COVID-19
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យក្រសួងទេសចរណ៍សោកស្ដាយចំពោះការបិទទ្វារភូមិវប្បធម៌ 13, Oct 2020 , 2:44 pm
× សៀមរាប៖ ភូមិវប្បធម៌កម្ពុជា ដែលបើកដំណើរការជាង១៧ឆ្នាំនៅក្នុងខេត្តសៀមរាប បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុងនៅដើមខែ វិច្ឆិកា ខាងមុខនេះ ដោយសារវិបត្តិកូវីដ១៩។ ការប្រកាសនេះ ធ្វើឱ្យសាធារណជនជាច្រើនសម្ដែងអារម្មណ៍សោកស្ដាយ ខណៈដែលទីតាំងនេះជាផ្នែកមួយទាក់ទាញទេសចរពេលមកលេងខេត្តសៀមរាប។ អ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បង្ហាញអារម្មណ៍សោកស្ដាយចំពោះករណីនេះដែរ តែរំពឹងថា ក្រុមហ៊ុននឹងបើកឡើងវិញពេលមានចរន្តទេសចរក្រៅស្រុកត្រឡប់វិញ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្ដ្រ បានប្រាប់សារព័ត៌មានថ្មីៗនៅព្រឹកថ្ងៃទី១៣ តុលា ថា លោកបានទទួលព័ត៌មាននៃការប្រកាសបិទទ្វារភូមិវប្បធម៌កម្ពុជាតាមរយៈបណ្ដាញសារព័ត៌មាន តែក្រសួងមិនទាន់ទទួលបានលិខិតផ្លូវការណាមួយពីក្រុមហ៊ុនទេ។ លោកបន្តថា ការប្រកាសបិទទ្វារនេះអាចធ្វើជាលក្ខណៈបណ្ដោះអាសន្នក្នុងកាលៈទេសៈវិបត្តិកូវីដ១៩នេះ ហើយអាចនឹងដំណើរការឡើងវិញពេលមានចរាចរណ៍ទេសចរពីក្រៅស្រុកវិញ។ លោកបន្ថែមថា៖« អាចជាមូលហេតុផ្ទាល់ខ្លួនគាត់ ក្នុងនាមក្រសួងមានការសោកស្ដាយ តែគាត់អាចដំណើរឡើងវិញ ក្រោយមានភ្ញៀវវិញ»។
សារព័ត៌មាន ThmeyThmey មិនអាចសុំការបំភ្លឺពីអ្នកគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជាបានទេនៅថ្ងៃនេះ ដោយទូរសព្ទមិនចូល។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃទី១១ តុលា បានបង្ហាញថា ក្រុមហ៊ុនបានជួបវិបត្តិធ្ងន់ធ្ងរក្នុងអំឡុងវិបត្តិកូវីដ១៩នេះ ដែលមិនអាចឱ្យដំណើរការតទៅមុខទៀត។ ក្រុមហ៊ុនសន្យាថា នឹងទូទាត់ប្រាក់សំណងជួនបុគ្គលិកទាំងអស់ ស្របតាមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ។
បុគ្គលិកផ្នែកសិល្បៈអ្នកស្រី គឹម សុធា បានប្រាប់សារព័ត៌មានថ្មីៗអំឡុងពេលកំពុងបន្តបាតុកម្មនៅមុខភូមិវប្បធម៌កម្ពុជានារសៀលថ្ងៃទី១២ តុលា ថា ក្រុមបុគ្គលិកបន្តបាតុកម្មដល់ថ្ងៃទី៥៦ហើយ ដោយទាមទារសុំឱ្យក្រុមហ៊ុនរក្សាការិយាល័យសិល្បៈ និងទទួលយកសមាជិក៥រូបឱ្យចូលធ្វើការវិញ ក៏ដូចជាទាមទារនូវលក្ខខណ្ឌមួយចំនួនទៀត។ អ្នកស្រី សុធា គ្មានអ្វីជំទាស់ចំពោះការសម្រេចបិទអាជីវកម្មភូមិវប្បធម៌កម្ពុជាទេ តែស្នើឱ្យក្រុមហ៊ុនទូទាត់ប្រាក់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ការងារ។
គួរឱ្យដឹងដែរថា តួលេខចុងក្រោយ អាជីវកម្មទេសចរណ៍ជាង៣ពាន់ទីតាំង បានប្រកាសបិទទ្វារបណ្ដោះអាសន្ន។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្ដ្រ បញ្ជាក់ថា មកដល់បច្ចុប្បន្ននេះមានទីតាំងជាង៣០ភាគរយហើយ ដែលបើកដំណើរការឡើងវិញ ក្នុងនោះរួមមានទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋានជាដើម។ លោក តុប សុភ័ក្ដ្រ ក៏បានរំលឹកពីគោលការណ៍ដែលរាជរដ្ឋាភិបាលប្រឹងប្រែងជួយវិស័យទេសចរណ៍ ដូចជាការលើកលែងពន្ធ និងឧបត្ថម្ភដល់កម្មករ និយោជក ដែលត្រូវព្យូរការងារបណ្ដោះអាសន្ន ដែលមកដល់ពេលនេះបានឧបត្ថម្ភដល់ជុំទី៥ហើយ ដែលក្នុងម្នាក់ៗទទួលបាន ៤០ដុល្លារក្នុងមួយខែ៕
Tag:
ភូមិវប្បធម៌កម្ពុជា
កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com