ជាតិ
ឈ្នាង អង្រុត និងឧបករណ៍នេសាទផ្សេងទៀត ក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយម
18, Oct 2020 , 7:59 pm        
រូបភាព
ដោយ:
ឈ្នាង អង្រុត និងត្រក ជាឧបករណ៍នេសាទបែបប្រពៃណីរបស់ប្រជាជនខ្មែរ។ បច្ចុប្បន្នវត្តមានសម្ភារទាំងនេះ មានតិចតួចប៉ុណ្ណោះ នៅតាមតំបន់ស្រុកស្រែចម្ការ។ ការថយចុះនៃរុក្ខជាតិដែលជាវត្ថុធាតុដើមដូចជា រពាក់ ផ្ដៅ ឫស្សី និងខ្លែងគង់ គួបផ្សំមិនសូវមានទីផ្សារផងនោះ ធ្វើឲ្យអ្នកផលិតសម្ភារទាំងនេះ ធ្លាក់ចុះផងដែរ។ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលប្រកបរបរនេះ អ្នកនាង ពៅ សុវណ្ណ បានសម្រេចកែច្នៃឧបករណ៍នេសាទទាំងនេះ ទៅជាវត្ថុអនុស្សាវរីយ៍។
 
អ្នកនាង ពៅ សុវណ្ណ មានស្រុកកំណើតក្នុងខេត្តសៀមរាប បានផ្តើមគំនិតឲ្យមានការកែច្នៃឧបករណ៍នេសាទខ្មែរ មានដូចជាឈ្នាង អង្រុង និងត្រកជាដើម ទៅវត្ថុអនុស្សាវរីយ៍ ក្រោយពេលដែលទីផ្សារឧបករណ៍នេសាទទាំងនេះធ្លាក់ចុះ។ ការចាប់ផ្ដើមអាជីវកម្មមួយនេះ ទើបមានរយៈពេលខ្លីប៉ុណ្ណោះ ចាប់ពីកូវីដ-១៩ បានវាយលុក។អ្ន កនាង ពៅ សុវណ្ណប្រាប់ ThmeyThmey25ថា  មូលហេតុដែលអ្នកនាង ចាប់ផ្ដើមប្រមូលទិញសម្ភារសិប្បកម្មដែលពលរដ្ឋធ្វើនៅក្នុងតំបន់របស់ខ្លួន យកមកលក់បន្តព្រោះតែសម្ភារទាំងនេះមិនសូវមានទីផ្សារ និងតាំងពីដើមមានឈ្មួញកណ្ដាលដែលទិញសម្ភារទាំងនេះទៅលក់បន្តនៅប្រទេសថៃបានទម្លាក់ថ្លៃ។
 
អ្នកនាង ពៅ សុវណ្ណ ដែលមានជីដូន និងម្តាយជាអ្នកធ្វើឧបករណ៍នេសាទទាំងនេះស្រាប់ ហើយនាងក៏ចេះធ្វើវាតាំងពីតូចមកដែរនោះ ក៏ចង់ចូលរួមថែរក្សារបរនេះ ឲ្យគង់វង្សបន្តដែរ។ អ្នកសៀមរាប វ័យ២៩ឆ្នាំរូបនេះ រំឭកថា របរនេះហើយ ដែលបានជួយឲ្យកញ្ញា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផងដែរ។ «ជាផ្នែកមួយដើម្បីជួយឲ្យមនុស្សចាស់ និងស្រ្តីមេផ្ទះ ក្នុងតំបន់នោះ អាចទទួលចំណូលបន្ថែម និងជួយឲ្យទីផ្សារទូលាយជាងមុន។ ម្យ៉ាងការងារនេះជារបរប្រចាំគ្រួសារខ្ញុំ ពីមុនខ្ញុំក៏ជាអ្នកធ្វើ ឈ្នាង ត្រក អង្រុត ដែរ ហើយការងារនេះជួយឲ្យខ្ញុំបានមករៀននៅភ្នំពេញ។ ខ្ញុំធ្លាប់ធ្វើការងារនេះពីមុនមក អ៊ីចឹងខ្ញុំយល់ច្បាស់ពីអារម្មណ៍ពួកគាត់ (គ្មានទីផ្សារ)»។ នេះជាការបន្ថែមរបស់ អ្នកនាង ពៅ សុវណ្ណ។
 
ទោះជាមានចំណេះជំនាញសម្រាប់នៅក្នុងការផលិតឧបករណ៍នេសាទទាំងនេះ ប៉ុន្តែវត្ថុធាតុដើមផលិតកាន់តែខ្សត់ ក(បានក្លាយជាកង្វល់របស់ស្ត្រីវ័យ២៩ឆ្នាំនេះដែរ។ អ្នកនាង ពៅ សុវណ្ណ បញ្ជាក់ថា ការងារនេះ មិនត្រឹមតែត្រូវប្រើពេលវេលាយូរសម្រាប់ធ្វើនោះតែ ប៉ុន្តែបច្ចុប្បន្ន ក៏ពិបាកក្នុងការស្វែងរកវត្ថុធាតុដើម ដូចជាដើម រពាក់ ឫស្សី ខ្លែងគង់ផងដែរ។
 
ទោះបីជាយ៉ាងនេះ ក៏អ្នកនាង ពៅ សុវណ្ណ ឥតរួញរា ក្នុងការបន្តការគំនិតកែច្នៃរបស់ខ្លួនដែរ ព្រោះ យ៉ាងហោចណាស់ ក៏នាងបានជួយឲ្យពលរដ្ឋនៅស្រុកកំណើតមានប្រាក់ចំណូលខ្លះដែរ។ បើតាម អ្នកនាង ពៅ សុវណ្ណ បច្ចុប្បន្នរបរធ្វើឧបករណ៍នេសាទជាវត្ថុអនុស្សាវរីយ៍នេះ កំពុងជួយពលរដ្ឋជាង ២០គ្រួសារ ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាមនុស្សចាស់ និងស្រ្តីមេផ្ទះ ឲ្យមានការងារធ្វើ។ ក្រៅពីវត្ថុអនុស្សាវរីយ៍សម្រាប់ថ្ងៃមង្គលការ ពលរដ្ឋនៅតំបន់នោះក៏មានធ្វើឧបករណ៍នេសាទ ទៅតាមទំហំដែលអ្នកបញ្ជាទិញចង់បានផងដែរ។ បច្ចុប្បន្នកញ្ញា សុវណ្ណ អះអាងថា កិច្ចការនេះ មានការគាំទ្រច្រើនឡើង ខណៈកញ្ញាទទួលបានការបញ្ជាទិញតាមអនឡាញជាហូរហែ និងមានអតិថិជនប្រចាំទទួលទិញទៅលក់នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញដូចជា ផ្សារទួលទំពូង និងផ្សារឈូកមាសជាដើម។ សម្ភារនីមួយៗ មានតម្លៃចាប់ពី ១ ០០០រៀលឡើងទៅ។ នេះបើតាម កញ្ញា ពៅ សុវណ្ណ៕
 











កូនអង្រុត ធ្វើជាវត្ថុអនុស្សាវរីយ៍


ត្រក រូបភាពពីអ្នកនាង សុវណ្ណ


Tag:
 សិប្បកម្ម
 ឈ្នាង
 អង្រុត
 ត្រក
 ពៅ សុវណ្ណ
  ឧបករណ៍នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com