ជាតិ
​ជំនន់​៖ អ្នក​នៅក្បែរ​ទំនប់​ចាន់​ថ្នាល ទ្វារ​ទឹក​រលាំង​ជ្រៃ និង​ស្ទឹង​ព្រែក​ត្នោត​នៅ​កំពង់ស្ពឺ ត្រូវ​បង្កើន​ប្រុងប្រយ័ត្ន​
12, Oct 2020 , 9:59 pm        
រូបភាព
ដោយ:
 ​ទំនប់​ចាន់​ថ្នាល​, ទ្វារ​ទឹក​រលាំង​ជ្រៃ បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត នៅក្នុង​ខេត្តកំពង់ស្ពឺ អាចមាន​ជំនន់​ទឹកភ្លៀង ខណៈ​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ទាំងនោះ បង្កើន​ការប្រុងប្រយ័ត្ន​។ ទោះជា​យ៉ាងនេះ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់ thmeythmey25​ថា ទឹកជំនន់​ក្នុង​ខេត្ត​នេះ ស្ថិតក្នុង​កម្រិត​អាច​ទប់ទល់​បាន ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត​។​
 
​រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានប្រកាសថា ឲ្យ​ពលរដ្ឋ​រស់នៅ​ផ្នែក​ខាងក្រោម នៃ​ទំនប់​ចាន់​ថ្នាល ផ្នែក​ខាងលើ និង​ខាងក្រោម នៃ​ទ្វារ​ទឹក​រលាំង​ជ្រៃ និង​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​ជំនន់​ទឹកភ្លៀង ដែល​អាច​កើតមាន​នៅតាម​តំបន់​ទាំងនេះ​។  
 
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 នៅ​ព្រឹក​ថ្ងៃទី ១២ ខែតុលា​នេះ​ថា ស្ថានភាព​ទឹកជំនន់ ក្នុង​ខេត្តកំពង់ស្ពឺ ស្ថិតក្នុង​កម្រិត​អាច​ទប់ទល់​បាន ប្រសិនបើ​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត ដោយសារ​អាជ្ញាធរ​បាន​បង្ហូរទឹក​ខ្លះ ចេញពី​ស្ទឹង​ព្រែក​ត្នោត និង​ទំនប់​អូ​ស្យា ទម្លាក់​មក​ភ្នំពេញ​។ 


 
​តាម​លោក វ៉ី សំណាង ភ្នំពេញ ជា​ច្រក​រំដោះ​ទឹកតែ​មួយគត់​ចេញពី​ខេត្តកំពង់ស្ពឺ​។ «​ខេត្ត​ទើបតែ​បើកទឹក​បាន​តិចតួច​ប៉ុណ្ណោះ ពី​ទំនប់​អូរ​ស្យា និង​ស្ទឹង​ព្រែក​ត្នោត ហើយ​បើ​បើក​ខ្លាំង​ជាង​នេះ នៅ​ភ្នំពេញ​អាច​ប្រឈម​ទឹកជំនន់​»​។ នេះ​ជាការ​បញ្ជាក់​របសលោក វ៉ី សំណាង​។​
 
​ដ្បិតតែ​ពិបាក​សន្និដ្ឋាន​ស្ថានភាព​ទឹកជំនន់  ប្រសិន​មាន​ភ្លៀង​បន្តទៀត​នៅថ្ងៃនេះ​នោះ ប៉ុន្តែ​លោក វ៉ី សំណាង បាន​អះអាងថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រួមទាំង​មន្ត្រី​សុខាភិបាល​ផង បាន​ខ្លួន​រួចជាស្រេច ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ករណី​មាន​ទឹកជំនន់​កើតឡើង​។ 
 
​លោក វ៉ី សំណាង បញ្ជាក់​ដូច្នេះ​៖«​មន្ទីរ​ពាក់ព័ន្ធ​នីមួយៗ ដូចជា​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ត្រូវ​ជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។ ដោយឡែក​មន្ទីរ​សុខាភិបាល និង​កងកម្លាំង​ខេត្ត ត្រូវ​ត្រៀម​រួចជាស្រេច​ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​ក្នុង​ប្រការ​ណាមួយ​»​។ 
 
​សូមជម្រាបថា ខេត្តកំពង់ស្ពឺ រងគ្រោះ​តិចតួច​ប៉ុណ្ណោះ​ដោយសារ​ទឹកជំនន់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២ តុលា ផ្ទះ​ពលរដ្ឋ​ប្រមាណ ៧៤​គ្រួសារ​បាន​ជន់​លិច ខណៈ​ទ្រព្យសម្បត្តិ និង​ផលដំណាំ​ពលរដ្ឋ មិនទាន់មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស​
​អភិបាលខេត្ត​កំពង់ស្ពឺ ប្រាប់ thmeythmey25 ៕

Tag:
 ទឹកជំនន់​
 
 ​វ៉ី សំណាង​
 ​កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com