ជាតិ
សង្គមជាតិ
ទឹកកួចនៅស្ទឹងថ្មពួក៖ រកឃើញកូននៅមានជីវិត ខណៈឪពុក បាត់ខ្លួន
19, Oct 2020 , 1:15 pm        
រូបភាព
ស្ថានភាពទឹកអាងស្ទឹងថ្មពួក ថតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ដោយលោក ឌៀប ឈួន អភិបាលស្រុកថ្មពួក (រូបពីគណនីហ្វេសប៊ុក Deap Chhoun)
ស្ថានភាពទឹកអាងស្ទឹងថ្មពួក ថតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ដោយលោក ឌៀប ឈួន អភិបាលស្រុកថ្មពួក (រូបពីគណនីហ្វេសប៊ុក Deap Chhoun)
ដោយ: ថ្មីៗ
ក្មេងប្រុស ដែលត្រូវកម្លាំងទឹកកួចយកទៅជាមួយឪពុក ក្នុងស្ទឹងថ្មពួក នៅស្រុកថ្មពួក ខេត្តបន្ទាយជ័យ ត្រូវបានសមត្ថកិច្ច រកឃើញហើយ ហើយនៅមានជីវិត តែចំពោះឪពុក សមត្ថកិច្ច រកមិនទាន់ឃើញនៅឡើយទេ។ នេះបើតាមអ្នកស្រី មិញ សុភា ជាសាច់ញាតិរបស់បុរសនិងក្មេងប្រុសដែលត្រូវទឹកកួចនោះ។


អ្នកស្រី មិញ សុភា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៩ ខែតុលា ថា ក្មេងប្រុសនោះ អាយុ១១ឆ្នាំ ហើយឪពុករបស់ក្មេង មានអាយុ៥៨ឆ្នាំ។ អ្នកស្រី បន្តថា សមត្ថកិច្ច បានរកឃើញក្មេងប្រុសនោះ កាលពីម៉ោងប្រមាណ១១ទៅម៉ោង១២យប់ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។ អ្នកស្រី មានប្រសាសន៍ថា៖«[ក្មេងនោះ] គេ ជួយសង្គ្រោះបានហើយ ហើយឥឡូវចេញពីមន្ទីរពេទ្យទៅផ្ទះហើយ តែនៅឪពុក [ដែលមិនទាន់រកឃើញ]»។

លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗថា ក្មេងប្រុសនោះ ត្រូវបានជួយសង្គ្រោះហើយ ដោយនៅឪពុក ដែលរកមិនទាន់ឃើញ។ លោក មានប្រសាសន៍ថា៖«កូន ចេះហែល គាត់ហែលមកច្រាំងវិញ តែឪពុក មិនទាន់ដឹងថាម៉េចទេ»។

អ្នកស្រី មិញ សុភា បន្ថែមថា ឪពុកកូនទាំងពីរនាក់នោះ សុទ្ធតែចេះហែលទឹក។ អ្នកស្រី និយាយថា៖«គាត់ [ជាឪពុក] ចេះហែលដែរ តែកម្លាំងទឹកខ្លាំង មិនដឹងយ៉ាងម៉េច»។ បើតាមអ្នកស្រី ឪពុកកូនទាំងពីរនាក់ ត្រូវកម្លាំងទឹកកួចយកទៅ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា។

អ្នកស្រី មិញ សុភា ប្រាប់ថា អ្នកស្រី ត្រូវជាបងស្រីបង្កើតរបស់អ្នកស្រី មិញ សុភី ជាភរិយារបស់បុរស ដែលត្រូវទឹកកួចនោះ។ សារព័ត៌មានថ្មីៗ មិនអាចសួរព័ត៌មានបន្ថែមពីអ្នកស្រី មិញ សុភី ជុំវិញដំណឹងស្វាមីរបស់អ្នកស្រីបានឡើយ ដោយសារតែហៅទូរស័ព្ទទៅអ្នកស្រីមិនចូល។

អ្នកស្រី មិញ សុភា បានឲ្យដឹងទៀតថា មានកម្លាំងបីក្រុម គឺកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និង ក្រុមប្រជាពលរដ្ឋ កំពុងបន្តតាមរកបុរសជាឪពុក ដែលបាត់ខ្លួននោះ។

ក្មេងប្រុសម្នាក់ទៀតអាយុ១២ឆ្នាំ ដែលត្រូវជាបងរបស់ក្មេងប្រុសអាយុ១១ឆ្នាំនោះ និយាយជាមួយអ្នកសារព័ត៌មាន C007 FB Online ក្នុងការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក (Live) ថា មុនដំបូង ទឹកកួចយកទូកនិងប្អូនរបស់គេទៅ បន្ទាប់មក ឪពុករបស់គេ ក៏ស្ទុះទៅជួយ ហើយក៏ត្រូវទឹកកួចយកទៅដែរ។

បុរសម្នាក់ ដែលបានឃើញហេតុការណ៍នេះ រៀបរាប់ថា ទូកនោះ ត្រូវបានចងទុកនៅគល់ស្ពាន បន្ទាប់មកឪពុកកូនទាំងបីនាក់ ក៏ស្រាយទូក ហើយពេលនោះ ដោយសារតែកម្លាំងទឹកហូរខ្លាំង ទូកនិងក្មេងប្រុសអាយុ១១ឆ្នាំ ក៏ហូរទៅតាមបណ្តោយទឹកតែម្តង។

បុរសនោះ បន្តថា បុរសជាឪពុក បានស្ទុះទៅចាប់កូនប្អូន តែត្រូវកម្លាំងទឹក នាំយកទៅដែរ។ បុរសខាងលើ បន្ថែមថា ពេលនោះ អ្នកភូមិ បានទៅចាប់ក្មេងប្រុសអាយុ១២ឆ្នាំជាបង ទាន់ពេល។ បុរសដដែលនោះ និយាយថា៖«អាអូន [ជាបងនេះ] កុំអី [ទឹកកួច] ទៅដែរហើយ»។

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ខេត្តបន្ទាយមានជ័យ មានមនុស្ស១៤នាក់ (កុមារ៣នាក់) បានស្លាប់ដោយសារលង់ទឹក និង១នាក់បាត់ខ្លួន (ទំនងសំដៅលើបុរសខាងលើ ដែលត្រូវទឹកកួចក្នុងស្ទឹងថ្មពួក)។

ចំណែករបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា គិតត្រឹមថ្ងៃទី១៩ ខែតុលានេះ មានពលរដ្ឋ២៥នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះទឹកជំនន់ ដោយក្នុងនោះ ខេត្តបន្ទាយមានជ័យ មាន១៥នាក់ ខេត្តព្រះសីហនុ មាន២នាក់ ខេត្តពោធិ៍សាត់ មាន៣នាក់ ខេត្តប៉ៃលិន មាន១នាក់ និង ខេត្តកំពង់ធំ មាន៤នាក់៕

Tag:
 គ្រោះទឹកជំនន់
  ទឹកកួច
© រក្សាសិទ្ធិដោយ thmeythmey.com