដោយការសន្សំសំចៃ ព្រោះតំបន់ទឹកមួយចំនួនដូចជានៅបារាយណ៍ខាងលិច ក្រៅពីប្រើប្រាស់សម្រាប់កិច្ចការអភិរក្ស និងស្រោចស្រពដំណាំកសិករហើយនោះ ក៏ប្រើដើម្បីផលិតទឹកស្អាតប្រើប្រាស់ក្នុងក្រុងសៀមរាបផងដែរ។ លោក សុឃីម បន្ត៖« ពីមុន យើងបញ្ចូលក្នុងបារាយណ៍សម្រាប់តែស្រោចស្រពទេ តែឥឡូវយើងត្រូវការទឹកមួយផ្នែកដើម្បីបញ្ជូន (ផលិតទឹកស្អាត) ទៅក្រុង»។
លោក ភឿន សុឃីម ពន្យល់បន្ថែមទៀតលើករណីការប្រើប្រាស់ទឹកក្នុងតំបន់អង្គរយ៉ាងដូច្នេះថា៖«អាកាសធាតុលើពិភពលោកកាន់តែប្រែប្រួល ទឹកសំខាន់ក្នុងតំបន់អង្គរទាំងការអភិរក្សប្រាសាទ បរិស្ថាន ព្រៃឈើ អ៊ីចឹងទោះយើងខិតខំប្រមូលទឹកយ៉ាងណា តែយើងសង្ឃឹមថារដូវប្រាំងឆ្នាំនេះ សុំឱ្យពលរដ្ឋសន្សំសំចៃការប្រើប្រាស់ទឹក ដើម្បីប្រើប្រាស់ឱ្យបានគ្រប់មធ្យោបាយ...»៕
© រក្សាសិទ្ធិដោយ thmeythmey.com