ពីនេះ ពីនោះ
សុខភាព
អ្នកជំនាញ​ធ្វើ​បែបណា នៅពេល​គាត់​មិនអាច​ងងុយគេង​?
13, Oct 2020 , 6:59 pm        
រូបភាព
​ទោះបីជា​អ្នក​ចៀសវាង​កាហ្វេ​អ៊ី​ន ហើយ​អ្នក​ឈប់​មើល Facebook ឬ Instagram មួយ​ម៉ោង​មុនពេល​ចូល​គេង​ក៏ដោយ ក៏​វា​អាចមាន​ពេលណា​មួយ​ដែល​អ្នក​មិនអាច​គេង​លក់បាន​។​
 
​វេជ្ជបណ្ឌិត Rubin Naiman អ្នកជំនាញ​ផ្នែក​គេង និង​សុ​បិ​ន្ត និង​ជា​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​មជ្ឈមណ្ឌល Arizona មានប្រសាសន៍ថា “​ដើម្បី​ឆ្លើយតប​បញ្ហា​នេះ ដំបូង​យើង​ត្រូវ​ពិចារណា​ឡើងវិញ​នូវ​អ្វីដែល​ធ្វើឱ្យ​យើង “​មិនអាច​គេង​លក់​” បាន​។​វេជ្ជបណ្ឌិត Rubin Naiman បន្តថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​គេង​នៅលើ​គ្រែ​រយៈពេល ១០ ឬ ២០ នាទី មុនពេល​អ្នក​គេង​លក់​។ ហើយ​ការ​គេង​លក់​ជាប្រចាំ​ក្នុងពេល​មួយ ឬ​ពីរ​នាទី​ក៏​មិនមែនជា​សញ្ញា​នៃ​ការ​គេង​លក់​ស្រួល​នោះដែរ​។ តាមពិត វា​អាចជា​រោគសញ្ញា​នៃ​ភាព​ងងុយគេង​ហួសប្រមាណ និង​ជា​ជំងឺ​នៃ​ការ​គេង​ផងដែរ​។​ដោយមាន​ទស្សនវិស័យ​នោះ​ក្នុង​គំនិត យើង​បាន​សួរ​អ្នកជំនាញ​ផ្នែក​ការ​គេង​ដោយ​ខ្លួន​គាត់​ផ្ទាល់​ថា​តើ​គាត់​នឹងធ្វើ​អ្វី​នៅពេល​អ្នក​មិនអាច​គេង​លក់​?
 
​កុំ​ឆ្កួត កុំ​តូចចិត្ត កុំ​តឹងតែង​ពេក​
 
​នៅពេលដែល​ខ្ញុំ​មាន​បញ្ហា​ក្នុងការ​គេង វា​ច្រើនតែ​ដោយសារ​ខ្ញុំ​មានគំនិត​អ្វីមួយ​អំពី​ការងារ ឬ​កូនៗ​របស់ខ្ញុំ​។ អ្វីដែល​សំខាន់បំផុត​នោះ គឺ​ខ្ញុំ​ជៀសវាង​ការ​តូចចិត្ត ឬ​ខកចិត្ត​ពេល​គេង​មិន​លក់ – ជាធម្មតា អ្វីដែល​នៅក្នុង​ចិត្ត​ខ្ញុំ គឺ​សំខាន់​។ នេះ​ជា​ប្រសាសន៍​របស់ Jennifer L. Martin បណ្ឌិត សាស្ត្រាចារ្យ​រង​ផ្នែក​ឱសថ​នៅ UCLA​។​
 
​បង្វែរ​អារម្មណ៍​អ្នក​ដោយ​គំនិត​បន្ធូរ​អារម្មណ៍​
 
​ខ្ញុំ​កម្រ​មាន​បញ្ហា​ក្នុងការ​គេង​លក់​ណាស់​។ ទោះយ៉ាងណា​ក៏ដោយ ក្នុងពេល​ណាមួយ​នោះ ប្រសិនបើ​ខ្ញុំ​មាន​អ្វីមួយ​នៅក្នុង​គំនិត ខ្ញុំ​នឹងមិន​អាច​គេង​លក់​នោះទេ ព្រោះ​ចិត្តគំនិត​របស់ខ្ញុំ គឺ​ធ្វើការ​ហួស​កម្រិត​ហើយ​។ នៅពេលដែល​ខ្ញុំ​ដឹង​រឿងនេះ ខ្ញុំ​នឹង​ចាប់ផ្តើម​គិត​លើ​អ្វីដែល​រីករាយ រូបភាព​លំហែកាយ ឬ​វិស្សម​កាលដែល​ខ្ញុំ​ចូលចិត្ត​ចំណាយ​ជាមួយ​គ្រួសារ​របស់ខ្ញុំ​។ នេះ​ជា​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Ilene M. Rosen ប្រធាន​បណ្ឌិតសភា​វេជ្ជសាស្ត្រ​នៃ​ការ​គេង​របស់​អាមេរិក និង​ជា​នាយក​កម្មវិធី​នៃ​សាកលវិទ្យាល័យ Pennsylvania​។​
 
​ព្យាយាម​ធ្វើ​លំ​ហាត់​ដកដង្ហើម​
 
​ប្រសិនបើ​មាន​យប់​ដែល​ខ្ញុំ​ពិបាក​គេង​លក់ ខ្ញុំ​នឹង​អនុវត្ត​វិធី​បន្ធូរ​អារម្មណ៍​បែប​សាមញ្ញ​មួយ ដែល​ហៅថា​ដង្ហើម diaphragmatic ។ ការដកដង្ហើម​បែបនេះ​អាច​ត្រូវបាន​ប្រើ នៅពេលដែល​ខួរក្បាល​ដើរ​មួយ​គីឡូម៉ែត្រ​ជាង​ក្នុង​មួយ​នាទី ហើយ​អ្នកមាន​អារម្មណ៍​ថា​រំខាន ហើយ​គេង​មិន​លក់​។​
 
​ខ្ញុំ​ដកដង្ហើម​ចូល​យឺតៗ និង​ជ្រៅៗ ហើយ​ចាប់​រាប់​ពី​លេខ ១, ២, ៣, ៤ ហើយ​បន្ទាប់មក​ដកដង្ហើម​ចេញ​យឺតៗ រាប់​ចំនួន ៥, ៦, ៧, ៨​។ ជាមួយនឹង​ការអនុវត្ត​នេះ វា​អាចជួយ​បន្ធូរ​អារម្មណ៍​អ្នក ហើយ​អ្នកនឹង​ឆាប់​គេង​លក់​។ នេះ​ជា​ប្រសាសន៍​របស់លោក Mark Muehlbach បណ្ឌិត និង​ជា​នាយ​កនៅ​គ្លីនិក និង​មជ្ឈមណ្ឌល​គេង​មិន​លក់​នៅ​គ្លីនិក Clayton Sleep Institute Clinics៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com