ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
17, Oct 2020 , 6:59 am        
រូបភាព
​បញ្ហា​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​ជា​បញ្ហា​សម្រស់​ទូទៅ​បំផុត​មួយ​ដែល​នារី​ភាគច្រើន​តែង​ជួបប្រទះ​។ ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​រួមបញ្ចូល​ទាំង ការ​គេង​មិន​គ្រប់ ភាព​ហត់នឿយ ការ​ទទួលទាន​កាហ្វេ​អ៊ី​ន ភាព​តានតឹង​ក្នុង​អារម្មណ៍​ឬ​ស្ត្រេ​ស និង​បញ្ហា​ផ្លូវដង្ហើម​។ ទោះជា​យ៉ាងណា​បញ្ហា​នេះ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​យ៉ាង​ឆាប់រហ័ស ៖
 
១. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ក្រោម​ភ្នែក​ជាមួយ​ប្រេងដូង​រាល់​យប់​ជាការ​ស្រេច​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។​
 
២. កន្សែង​ត្រជាក់​
 
​ដាក់​កូនកន្សែង​សើម​ក្នុង​ទូរ​ទឹកកក​មួយ​យប់​។ នៅពេល​អ្នក​ក្រោក​ឡើង​នៅពេល​ព្រឹក ចូរ​ស្អំ​ភ្នែក​នឹង​កន្សែង​ត្រជាក់​សម្រាប់​រយៈពេល ៥ នាទី ឬ​ច្រើនជាង​នេះ​។ វិធី​នេះ​អាចជួយ​កាត់បន្ថយ​ការ​ហើម​ក្នុង​ភ្នែក​គួរអោយកត់សម្គាល់​។​
 
៣. កញ្ចប់​តែ​តូចៗ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​កញ្ចប់​តែ​តូចៗ​ដែល​ឆុង​ហើយ​ដាក់​ក្នុង​ទូរ​ទឹកកក​សម្រាប់​រយៈពេល​ក​ន្លះ​ម៉ោង ឬ​ច្រើនជាង​នេះ​។ បន្ទាប់មក​យក​កញ្ចប់​តែ​មក​ស្អំ​លើ​ភ្នែក​សម្រាប់​រយៈពេល ២០ នាទី សឹម​យកចេញ​ហើយ​លាង​សម្អាត​មុខ​របស់​អ្នក​ជាការ​ស្រេច​។​
 
៤. ត្រសក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ត្រសក់​ជា​បន្ទះៗ រួច​ដាក់​បិត​លើ​ភ្នែក​ជាការ​ស្រេច​។​
 
៥. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ម៉ាស្សា​ក្រោម​ភ្នែក​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​។​
 
៦. គេង​អោយបាន​គ្រប់គ្រាន់​
 
​វិធី​ដ៏​ងាយស្រួល​បំផុត​មួយទៀត​ដើម្បី​បំបាត់​ស្នាម​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​នោះ គឺ​ការ​គេង​អោយបាន​គ្រប់គ្រាន់​ចន្លោះ​ពី ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​។​
 
៧. កាត់បន្ថយ​ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​និង​គ្រឿង​ស្រវឹង​
 
​ក្រៅពី​ការជក់បារី​ហើយ​នោះ ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​និង​គ្រឿង​ស្រវឹង​ក៏បង្ក​បញ្ហា​ស្នា​មដក់​ខ្មៅ​ក្រោម​ភ្នែក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​កាត់បន្ថយ​ការទទួល​ទាន​អាហារ​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​និង​ជាតិ​អាល់កុល​។​
 
៨. ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​
 
​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​លាប​ម៉ាស្សា​ជុំវិញ​ភ្នែក​រាល់​យប់​។​
 
៩. ចៀសវាង​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់​ដែល​អាច​បណ្ដាលឱ្យ​ភ្នែក​ហើម​។​
 
១០. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​
 
​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យ​ស្នាម​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​លេចឡើង ព្រមជាមួយ​ភាព​ជ្រីវជ្រួញ​ផងដែរ​។​
 
​សម្គាល់​! ប្រសិនបើ​គន្លឹះ​និង​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​ខាងលើ​គ្មាន​ប្រសិទ្ធភាព​សោះ​ចំពោះ​បញ្ហា​ស្នាម​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​របស់​អ្នក ចូរ​សាកល្បង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ករណីខ្លះ​បញ្ហា​ស្នា​មថក់​ខ្មៅ​ក្រោម​ភ្នែក​របស់​អ្នក​អាចជា​អាកា​រៈ​មួយ​នៃ​បញ្ហា​ជំងឺ​ផ្លូវដង្ហើម ឬ​ជំងឺ​ពាក់ព័ន្ធ​នឹង​អ័រម៉ូន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com