ជាតិ
ផ្លូវមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្ន
18, Oct 2020 , 3:20 pm        
រូបភាព
បន្ទាយមានជ័យ រូបភាព៖ កងពលតូចថ្មើរជើងលេខ៥១
បន្ទាយមានជ័យ រូបភាព៖ កងពលតូចថ្មើរជើងលេខ៥១
ដោយ:
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី ១៨ ខែតុលានេះ ស្ដីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន មិនឲ្យរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥៦,៥៨ ផ្លូវខេត្តលេខ ១៥៦ដេ,២៥៦៣ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្ដីជូនដំណឹង ការផ្អាកចររាចរណ៍បណ្ដោះអាសន្ននេះក៏ព្រោះតែផ្លូវមួយចំនួនក្នុងខេត្តបន្ទាយមានជ័យជន់លិច ប្រឈមការខូចខាត និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ ដូច្នេះត្រូវផ្អាកចរាចរណ៍បណ្ដោះអាសន្នផ្លូវជាតិលេខ៥៦ ចាប់ពីក្រុងសិរីសោភ័ណ ដល់បន្ទាយឆ្មារ ព្រំប្រទល់ខេត្តឧត្តរមានជ័យ។ ដោយឡែកផ្លូវជាតិលេខ៥៨ ចាប់ពីក្រុងប៉ោងប៉ែត ដល់ភូមិផ្អុង ព្រំប្រទល់ខេត្តឧត្តរមានជ័យ។ 

ផ្អាកចរាចរណ៍បណ្ដោះអាសន្នផ្លូវខេត្ត១៥៦ដេ ចាប់ពីរង្វង់មូលយាយជី ស្រុកមង្គលបូរី ដល់ស្រុកព្រះនេត្រព្រះ។ រីឯផ្លូវខេត្ត២៥៦៣ ចាប់ពីថ្មពួក ដល់ឃុំគោករមៀត បឹងត្រកួន។ ការផ្អាកចរាចរណ៍ខាងលើនេះ រហូតមានការជូនដំណឹងជាថ្មីពីរដ្ឋបាលខេត្ត ដើម្បីឲ្យបើកចរាចរណ៍ឡើងវិញ ដើម្បីការពារការបាក់ស្រុត ក៏ដូចជាថែរក្សា ផ្លូវ ស្ពាន និងធានាដល់ការធ្វើដំណើររបស់ពលរដ្ឋឲ្យមានសុវត្ថិភាព។ 
 
​ទាក់ទងនឹងទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យនេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  មាន​ក្រុង​-​ស្រុក​ចំនួន​៦ ​បាន​រង​ការ​ជន់​លិច ក្នុងនោះ​មាន ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គល​បូរី ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ម៉ាឡៃ​។ ស្រុក​ចំនួន​៣​ទៀត មានស្រុក​ភ្នំស្រុក ,​ស្វាយចេក និង​ស្រុក​ព្រះនេត្រព្រះ​មិនទាន់មាន​ផលប៉ះពាល់​ខ្លាំង តែ​យ៉ាងណាក៏ដោយ បើ​មាន​ភ្លៀង​ធ្លាក់​បន្ត នោះ​ទូទាំង​ខេត្តបន្ទាយមានជ័យ នឹងរង​ផលប៉ះពាល់​។  
 
​តាម​លោក អ៊ុំ រាត្រី មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខេត្ត​មានការ​ជន់​លិច គឺ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ គួបផ្សំ​ប្រភពទឹក​ដែល​បាន​ហូរ​ពី​ខេត្ត​ខាងលើ និង​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​ផងដែរ​។ លោក​អភិបាលខេត្ត នៅតែ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ​នេះ និង​ឲ្យ​មន្ត្រី​ចុះ​ជាប់​ជានិច្ច​តាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។​
 
គិតត្រឹមថ្ងៃទី១៧ ខែតុលា គ្រោះទឹកជំនន់បានធ្វើឲ្យផ្ទះពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យជាង ១ម៉ឺនខ្នងជន់លិច ប៉ះពាល់ផ្លូវជាតិ-ខេត្ត ប្រមាណ ៣ពាន់មែត្រ ដំណាំកសិកម្មជាង ២ពាន់ហិកតាត្រូវជន់លិច និងមនុស្សចំនួន ១២នាក់បានបាត់បង់ជីវិត។ បើតាមរបាយការណ៍គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕


Tag:
 ជំនន់
 ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com