ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! កាបូ​អ៊ី​ដ្រា​ត​សុខភាព​ល្អ​មាន​ប្រភពពី​អ្វីខ្លះ​?
16, Oct 2020 , 6:59 am        
រូបភាព
​ពិតណាស់​ដែល​ការទទួល​ទាន​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត​ច្រើន​លើស​អាច​បណ្ដាលឱ្យ​កើន​ទម្ងន់​និង​ជះឥទ្ធិពល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ទោះជា​យ៉ាងណា​មិនមែន​គ្រប់​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត​ទាំងអស់​សុទ្ធតែ​មិនល្អ​ចំពោះ​សុខភាព​ឡើយ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​សម្បូរ​កាបូ​អ៊ី​ដ្រា​ត​ដែល​ល្អ​ចំពោះ​សុខភាព ៖
 
១. បាយ​អង្ករសម្រូប​
 
​ជា​អាហារ​សុខភាព​ល្អ​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​។ ជាតិ​ស​សៃ​គឺជា​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​និង​ជំងឺមហារីក​សុដន់​។ ក្រៅពី​ទប់ស្កាត់​ជំងឺមហារីក​ជាតិ​ស​សៃ​ក៏​ចាំបាច់​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ លើសពីនេះទៅទៀត​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ជួយ​រក្សា​សុខភាព​ស​សៃ​ឈាម​បេះដូង​ដោយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​និង​បញ្ចុះ​សម្ពាធ​ឈាម​។ ជាតិ​ស​សៃ​ក្នុង​បាយ​អង្ករសម្រូប​ក៏​ជួយ​ពន្យឺត​និង​គ្រប់គ្រង​ការបញ្ចេញ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ម្យ៉ាងវិញទៀត​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ខ្ពស់​នៃ​បាយ​អង្ករសម្រូប​ថែមទាំង​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​ធ្វើឱ្យ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​កាន់តែ​ប្រសើរឡើង​ទៀតផង​។ បាយ​អង្ករសម្រូប​ក៏​ជួយ​បង្កើន​កម្រិត​ថាមពល​រាងកាយ​តាមរយៈ​វីតាមីន B2 វីតាមីន B3 និង​វីតាមីន B6​។​
 
២. ដំឡូង​ផ្អែម​
 
​ក្រៅពី​កាបូ​អ៊ី​ដ្រា​ត ដំឡូង​ផ្អែម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​។ ដំឡូង​ផ្អែម​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​និង​សុខភាព​ស្បែក​។ លើសពីនេះទៅទៀត​ដំឡូង​ផ្អែម​ក៏មាន​ផ្ទុក​សារធាតុ beta-carotene ដែល​ល្អ​ចំពោះ​សុខភាព​ភ្នែក​ផងដែរ​។​
 
៣. ផ្លែ​ចេក​
 
​ក្រៅពី​កាបូ​អ៊ី​ដ្រា​ត ផ្លែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។ លើសពីនេះទៅទៀត​ការទទួល​ទាន​ចេក​ក៏​អាច​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​ទប់ទល់​អាកា​រៈបេះ​ដូង​លោត​ញាប់ ថប់​បារម្ភ និង​គេង​មិន​លក់​ផងដែរ​។​
 
៤. ផ្លែ​ប៉ោម​
 
​មាន​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត​ពី ១៣ ទៅ ១៥ ភាគរយ​។ ក្រៅពីនេះ​ផ្លែ​ប៉ោម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ ព្រមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ការទទួល​ទាន​ផ្លែ​ប៉ោម​អាច​ផ្ដល់​អត្ថប្រយោជន៍​ច្រើនណាស់​ចំពោះ​សុខភាព រួមបញ្ចូល​ទាំង​ការជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
៥. បន្លែ​បៃតង​
 
​មិន​ត្រឹម​តែមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាបូ​អ៊ី​ដ្រា​ត​ល្អ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com