ជាតិ
ភ្លៀងខ្លាំងនៅភ្នំគូលែន ធ្វើឲ្យទឹកស្ទឹងបន្ទាយស្រីហក់ឡើងជាង២ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន
18, Oct 2020 , 4:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកលោក ឃឹម ហ្វីណង់
រូបភាពពីទំព័រហ្វេសប៊ុកលោក ឃឹម ហ្វីណង់
ដោយ:
ទឹកស្ទឹងបន្ទាយស្រី បានហក់ឡើង២ម៉ែត្រ ពោលគឺជិតដល់កម្រិតប្រកាសអាសន្ន ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះដោយសារភ្លៀងធ្លាក់ខ្លាំងនៅផ្ទៃរងទឹកភ្លៀងភ្នំគូលែន។  លោក ឃឹម ហ្វីណង់ អភិបាលខេត្តបន្ទាយស្រី ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ រួចបន្តថា បច្ចុប្បន្នកម្ពស់ទឹកស្ទឹងបន្ទាយស្រី គឺ៥.៥ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន៦ម៉ែត្រ។
 
ភ្លៀងធ្លាក់ជោគជាំនៅផ្ទៃរងទឹកភ្លៀងភ្នំគូលែន បានធ្វើឲ្យកម្ពស់ទឹកស្ទឹងបន្ទាយស្រី កើនឡើង២.២ម៉ែត្រ ពោលគឺពី៣.៣ម៉ែត្រ ដល់៥.៥ម៉ែត្រ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីប្រាប់សារព័ត៌មានថ្មីៗដូច្នេះនៅរសៀលថ្ងៃទី១៨ តុលានេះ។ 
 
តាមលោក ឃឹម ហ្វីណង់ កម្ពស់ទឹក៥.៥ម៉ែត្រនេះ គឺជិតដល់កម្រិតប្រកាសអាសន្ន។ លោក អភិបាលខេត្តបញ្ជាក់ដូច្នេះ៖«ទឹកស្ទឹងបន្ទាយស្រី ហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន ដល់ កម្ពស់ ៥.៥ ម៉ែត្រ។ ខ្វះតែកន្លះម៉ែត្រទៀតប៉ុណ្ណោះ នឹងដល់កម្រិតប្រកាសអាសន្ន»។
 
បច្ចុប្បន្ន មានឃុំចំនួនពីរ ក្នុងស្រុកបន្ទាយស្រីត្រូវបានទទួលផលប៉ះពាល់ពីទឹកជំនន់ គឺឃុំខ្នារសណ្ដាយ និង ឃុំឃុនរាម ក្នុងនោះមានពលរដ្ឋ១១គ្រួសារក្នុងឃុំឃុនរាម ត្រូវបានជម្លៀសទៅទីសុវត្ថិភាព។ នេះបើតាមលោកអភិបាលខេត្ត ដោយលោកបន្តថា អាជ្ញាធរនៅមិនទាន់អាចវាយតម្លៃកម្រិតផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិនេះនៅឡើយ។ ទោះយ៉ាងណាក៏ដោយ លោក ឃឹម ហ្វីណង់ បានអំពាវនាវ ឲ្យប្រជាជនរស់នៅតាមបណ្ដោយស្ទឹងបន្ទាយស្រី បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់នេះ។
 
តាមការព្យាកររបស់ក្រសួងធនធានទឹក កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ពីថ្ងៃទី១៧តុលា រហូតដល់ថ្ងៃទី២១ តុលា ដោយសារតែប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅកម្ពុជាកាន់តែបង្កើនឥទ្ធិពល និងវិសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង បានធ្វើដំណើរមកភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃទី១៧ តុលា។  តាមក្រសួងធនធានទឹក បណ្តាខេត្តភាគពាយ័ព្យ ខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ  នឹងមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត។ ចំណែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ៕
 

រួបភាពពីទំព័រហ្វេសប៊ុកលោក ឃឹម ហ្វីណង់

 

Tag:
 បន្ទាយស្រី
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com