ពីនេះ ពីនោះ
សុខភាព
ងាយៗ​! ធ្មេញ​នឹង​ស​ស្អាត​រឹងមាំ ជាមួយ​អាហារ​ធម្មតាៗ​ទាំងនេះ​
14, Oct 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា ការទទួល​ទាន​អាហារ​អាច​ជះឥទ្ធិពល​ដល់​សុខភាព​ធ្មេញ​។ ដូច្នេះហើយ​ទើប​អ្នក​អាច​រក្សា​សុខភាព​ធ្មេញ​ល្អ​រឹងមាំ​បាន​តាមរយៈ​ការជ្រើសរើស​អាហារ​ត្រឹមត្រូវ​ដើម្បី​ទទួលទាន​។ ប៉ុន្តែ​ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​ល្អ​សម្រាប់​ធ្មេញ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​ជួយ​រក្សា​សុខភាព​អញ្ចាញ និង​ធ្មេញ ក៏ដូចជា​ទប់ស្កាត់​ជំងឺ​អញ្ចាញ រួមទាំង​ជំងឺ​ពុក​ធ្មេញ​ផងដែរ ៖
 
១. ការ៉ុត​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Carotene ដែល​ល្អ​សម្រាប់​ភ្នាស់​ទឹករំអិល​នៃ​មាត់​និង​អញ្ចាញ​។ វា​ក៏​ធ្វើឱ្យ​កាចា​ធ្មេញ​កាន់តែ​រឹងមាំ​ឡើង​ផងដែរ​។ ការ៉ុត​ស្រស់ គឺ​ល្អ​ណាស់​សម្រាប់​រក្សា​សុខភាព​ធ្មេញ​វា​អាច​កម្ចាត់​កំណកកំបោរ​និង​ម៉ាស្សា​អញ្ចាញ​។​
 
២. ត្រី​
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ធ្មេញ​ត្រូវការ​កាល់ស្យូម ប៉ុន្តែ​ជាតិ phosphorus ក៏​សំខាន់​ណាស់​ដែល​សម្រាប់​រក្សាសុខ​ភាព​ធ្មេញ​។ ទោះជា​យ៉ាងណា​ត្រី​មួយចំនួន​អាច​បង្ក​ក្លិន​មិនល្អ​ក្នុង​មាត់​។​
 
៣. យ៉ា​អួរ​
 
​ជា​អាហារសម្រន់​ដ៏​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ធ្មេញ​និង​អញ្ចាញ​។ យ៉ា​អួរ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន​និង​កាល់ស្យូម​ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ធ្មេញ​រឹងមាំ​។ បាក់តេរី​ល្អៗ ឬ​ប្រូ​បាយ​អូ​ទិ​ក​ដែលមាន​នៅក្នុង​យ៉ា​អួរ​ក៏​ល្អ​ចំពោះ​សុខភាព​អញ្ចាញ​គួរអោយកត់សម្គាល់​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​យ៉ា​អួរ​សុទ្ធ​ទើប​គ្មាន​ផ្ទុក​ជាតិ​ស្ករ​ដែល​ពពួក​បាក់តេរី​ចូលចិត្ត​។​
 
៤. ជី​វ៉ាន់ស៊ុយ​
 
​ក៏​ជា​ប្រភព​ចម្បង​មួយ​នៃ​កាល់ស្យូម ហើយ​ក៏មាន​លក្ខណៈសម្បត្តិ​ជួយ​សម្អាត​ធ្មេញ​ផងដែរ​។ ក្រោយពេល​ទទួលទាន​អ្វីមួយ ចូរ​ទំពារ​ស្លឹក​ជី​វ៉ាន់ស៊ុយ​បន្តិច​មុនពេល​សម្អាត​ក្នុង​មាត់​។​
 
៥. ផ្លែ​ប៉ោម​
 
​ផ្លែ​ប៉ោម​បង្កើន​ការផលិត​ទឹកមាត់​ដែល​អាចជួយ​កម្ចាត់​ការកកើតឡើង​នូវ​កំណកកំបោរ​ជាប់​ធ្មេញ​ផងដែរ​។ ការទទួល​ទាន​ផ្លែ​ប៉ោម ១ ផ្លែ​ក្រោយពេល​អាហារ​អាចជួយ​សម្អាត​កំទេចកំទី​និង​បាក់តេរី​ក្នុង​មាត់​។​
 
៦. គី​វី​
 
​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ខណៈដែល​កង្វះ​វីតាមីន​នេះ​បន្ថយ​ការផលិត​កូ​ឡា​ជែ​ន ហើយ​អញ្ចាញ​ចាប់ផ្ដើម​ហូរឈាម​។​
 
៧. គ្រាប់ល្ង​
 
​ការ​ទំពារ​គ្រាប់ល្ង​ជួយ​កម្ចាត់​កំណកកំបោរ​ជាប់​ធ្មេញ​និង​ធ្វើឱ្យ​កាចា​ធ្មេញ​កាន់តែ​រឹងមាំ​ផងដែរ​។​
 
៨. តែ​បៃតង​
 
​សារធាតុ catechin ក្នុង​តែ​បៃតង​កម្ចាត់​រាល់​បាក់តេរី​ដែល​បង្កបញ្ហា​ពុក​ធ្មេញ​។ តែ​បៃតង​ក៏​ធ្វើឱ្យ​ខ្យល់​ដង្ហើម​ប្រែជា​ស្រស់ថ្លា​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com