ជាតិ
ស្ថានភាពទឹកជំនន់ ក្នុងខេត្តព្រះវិហារ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន
17, Oct 2020 , 2:59 pm        
រូបភាព
ស្ថានភាពទឹកស្ទឹងសែន ខេត្តព្រះវិហារ
ស្ថានភាពទឹកស្ទឹងសែន ខេត្តព្រះវិហារ
ដោយ:
ស្ថានភាពទឹកជំនន់ក្នុងខេត្តព្រះវិហារស្ថិតក្នុងកម្រិតថេរ ដែលអាចគ្រប់គ្រងបាននៅឡើយគិតត្រឹមព្រឹកថ្ងៃទី១៧ តុលានេះ បើទោះបីកម្រិតទឹកស្ទឹងសែន ក្នុងខេត្តព្រះវិហារឈានដល់ការប្រកាសអាសន្ននៅល្ងាចថ្ងៃទី១៦ ខែតុលា។ នេះបើតាមលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ។
 
«ទឹកស្ទឹងសែនខេត្តព្រះវិហារបានឡើងដល់១១.៥៨ ម៉ែត្រ លើកម្រិតប្រកាស។ មកដល់ត្រឹមថ្ងៃទី១៧ ខែតុលា នេះកម្រិតទឹកក្នុងខេត្តនៅថេរអាចគ្រប់គ្រងបាន និងមិនមានផលប៉ះពាល់ខ្លាំងនោះទេ ហើយអាកាសធាតុក្នុងខេត្តពេលនេះក៏ស្រឡះល្អដែរ»។ នេះជាការបញ្ជាក់របស់លោកអភិបាលរងខេត្តព្រះវិហារប្រាប់ThmeyThmey25។
 
លោកប្រាប់បន្តថា មកដល់ពេលនេះមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ក្នុងខេត្តព្រះវិហារត្រូវជម្លៀសខ្លួននោះទេ។ ដោយឡែកបើទោះបីខេត្តព្រះវិហារមិនទាន់មានការប៉ះពាល់ខ្លាំង តែរដ្ឋបាលខេត្តបានត្រៀមរួមជាស្រេច ដើម្បីជួយសង្គ្រោះពលរដ្ឋឲ្យបានទាន់ពេលវេលា។ ជាក់ស្ដែងនៅតាមមូលដ្ឋាននីមួយៗ មានមន្រ្តីដើម្បីតាមដានស្ថានការណ៍ជាប្រចាំ ក្នុងករណីពលរដ្ឋមានការជួបប្រទះបញ្ហាណាមួយដែលត្រូវការជំនួយបន្ទាន់។ បន្ថែមលើនោះលោកបានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅតាមតំបន់មាត់ស្ទឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុផងដែរ។
 
សូមបញ្ជាក់ថានៅថ្ងៃទី១៦ ខែតុលា រដ្ឋបាលខេត្តព្រះវិហារបានជូនដំណឹងពីការប្រកាសអាសន្ននៃកម្រិតទឹកស្ទឹងសែន ដែលឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។ បន្ថែមលើនោះរដ្ឋបាលខេត្តព្រះវិហារចេញសេចក្ដីជូនដំណឹងមួយដាច់ដោយឡែក ស្ដីពីការផ្អាកចរាចរណ៍ជាបណ្ដោះ អាសន្នចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើផ្លូវជាតិលេខ៩, ៦២, ៦៤, ៩៥ និងផ្លូវខេត្តលេខ២៦២៧ ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋពេលធ្វើដំណើរ និងចៀសវាងបង្កការខូចខាតផ្លូវកាន់តែខ្លាំង៕
 

Tag:
 ស្ទឹងសែន
 ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com