ជាតិ
សង្គមជាតិ
រថយន្ត​ធុន​ធំ មិនត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ ទៅ​ភ្នំពេញ​ឡើយ​
12, Oct 2020 , 5:11 pm        
រូបភាព
ស្ថានភាពទឹកជំនន់នៅតំបន់មួយ ក្នុងខេត្តបន្ទាយមានជ័យ (រូបពីក្រសួងធនធានទឹក)
ស្ថានភាពទឹកជំនន់នៅតំបន់មួយ ក្នុងខេត្តបន្ទាយមានជ័យ (រូបពីក្រសួងធនធានទឹក)
ដោយ:
​ភ្នំពេញ​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បានប្រកាស​ហាម​មិន​ឲ្យ​រថយន្ត​ធុន​ធំ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ ទៅ​រាជធានី​ភ្នំពេញ​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​។ បម្រាម​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែតុលា​ម្សិលមិញ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​។
 
​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​១២ ខែតុលា​ថា មូលហេតុ​ដែល​មិន​ឲ្យ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ធុន​ធំ ធ្វើ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៥ ដោយសារ​ផ្លូវ​នោះ​កំពុងតែ​លិច​។ 
 
​លោក​អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍​ដូច្នេះ​ថា​៖«​ផ្លូវជាតិ​លេខ​៥​ពី​ខេត្តបន្ទាយមានជ័យ ទៅ​បាត់ដំបង និង​ពោធិ៍សាត់​គឺ​យើង​ផ្អាក​មិន​ឲ្យ​រថយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ​។ យើង​បិទ​មួយរយៈ ដោយសារ​ទឹក​ហូរ​កាត់​ផ្លូវជាតិ​។ យើង​ហាម​ឲ្យ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់ ប៉ុន្តែ​រថយន្ត​តូចៗ និង​ម៉ូតូ គឺ​យើង​អាច​ឲ្យ​ឆ្លងកាត់​បាន កុំ​ឲ្យ​តែ​រថយន្ត​ដឹកទំនិញ​ធំៗ​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១១ ខែតុលា ខេត្តបន្ទាយមានជ័យ​មាន​ក្រុង​-​ស្រុក​ចំនួន​៩ គឺ​ក្រុង​ស​រិ​រី​សោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ព្រះនេត្រព្រះ ស្រុក​ថ្មពួក ស្រុក​ភ្នំស្រុក ស្រុក​មង្គល​បូរី និង​ស្រុក​ម៉ាឡៃ ត្រូវបាន​ជន់​លិច​។ ក្នុងនោះ​មាន​ផ្លូវថ្នល់​សរុប​ប្រវែង​ជាង​៦១​គីឡូម៉ែត្រ រង​ការ​ជន់​លិច​។ ចំណែក ផ្ទះ មាន​ជាង​២,៦​ពាន់​ខ្នង ដែល​ត្រូវ​ជន​លិច ហើយ​អាជ្ញាធរ បាន​ជម្លៀស​ពលរដ្ឋ​ជាង​១​ពាន់​នាក់ ទៅ​ទីទួល​មាន​សុវត្ថិភាព​។ រីឯ ស្រែចម្ការ​ជាង​៤​ពាន់​ហិកតា ដំឡូង​មី​ជិត​២​ពាន់​ហិកតា និង ដំណាំ​រួមផ្សំ​ផ្សេងទៀត​ជាង​៣៦០​ហិកតា ត្រូវ​ជន់​លិច​។ នេះ​បើតាម​របាយការណ៍​ពី​លោក លី សារី​៕ 
 
 

Tag:
 ទឹកជំនន់​
 ​រថយន្ត​
 ​ចរាចរ
© រក្សាសិទ្ធិដោយ thmeythmey.com